ក្រសួងយុត្តិធម៌ច្រានចោលការលើកឡើងរបស់ លោករ៉ុង ឈុន ជុំវិញសំណើសុំអន្តរាគមន៍នៅក្រសួងយុត្តិធម៌

នយោបាយ

តំណាងក្រសួងយុត្តិធម៌ ច្រានចោលការលើកឡើងរបស់លោករ៉ុង ឈុន ជុំវិញសំណើសុំអន្ត​រាគ​មន៍ពីក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៦ ខែសីហា ដោយចាត់ទុកការលើកឡើងរបស់លោករ៉ុង ឈុន ជាការកុហកភូត​ភរ​មតិសាធារណៈ។

កាលពីថ្ងៃទី០៥ ខែសីហា លោក រ៉ុង ឈុន បានដាក់លិខិតថ្មីមួយទៀតទៅក្រសួងយុត្តិធម៌ ដើម្បី​ស្នើក្រសួងយុត្តិធម៌ពិនិត្យលើលិខិតរបស់លោកដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១ កក្កដា ២០២៦។ ទោះជាយ៉ាងណា មន្ត្រីក្រសួងយុត្តិធម៌មិនទទួលលិខិតថ្មីរបស់លោក ឈុន ឡើយ។

លោករ៉ុង ឈុន តាមហ្វេសប៊ុកថា ៖ «នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងជាង ៩:០០ នាទី សហការីរបស់ខ្ញុំបានយកលិខិតដាក់ជូនក្រសួងយុត្តិធម៌ ត្រូវបានមន្ត្រីរដ្ឋបាលក្រសួងបដិសេធមិនទទួល។ សូមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌មើលមន្ត្រីផង»។

លិខិតថ្មីដែលលោករ៉ុង ឈុន ផ្ញើទៅក្រសួងយុត្តិធម៌ គឺធ្វើឡើងដើម្បីតាមលិខិតចាស់ដែលក្រុម​ការងាររបស់គណបក្សកម្លាំងជាតិដាក់ជូនទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្នើក្រសួងយុត្តិធម៌អន្តរាគមន៍ចំពោះសំណុំរឿងលោករ៉ុង ឈុន។

អ្នកនាំពាក្យក្រសួងយុត្តធម៌ លោក ឯម ច័ន្ទមករា លើកឡើងថា ៖ «លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ត្រូវបានទទួលចាត់ការដោយស្មើភាព ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។ ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពី​មន្រ្តីជំនាញ បានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ចប់សព្វគ្រប់ ដើម្បីធានាបាននូវភាពច្បាស់លាស់ទាក់ទងនឹងការធ្វើចំណាត់ការសំណុំឯកសារប្រកបដោយការទទួលខុសត្រូវ ហើយនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌»។

លោកកត់សម្គាល់ថា ៖ «ខ្ញុំសូមច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា “សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល”។ ការលើកឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយសូមស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារ​ណមតិ បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន»៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3398}" data-page="1" data-max-pages="1" data-start="1" data-end="1">