ព្រះវិហារ៖ ក្នុងបន្ទប់រៀនមួយនៃវិទ្យាល័យស្រអែម ស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃ សំឡេងផ្ទុះដ៏កក្រើកមួយបានលាន់ឮឡើង នាវេលាប្រមាណម៉ោង ១ រសៀល។ រំពេចនោះ សិស្សថ្នាក់ទី១២ ដែលកំពុងសិក្សា បានស្រែកភ័យស្លន់ស្លោ ហើយអ្នកខ្លះស្រវេស្រវាប្រមូលសម្ភារ បម្រុងចាកចេញពីសាលាភ្លាមៗ ដោយគិតថាស្ថានការណ៍ប្រយុទ្ធនៅតាមព្រំដែនបានផ្ទុះឡើងជាថ្មី។
ប៉ុន្តែការពិត សំឡេងផ្ទុះនោះមិនមែនជាការបាញ់ប្រហារពីសមរភូមិទេ។ តែវាជាការបំផ្ទុះសំណល់គ្រាប់ដែលនៅសេសសល់ពីការបាញ់ផ្លោងកន្លងមក ដោយក្រុមការងារស៊ីម៉ាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ហេតុការណ៍នេះបានបង្ហាញយ៉ាងច្បាស់ពីការភ័យព្រួយដែលនៅតែដក់ជាប់ក្នុងចិត្តសិស្សានុសិស្សនៅតំបន់ព្រំដែន។
គ្រូបន្ទុកថ្នាក់ទី១២ នៅវិទ្យាល័យស្រអែម មួយរូប លោក ចារ្យ ស ដែលរំលឹកពីហេតុការណ៍នោះ ថ្លែងថា បន្ទាប់ពីភាពតានតឹងនៅតាមព្រំដែនកើតឡើង ការផ្ដោតអារម្មណ៍លើការសិក្សារបស់សិស្សមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ លោកសង្កេតឃើញថា សិស្សជាច្រើនមានការព្រួយបារម្ភ និងពិបាកផ្ដោតលើមេរៀន ជាពិសេសនៅពេលទទួលបានព័ត៌មានពីមាត់មួយទៅមាត់មួយ ឬព័ត៌មានមិនផ្លូវការដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
លោក លើកឡើងថា មុនពេលមានភាពតានតឹងតាមព្រំដែន សិស្សមានភាពសកម្ម និងផ្ដោតអារម្មណ៍ល្អជាងបច្ចុប្បន្ន។ ប៉ុន្តែក្រោយមក ព័ត៌មានអំពីស្ថានការណ៍នៅជួរមុខ និងការផ្សព្វផ្សាយព័ត៌មានក្រៅផ្លូវការលើបណ្ដាញសង្គម បានជំរុញឱ្យពួកគេជជែកគ្នាក្នុងថ្នាក់ និងបាត់បង់ការយកចិត្តទុកដាក់លើការសិក្សា។
លោក និយាយថា «ដោយសារខ្ញុំបង្រៀនផ្ទាល់ជាមួយពួកគាត់ ហើយមុនសង្គ្រាមនិងក្រោយសង្គ្រាមគឺខុសគ្នា។ ភាគច្រើនពួកគាត់មានការភ័យព្រួយចំពោះស្ថានការណ៍ ពិសេសស្ថានការណ៍ដែលគាត់បានមើលតាមបណ្ដាញសារព័ត៌មានផ្សេងៗ នៅពេលដែលគេបង្ហោះថា ថ្ងៃនេះ ខ្ញុំត្រូវត្រៀមកន្លែងនេះហើយ ត្រូវត្រៀមកន្លែងនោះហើយ។ អ៊ីចឹងហើយពួកគាត់ព្រួយបារម្ភ អារម្មណ៍អត់មូលក្នុងការរៀន»។
លោក បន្ថែមទៀតថា មិនត្រឹមតែសំឡេងផ្ទុះប៉ុណ្ណោះទេ សូម្បីតែសំឡេងផ្គររន្ទះក៏អាចធ្វើឱ្យសិស្សមួយចំនួនមានអារម្មណ៍តក់ស្លុតផងដែរ។
ដើម្បីជួយកាត់បន្ថយអារម្មណ៍សិស្ស គ្រូបង្រៀនរូបនេះ ព្យាយាមលើកទឹកចិត្ត និងពន្យល់អំពីវិធានការសុវត្ថិភាព។ លោក ចារ្យ ស បានពន្យល់សិស្សថា កុំគិតច្រើន ប្រសិនបើមានស្ថានការណ៍គ្រោះថ្នាក់កើតឡើង កងកម្លាំងនៅជួរមុខនឹងផ្ដល់ព័ត៌មានជាមុន ហើយសាលាក៏បានរៀបចំផែនការបញ្ជូនសិស្សទៅកាន់ទីតាំងសុវត្ថិភាពដែរ។
ក្នុងចំណោមសិស្សប្រមាណ ៧០ នាក់ ដែលលោកទទួលបន្ទុក មានសិស្សចំនួន ១៥ នាក់ដែលឪពុកជាទាហាននៅជួរមុខ។ សម្រាប់សិស្សក្រុមនេះ លោកថា ការព្រួយបារម្ភមានកម្រិតខ្ពស់ជាងគេ ព្រោះពួកគេទទួលបានព័ត៌មានដោយផ្ទាល់ពីឪពុក ឬសាច់ញាតិដែលកំពុងស្ថិតនៅតំបន់ប្រឈម។ យ៉ាងណា ពួកគេក៏បានត្រៀមខ្លួន និងការយល់ដឹងអំពីស្ថានការណ៍ច្រើនជាងសិស្សដទៃផងដែរ។
ភាពតានតឹងនេះមិនត្រឹមតែប៉ះពាល់ដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រូបង្រៀនដូច លោក ចារ្យ ស ដែរ ដោយលោកផ្ទាល់ក៏ត្រៀមសម្ភារ និងថវិកាមួយចំនួនសម្រាប់ករណីត្រូវជម្លៀសទៅកន្លែងមានសុវត្ថិភាព។
បើតាមក្រសួងព័ត៌មាន មានវិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានមិនពិត រួមមាន ពិនិត្យប្រភព; ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយស្ថាប័នព័ត៌មានដទៃទៀត; ត្រិះរិះពិចារណាពេលអាន; ពិនិត្យភស្ដុតាង (សម្ដីអ្នកជំនាញ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់); សង្កេតរូបភាព (ក្លែងក្លាយ ឬកាត់ត); និងតើស្ដាប់ទៅសមហេតុផល ឬអត់។
ក្រសួងព័ត៌មាន ឱ្យដឹងដែរថា ក្នុងអំឡុងពេលឈ្លានពានពីថៃលើកទី២ គិតត្រឹមថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានព័ត៌មានក្លែងក្លាយចំនួន ២១៨ ករណី ដែលថៃបានបង្កើតឡើង ដើម្បីបំភ្លៃ ប្រឌិតខុសពីការពិត ក្នុងគោលបំណងបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។
រីឯនាយករងវិទ្យាល័យស្រអែម លោក ស៊ុន ប៊ុនធី លើកឡើងថា សិស្សានុសិស្សនៅមិនទាន់អាចបំបាត់ក្ដីបារម្ភអំពីស្ថានការណ៍ព្រំដែនបាននៅឡើយទេ។ លោក កត់សម្គាល់ថា សិស្សភាគច្រើនទទួលបានព័ត៌មានពីឪពុកម្ដាយ និងអាណាព្យាបាល ខណៈគ្រួសារខ្លះថែមទាំងមិនឱ្យកូនមករៀន នៅពេលដែលគេយល់ថា ស្ថានការណ៍មិនសូវល្អ។
ផលប៉ះពាល់នេះក៏ឆ្លុះបញ្ចាំងតាមរយៈចំនួនសិស្សដែលបានថយចុះពីចំនួនសិស្សសរុប ៥៤៥ នាក់ បច្ចុប្បន្ននៅសល់ប្រមាណ ៤៦៥ នាក់ប៉ុណ្ណោះ ដោយសារគ្រួសារមួយចំនួនបានផ្លាស់ទីទៅរស់នៅកន្លែងផ្សេងក្រោយការផ្ទុះជម្លោះ។
ទោះបីជាប្រឈមនឹងសម្ពាធផ្លូវចិត្ត និងភាពមិនប្រាកដប្រជាក៏ដោយ នាយករងរូបនេះ ថា សាលា បានសម្រេចអនុវត្តការលួងលោមផ្លូវចិត្ត និងលើកទឹកចិត្តសិស្សឱ្យផ្ដោតលើការសិក្សា ដោយធានាថា ពួកគេនឹងមិនត្រូវទុកឱ្យប្រឈមគ្រោះថ្នាក់ដោយគ្មានការការពារឡើយ។
លោកបន្ថែមថា៖ «យើងបានណែនាំថា យើងរៀន រៀនទៅ កុំខ្វល់អី ចាំដល់ពេលវេលាដែលស្រុកមានបញ្ហា យើងមិនទុកឱ្យប្អូននៅហ្នឹងទេ យើងអាចនាំប្អូនទៅកន្លែងសុវត្ថិភាពហើយ។ នេះជាការលួងលោមផ្លូវចិត្តរបស់គាត់»។
នៅរង្វង់មូលស្រអែម អ្នកលក់ភេសជ្ជៈម្នាក់គឺអ្នកស្រី វង់ សុខហេង បានរៀបរាប់ពីការផ្លាស់ប្ដូររបស់កូនប្រុសអាយុ ១៣ ឆ្នាំរបស់ខ្លួនថា ក្រោយពេលវិលត្រលប់មកផ្ទះសម្បែង និងទើបចូលរៀនវិញបានថ្មីៗ កូនរបស់គាត់នៅតែមានអាការភ័យខ្លាច។ ប៉ុន្តែពេលនេះ ស្ថានភាពផ្លូវចិត្តបានប្រសើរឡើង ហើយអាចត្រឡប់ទៅផ្ដោតលើការសិក្សាវិញបាន។
អ្នកស្រី និយាយថា៖ «បើសម្រាប់កូនខ្ញុំអត់អី រៀនគ្រាន់។ សង្កេតថា កាលដំបូងៗមុនកើតហេតុភ្លាមៗហ្នឹង គឺកូន រាងភ័យដែរ ឱ្យតែឮអីអត់បានទេ ដល់ឥឡូវគាត់រាងអត់អីទេ រាងធម្មតា ផ្ដោតអារម្មណ៍លើការរៀនវិញ ប្រឹងរៀន ខ្លាចប្រឡងធ្លាក់»។
រឿងរ៉ាវនៅវិទ្យាល័យស្រអែម បង្ហាញថា ទោះបីសង្គ្រាមមិនបានផ្ទុះម្ដងទៀត និងភាពតានតឹងមិនបានកើតឡើងនៅក្នុងបរិវេណសាលាដោយផ្ទាល់ក៏ដោយ ក៏ព័ត៌មានក្រៅផ្លូវការ និងភាពមិនច្បាស់លាស់នៃស្ថានការណ៍អាចបង្កឱ្យមានផលប៉ះពាល់ផ្លូវចិត្តដល់សិស្សានុសិស្ស។ ក្នុងស្ថានភាពបែបនេះ ការផ្ដល់ព័ត៌មានត្រឹមត្រូវ ការគាំទ្រផ្លូវចិត្ត និងការធានាសុវត្ថិភាព ក្លាយជាកត្តាសំខាន់ដើម្បីឱ្យការអប់រំអាចបន្តដំណើរការបាន ទោះស្ថិតក្នុងបរិយាកាសនៃការព្រួយបារម្ភក្ដី។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារលោកស្រី ហែម សុគុណពិសី ថ្លែងថា មន្ទីរព័ត៌មាន ក៏ដូចក្រសួងព័ត៌មានបាននិងកំពុងខិតខំបន្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ធ្វើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម។ ជាមួយគ្នានេះ មន្ទីរបានណែនាំប្រជាពលរដ្ឋឱ្យមើលព័ត៌មានផ្លូវការដែលមានប្រភពច្បាស់លាស់។
ចំណែកនាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី មានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធគួរបណ្ដុះបណ្ដាលគ្រូបង្រៀនដែលនៅតំបន់ព្រំដែនពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសត្រូវផ្សព្វផ្សាយព័ត៌មានមានប្រភពផ្លូវការឱ្យលឿនដើម្បីដល់ដៃពលរដ្ឋ សិស្ស និងគ្រូបង្រៀននៅតំបន់ប្រឈម។
លោក និយាយថា៖ «នៅក្នុងស្ថានភាពបែបនេះ យើងត្រូវតែមានការជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ហើយការផ្សព្វផ្សាយព័ត៌មានត្រូវតែមានមូលដ្ឋានភស្តុតាងគ្រប់គ្រាន់ដើម្បីយកមកជម្រាបជូនដល់សាធារណជន ជាពិសេសយុវជន សិស្ស ឬគ្រូបង្រៀននៅតាមសាលាទាំងអស់ហ្នឹង»។
លោក បន្ថែមថា៖ «គ្រូបង្រៀនក៏គាត់មានតួនាទីសំខាន់ដែរនៅក្នុងការផ្សាយព័ត៌មាន ហើយយើងធ្វើម៉េចឱ្យគាត់យល់អំពីរបៀបនៃការផ្ទៀងផ្ទាត់ព័ត៌មាន របៀបនៃការប្រើប្រាស់ព័ត៌មាន ហើយនឹងតើប្រភពព័ត៌មានបែបណាដែលគាត់អាចជឿទុកចិត្តបាន។ បើសិនជាគាត់យល់ដឹងកម្រិតនេះហើយ គឺគាត់អាចនឹងផ្ដល់ ឬក៏ប្រាប់ព័ត៌មានទាំងអស់ហ្នឹងដល់សិស្សានុសិស្សបានហើយ។ ចឹងអ្វីដែលគួរចាំបាច់ត្រូវធ្វើសំខាន់មួយទៀត គឺការអប់រំ ការបណ្ដុះបណ្ដាល ទៅដល់គ្រូនៅតាមសាលាទាំងអស់ហ្នឹងគឺជារឿងមួយដែលចាំបាច់»៕







