ពលរដ្ឋភៀសសឹករំលឹកខួបមួយឆ្នាំនៃការឈ្លានពានរបស់ថៃ ដោយចង់ត្រឡប់ទៅផ្ទះវិញ

សង្គម

(ពលរដ្ឋភៀសសឹកទទួលអំណោយពីសប្បុរសជនកាលពីពេលកន្លងទៅ)រូបភាព វ៉ា សុភានុត)។

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ជាថ្ងៃដែលយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ដោយទម្លាក់គ្រាប់បែកពីយន្តហោះចំបាំងជាដើម ធ្វើឱ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន។

មួយឆ្នាំកន្លងផុតទៅ និងបើទោះបីជាប្រទេសកម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ក៏ដោយ យោធាថៃនៅបន្តរាយបន្លាលួស ដាក់ទូរកុងតឺន័រ កសាងហេដ្ឋារចនាសម្ព័ន្ធ ចូលក្នុងដែនអធិបតេយ្យកម្ពុជានៅតាមបណ្ដាខេត្តមួយចំ​នួនជាប់បន្ទាត់ព្រំដែន។ ការណ៍នេះ រដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាយ៉ាងដាច់អហង្ការចំពោះការឈ្លានពាននេះ និងអំពាវនាវឱ្យភាគីថៃចូលតុចរចា ដោះស្រាយតាមយន្តការគណៈកម្មាធិការព្រំដែនគោកចម្រុះ (JBC) ដោយសន្តិវិធី។

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសូងការបរទេស កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មីម្ដងទៀត ដោយចាត់ទុកសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃដែលចូលឈូសឆាយធ្វើផ្លូវថ្មីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាការរំលោភបំពានអធិបតេយ្យកម្ពុជា។ ក្រសួងការបរទេសស្នើឱ្យភាគីថៃដោះស្រាយតាមយន្តការគណៈកម្មាធិការព្រំដែនគោកចម្រុះ (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
ពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី នង ពៅ និយាយថាមួយឆ្នាំកន្លងមកនេះ អ្នកស្រីនៅតែចាំមិនភ្លេចនូវការឈ្លានពានពីសំណាក់យោធាថៃ ដែលធ្វើឱ្យអ្នកស្រីបង្ខំចិត្តចាកចោលផ្ទះសម្បែងមកតាំងលំនៅបណ្ដោះអាសន្ននៅទីឆ្ងាយ ដោយមិនដឹងថាថ្ងៃណាទើបអាចត្រឡប់ទៅវិញឡើយ។ អ្នកស្រីត្អូញត្អែរថាជីវិតនៅនៅតំបន់ភៀសសឹកហាក់មានភាពរសាត់អណ្ដែត ព្រោះអ្វីៗត្រូវចាប់ផ្ដើមសាជាថ្មីម្ដងទៀត។

អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមលើរដ្ឋាភិបាលឱ្យគាត់ដោះស្រាយឆាប់ៗ ដើម្បីអាចឱ្យពួកខ្ញុំត្រឡប់ទៅផ្ទះវិញព្រោះទិដ្ឋភាពដែលយើងបានទៅមើលដីយើង ឃើញតែដំបូលផ្ទះលឹមៗ ព្រៃដុះណែនតាន់តាប់។ វារកនិយាយអ្វីមិនត្រូវ។ ក្នុងអារម្មណ៍យើងដិតដាមមិនថាយប់មិនថាថ្ងៃ យើងនៅតែដេកបើកភ្នែកមក យើងនឹកឃើញតែផ្ទះយើង ហើយហេតុអ្វីបានរឿងវាកើតឡើងមកអីចឹង»។

នៅចំថ្ងៃខួបមួយឆ្នាំនេះដែរ តារាសម្ដែងហូលីវូដដ៏ល្បី អ្នកស្រី អេនជេលីណា ជូលី (Angelina Jolie) ក៏បង្ហាញក្ដីអាណិតអាសូរដល់ប្រជាពលរដ្ឋកម្ពុជាលើបណ្ដាញសង្គម ដោយលើកឡើងថាជម្លោះព្រំដែនកម្ពុជា និងថៃបានធ្វើឱ្យពលរដ្ឋកម្ពុជាបាត់បង់ស្ថិរភាព និងសុវត្ថិភាព ក្នុងនោះពលរដ្ឋប្រមាណ៣ម៉ឺននាក់នៅមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានបាននៅឡើយ។

អ្នកស្រីសរសេរថា៖ «ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។

គួររម្លឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ទាហានកម្ពុជាម្នាក់គឺលោកព្រឹន្ទបាលឯក សួន រោន ត្រូវបានយោធាថៃបាញ់សម្លាប់​ក្នុងភូមិសាស្រ្តតំបន់មុំបី ខេត្តព្រះវិហារ ដែលភាគីថៃអះអាងថាទាហានកម្ពុជាបានលបឆ្លងចូលទឹកដីថៃខុសច្បាប់ ប៉ុន្តែកម្ពុជាបដិសេធ។ ភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់នៅតាមបន្ទាត់ព្រំដែន ក្រោយពីមានការបង្កហេតុ និងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា​​ និងថៃនេះ។

មុនប្រើប្រាស់កម្លាំងយោធាមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៣ កក្កដា ភាគីថៃ បានទម្លាក់ទំនាក់ទំនងការទូតទ្វេភាគី និងបានកោះហៅអគ្គរាជទូត និងមន្ត្រីទូតថៃ ចេញពីកម្ពុជាទៅប្រទេសខ្លួនវិញ។ ព្រឹត្តិការណ៍នេះកើតឡើង បន្ទាប់ពីភាគីថៃអះអាងថាទាហានរបស់ខ្លួនដើរជាន់មីន ដែលត្រូវបានទាហានខ្មែរលួចបង្កប់។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃនេះ។

យោងតាមក្រសួងការពារជាតិកម្ពុជា ភាគីថៃចាប់ផ្ដើមវាយប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ នៅវេលាម៉ោង០៨:៤៦ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគិរីស្វារៈ ដែលកងទ័ពកម្ពុជាកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ជម្លោះបានកើតឡើងជាលើកទី២ ដែលមានរយៈពេល២១ថ្ងៃ គិតចាប់ថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយភាគីថៃរំលោភបទឈប់បាញ់ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជម្លោះនេះបានធ្វើឱ្យកងទ័ព និងជនស៊ីវិលបាត់បង់ជីវិតទាំងសងខាង និងបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាជាង៦០ម៉ឺននាក់ចាកចេញពីភូមិកំណើតទៅរស់នៅជុំរំភៀសសឹកបណ្ដោះអាសន្ន។ 

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា លើកឡើងថា មួយឆ្នាំកន្លងផុតទៅការឈ្លានពានពីសំណាក់យោធាថៃបានបន្សល់នូវស្នាមរបួសនៃការឈឺចាប់និងកំហឹងនៅតែចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងកូនខ្មែរគ្រប់រូប។​ លោកចាត់ទុកការឈឺចាប់នេះជាការដាស់ស្មារតីប្រជាជាតិខ្មែរឱ្យដឹងពីចំណុចខ្សោយរបស់ខ្លួន និងទាញជាមេរៀនមកអភិវឌ្ឍខ្លួន និងប្រទេសជាតិ។

លោកយល់ថា៖ «ការរំឭកខួបគម្រប់មួយឆ្នាំនៃសង្គ្រាមឈ្លានពាននេះ មិនត្រឹមតែជាការដាស់ស្មារតីជាតិរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់យើងទាំងអស់គ្នាធ្វើតុល្យការ វាយតម្លៃភាពខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន ព្រមទាំងទាញយកមេរៀនជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព»។ 

លោកបន្ថែមថាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិឱ្យកាន់តែមានប្រសិទ្ធភាព កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ជាតិស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ ជាបឋម កម្ពុជាត្រូវកសាងសមត្ថភាពការពារជាតិឱ្យមានកម្លាំងពិតប្រាកដ មានភាពទំនើប មានវិន័យ និងអាចទប់ស្កាត់ ព្រមទាំងឆ្លើយតបនឹងការឈ្លានពានគ្រប់រូបភាព។

លោកថា៖ «ទន្ទឹមនឹងនេះ កម្ពុជាត្រូវបន្តពង្រឹងការទូតប្រកបដោយវិជ្ជាជីវៈ ប្រើប្រាស់យន្តការច្បាប់អន្តរជាតិឱ្យមានប្រសិទ្ធភាព និងរៀបចំឯកសារ ផែនទី ភស្តុតាងប្រវត្តិសាស្ត្រ និងទឡ្ហីករណ៍ផ្លូវច្បាប់ឱ្យបានរឹងមាំនិងជាប្រព័ន្ធ។ កម្ពុជាក៏ត្រូវបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិ ធ្វើពិពិធកម្មទីផ្សារ បណ្ដាញដឹកជញ្ជូន ប្រភពថាមពល និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការពឹងផ្អែកជ្រុលលើប្រទេសណាមួយ។ យើងត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ឱ្យបានជាដាច់ខាត។

ចំណែកអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក សេង វណ្ណលី លើកឡើងថាការណ៍ដែលថៃបន្តធ្វើសកម្មភាពកសាងផ្លូវ និងរាយបន្លាលួសចូលទឹកដីខ្មែរបានរហូតមកដល់ពេលនេះ បង្ហាញពីគម្លាតរវាងការប្តេជ្ញាចិត្តតាមផ្លូវនយោបាយ និងសមត្ថភាពការពារដែនដីជាក់ស្តែងរបស់កម្ពុជា។ លើសពីនេះ លោកថា ការមិនទាន់អាចធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យត្រឡប់ទៅរស់នៅលំនៅដ្ឋានដើមវិញបាន បន្ទាប់ពីពេលវេលាអូសបន្លាយជាយូរ គឺជាការខកខានដ៏ធំមួយក្នុងការបំពេញភារកិច្ចមូលដ្ឋានរបស់រដ្ឋាភិបាលក្នុងការការពារសន្តិសុខ និងជីវភាពរបស់ពលរដ្ឋខ្លួន។

លោកមានប្រសាសន៍ថា៖ «ការពឹងផ្អែកខ្លាំងលើការចេញសេចក្តីថ្លែងការណ៍ ដោយខ្វះយន្តការអន្តរជាតូបនីយកម្ម ឬការដាក់សម្ពាធតាមផ្លូវច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ត្រូវបានគេមើលឃើញថាជាទម្រង់នៃការឆ្លើយតបដែលខ្វះកម្លាំង»។

លោកថាសកម្មភាពរបស់យោធាថៃនៅតាមបន្ទាត់ព្រំដែន ឆ្លុះបញ្ចាំងពីការប្រកាន់យកនយោបាយឯកតោភាគី ដែលរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព និងបទដ្ឋានអន្តរជាតិ។ លោកចាត់ទុកថា៖ «សកម្មភាពទាំងនេះថាមិនត្រឹមតែជាការខ្វះឆន្ទៈក្នុងការដោះស្រាយបញ្ហាតាមផ្លូវការទូតដោយស្មោះត្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតសម្ពាធយោធាលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្វើឱ្យបរិយាកាសនៃការចរចាបាត់បង់តុល្យភាព និងការទុកចិត្តគ្នា»។

បើទោះជាកម្ពុជា និងថៃបានឯកភាពលើបទឈប់បាញ់តាំងពីចុងឆ្នាំ២០២៥ ប៉ុន្តែជាងកន្លះឆ្នាំមកនេះ ដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរហាក់នៅសែនឆ្ងាយ ប៉ុន្តែពេលខ្លះស្ទើរតែផ្ទុះអាវុធដាក់គ្នាម្តងៗ ដោយសារតែសកម្មភាពរំលោភបំពានបទឈប់បាញ់របស់ភាគីថៃ។ ចំណែកនៅលើផ្លូវការទូតវិញ ថៃបានយកលេសជាបន្តបន្ទាប់មិនព្រមចូលតុចរចាជាមួយកម្ពុជាពីបញ្ហាព្រំដែនគោកតាមយន្តការដែលមានស្រាប់នោះឡើយ ហើយថែមទាំងបានសម្រេចលុបចោល MOU ស្តីពីដំណោះស្រាយព្រំដែនសមុទ្រជាមួយកម្ពុជាទៀតផង។ ហើយបច្ចុប្បន្ននេះ ថៃនៅតែបន្តរកលេសមិនព្រមចូលតុចរចាដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជានោះទេ ដោយចោទថា គឺដោយសារកម្ពុជាបាននាំយកបញ្ហាព្រំដែនសមុទ្រទៅដោះស្រាយតាមយន្តការរបស់ UNCLOS។ 

បែបនេះក្តី នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងប្រាប់កាសែត Bloomberg របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ការដែលភាគីថៃផ្អាកពិភាក្សាពីបញ្ហាព្រំដែនគោក ដោយសារកម្ពុជាប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិជារឿងមិនយុត្តិធម៌សម្រាប់កម្ពុជានោះទេ។ លោកថ្លែងថា មូលហេតុដែលកម្ពុជាប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិលើបញ្ហាដែនសមុទ្រ គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១។
លោកថ្លែងប្រាប់ Bloomberg ថា៖ «ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការជាមួយអតីតនាយករដ្ឋមន្ត្រីថៃពីររូបផងដែរ។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល MOU នេះក៏ដោយ ថៃនៅតែសម្រេចលុបចោល។ ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3333}" data-page="1" data-max-pages="1" data-start="1" data-end="1">