បក្សប្រឆាំង លើកយកបញ្ហាប្រជាធិបតេយ្យ និងការបោះឆ្នោតប្រាប់អ្នករាយការណ៍ពិសេសUN

នយោបាយ

គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន លើកយកបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងទំនុកចិត្តក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រាប់ទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោក ថម អេនឌ្រូ (Thom Andrew) អំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលកជិតពីរសប្ដាហ៍។

ការជួបជជែកគ្នាជាមួយបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសលោក ថម អេនឌ្រូ បានជួបជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលបានប្រាប់ថា រដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពពេញលេញជូនពលរដ្ឋ។

សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ថ្លែងថា បក្សរបស់លោក បានលើកយកការដើរថយក្រោយនៃនីតិរដ្ឋ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក្រោយការរំលាយបក្សសង្រ្គោះជាតិ ប្រាប់ទៅលោក អេនឌ្រូ។ បន្ថែមពីលើនេះ លោក មុនីកា ក៏បង្ហាញក្ដីបារម្ភចំពោះការបោះឆ្នោតនៅពេលខាងមុខ ថាតើមានយុត្តិធម៌ និងសេរីត្រឹមកម្រិតណា។

លោកនិយាយថា៖ «យើងមានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការអនុវត្តនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បើទោះបីជាការអនុវត្តនៃសិទ្ធិសេរីភាពហ្នឹង ធ្វើឡើងនៅក្នុងក្របខណ្ឌច្បាប់ក៏ដោយ នៅតែមានបញ្ហានៃការបំភិតបំភ័យ គាបសង្កត់ឈានទៅរកការចាប់ខ្លួនសកម្មជន ក៏ដូចជាពលរដ្ឋទូទៅ ដែលបង្ហាញក្ដីបារម្ភរបស់ខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន បញ្ហាស្កេមអនឡាញ»។

ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ស្ថានភាពនយោបាយ និងការប្រកួតប្រជែងក្នុងការបោះឆ្នោត បញ្ហាប្រឈមជាក់ស្ដែង និងផលប៉ះពាល់លើដំណើរការបោះឆ្នោតនាពេលខាងមុខ។

ជាងនេះទៅទៀត លោកក៏បានផ្ដល់យោបល់ដើម្បីកែលម្អសិទ្ធិមនុស្សនៅកម្ពុជាជូនលោក ថម អេនឌ្រូ ផងដែរ។

លោក សុវណ្ណារ៉ា បន្តថា៖ «ក៏បានរៀបចំជារបាយការណ៍សង្ខេបមួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនយោបាយ បរិយាកាសមុនការបោះឆ្នោតនៅកម្ពុជា ដោយចង់ឃើញការបោះឆ្នោតនាពេលខាងមុខ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព អាចទទួលយកបាន ជាមួយនឹងអនុសាសន៍ផ្សេងៗ ជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផងដែរ»។

ចំណែកអនុប្រធានគណបក្សកម្លាំងជាតិលោក សុខ គឹមសេង មានប្រសាសន៍ថា ​បក្សកម្លាំងជាតិបានជម្រាបលោក អេនឌ្រូ អំពីស្ថានភាពនៃសេរីភាព និងសិទ្ធិធ្វើនយោបាយនៅកម្ពុជា និងចង់ឃើញស្ថាប័នរៀបចំការបោះឆ្នោតមានភាពឯករាជ្យ។

ក្រៅពីនេះ លោក គឹមសេង ក៏ស្នើឱ្យអ្នករាយការណ៍ពិសេសជំរុញទៅកាន់រដ្ឋាភិបាលឱ្យដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនដីធ្លីជាដើម ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានាថា រាល់ការបញ្ចេញមតិ និងធ្វើនយោបាយ ត្រូវបានគោរពសិទ្ធិក្នុងប្រទេសកម្ពុជា។

លោកនិយាយថា៖ «ជួយជំរុញនិងដោះលែងអ្នកដែលជាប់ឃុំ សកម្មជននយោបាយ ថ្នាក់ដឹកនាំនយោបាយ ជាពិសេសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី ក៏ដូចជាសកម្មជនបរិស្ថានមួយចំនួនដើម្បីធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ជាពិសេសគឺការគោរពសិទ្ធិនៅប្រទេសកម្ពុជា»។

កាលពីពេលថ្មីៗនេះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រាប់អ្នករាយការណ៍ពិសេសលោក ថម អេនឌ្រូ ថា រដ្ឋាភិបាលកម្ពុជាទាំងពេលនេះ និងពេលមុន បានបើកសិទ្ធិពេញលេញជូនពលរដ្ឋក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវស្ថិតក្រោមក្របខណ្ឌច្បាប់។

ប្រធានបក្សកាន់អំណាចរូបនេះ ក៏បានអះអាងនៅចំពោះមុខអ្នករាយការណ៍ពិសេសផងដែរថា គ្មានប្រទេសណាអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អឥតខ្ចោះនោះទេដោយសង្កត់ធ្ងន់ថា រាល់ចំណុចខ្វះខាត នឹងត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។

បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ១២៥ នាក់ហើយ ត្រូវបានតុលាការចោទ ប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3330}" data-page="1" data-max-pages="1" data-start="1" data-end="1">