លោក កឹម សុខា៖ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរ រងការរំលោភបំពានធ្ងន់ធ្ងរពីថៃឈ្លានពាន

នយោបាយ

អតីតអនុប្រធានទី១រដ្ឋសភានិងជាមេបក្សប្រឆាំងដែលទើបតែរួចពីឃុំឃាំងនៅក្នុងផ្ទះ លោក កឹម សុខា លើកឡើងថា ពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់ កំពុងរងការរំលោភសិទ្ធិមនុស្សមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិរស់រាន លំនៅឋាន ប្រកបមុខរបរ និងសិទ្ធិទទួលបានការអប់រំជាដើម ដោយការឈ្លានពានរបស់ថៃ។លោកថ្លែងបែបនេះទៅកាន់បណ្ដាជននៅជំរំភៀសសឹកមួយក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។

លោក កឹម សុខា ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកលើកដំបូងនៅខេត្តបន្ទាយមានជ័យក្រោយការជាប់ឃុំអស់រយៈពេលជិត ១០ឆ្នាំ។

បើតាមឃ្លីបវីដេអូដែលប្រជាកាសែតទទួលបាន លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋភៀសសឹកថា លោកនឹងព្យាយាមរកដំណោះស្រាយតាមរយៈយន្តការអន្តរជាតិ ដោយប្រាប់ឱ្យជួយពលរដ្ឋខ្មែរឱ្យឆាប់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ជាពិសេសដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ។

លោកបន្ថែមថា កន្លងមក លោកបានប្រាប់ប្រទេសជាមិត្តដែលស្រឡាញ់សិទ្ធិមនុស្សផងដែរថា ពលរដ្ឋខ្មែរភៀសសឹកកំពុងរងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិលំនៅឋាន សិទ្ធិចិញ្ចឹមជីវិត សិទ្ធិរស់រាន សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការអប់រំរបស់កុមារជាដើម ដោយសារការឈ្លានពានរបស់ថៃ។

លោកនិយាយថា៖ «ថ្ងៃនេះ ខ្ញុំបានមកឃើញផ្ទាល់ទៀតនូវការលំបាករបស់បងប្អូន ទៅវិញប្រាប់ឱ្យគេ (សហគមន៍អន្តរជាតិ) មកជួយបងប្អូនទៀត ជួយមិនមែនតែបងប្អូនជួបប្រទះតែមួយមុខទេ ជួយដោះស្រាយបញ្ហាព្រំដែននេះ បញ្ហាអធិបតេយ្យភាព បញ្ហាទឹកដីយើងនេះ។ ទោះបីខ្ញុំមិនមែនតំណាងរដ្ឋាភិបាលដែលត្រូវដោះស្រាយ តែខ្ញុំជំរុញឱ្យមិត្តទាំងឡាយណាដែលគេចង់ជួយខ្មែរ សូមជួយបញ្ចប់ជម្លោះហ្នឹងទៅ។ រក្សាទឹកដីផ្ទះសម្បែងឱ្យមកបងប្អូនវិញមក ទៅវិញខ្ញុំសុំគេទៀត»។

ជុំវិញការលើកឡើងនេះ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ការថ្លែងរបស់លោក កឹម សុខា ជាសញ្ញាដ៏ល្អក្នុងការរួមចំណែកលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកដែលកំពុងរស់នៅយ៉ាងលំបាក។

លោកនិយាយថា៖ «យើងយល់ឃើញថា នយោបាយឥតកែប្រែរបស់លោកប្រធាន កឹម សុខា ពាក់ព័ន្ធជាមួយនឹងការគោរពសិទ្ធិមនុស្ស។ ដូច្នេះជារឿងមួយដ៏ល្អដែលលោកចូលរួមចំណែកលើកកម្ពស់ លើកទឹកចិត្តដល់បងប្អូនជនភៀសសឹកខ្មែរ ដែលកំពុងតែពិបាករស់នៅក្នុងជំរំសព្វថ្ងៃ»។

ចំណែកអ្នកវិភាគនយោបាយលោក មាស នី មានប្រសាសន៍ថា ការចុះជួបពលរដ្ឋភៀសសឹករបស់លោក កឹម សុខា គ្រាន់តែជាការអនុវត្តសិទ្ធិរបស់ពលរដ្ឋធម្មតា ព្រោះច្បាប់បានរារាំងលោកក្នុងការធ្វើនយោបាយហើយ។

លោកនិយាយថា៖ «បើគាត់គ្រាន់តែទៅជួបពលរដ្ឋធម្មតា អាហ្នឹងជាសិទ្ធិសាមញ្ញរបស់គាត់ដែលជាមន្ត្រីអ្នកនយោបាយដែលគេស្គាល់ច្រើន សំខាន់កុំឱ្យតែគាត់ឆ្លៀតឱកាសនេះយកធ្វើសារនយោបាយ អាហ្នឹងបានវាខុស»។

នៅមុនពេលចុះជួបពលរដ្ឋភៀសសឹក លោក កឹម សុខា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងពីបំណងចង់ឃើញការផ្សះផ្សាជាតិ និងប្រាប់មន្ត្រី UN រូបនេះឱ្យជួយពលរដ្ឋខ្មែរភៀសសឹកដែលកំពុងរងការរំលោភសិទ្ធិមនុស្សដោយសារសង្គ្រាមព្រំដែនខ្មែរ-ថៃ។

កាលពីចុងខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសជាប់ពន្ធនាគារ ២៧ឆ្នាំ ប៉ុន្តែទោសបន្ថែមពាក់ព័ន្ធនឹងសិទ្ធិធ្វើនយោបាយ រួមទាំងបម្រាមចេញទៅក្រៅប្រទេសរយៈពេល ៥ឆ្នាំ នៅដដែល។

យ៉ាងណា នៅមួយថ្ងៃមុនការជួបជជែកគ្នារវាងអតីតមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស UN លោក អេនឌ្រូ ព្រះមហាក្សត្របានត្រាស់បង្គាប់លើកលែងទោសបន្ថែមលោក កឹម សុខា ត្រង់ចំណុចហាមចាកចេញទៅក្រៅប្រទេស ដែលបានន័យថា លោក សុខា អាចធ្វើដំណើរទៅក្រៅប្រទេស ចាប់ពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ តទៅ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3382}" data-page="1" data-max-pages="1" data-start="1" data-end="1">