នៅល្ងាចថ្ងៃទី២៥ខែឧសភា ប្រមុខរដ្ឋស្ដីទីនិងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ចេញព្រះរាជក្រឹត្យ លើកលែងទោសលើលោក កឹម សុខា ចំពោះទោសដាក់ពន្ធនាគារ២៧ឆ្នាំ ប៉ុន្តែមិនអនុវត្តចំពោះទោសបន្ថែម។បានន័យថាព្រះរាជក្រឹត្យនេះអនុញ្ញាតឱ្យលោក កឹម សុខា ដើរហើរក្នុងប្រទេសធម្មតាប៉ុន្តែមិនអាចធ្វើនយោបាយ និងការធ្វើដំណើរទៅក្រៅប្រទេសបានឡើយ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន សម្រេចលើកលែងទោសឱ្យលោក កឹម សុខា ចំពោះទោសដាក់ពន្ធនាគារដែលតុលាការកំណត់រយៈពេល២៧ឆ្នាំ តែមិនលើកលែងចំពោះទោសបន្ថែមនោះទេ។
ក្រោយព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា បានផ្សព្វផ្សាយលើបណ្ដាញសង្គម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះបន្តនូវព្រះរាជក្រឹត្យលើកលែងទោសនេះ ដោយនិយាយថា «ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី សាទរចំពោះព្រះរាជក្រឹត្យលើកលែងទោសដាក់ពន្ធនាគារលើកូនក្ដីរបស់អ្នកស្រី ប៉ុន្តែក៏បង្ហាញការសោកស្ដាយចំពោះទោសបន្ថែមពាក់ព័ន្ធនឹងការដកសិទ្ធិធ្វើនយោបាយ សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងការធ្វើដំណើរទៅក្រៅប្រទេសជាដើម មិនទាន់ត្រូវបានលើកលែង។
លោកស្រី និយាយថា៖ «ខ្ញុំយល់ឃើញថា ចំពោះទោសបន្ថែមនេះ ឯកឧត្តម កឹម សុខា ក៏គួរតែទទួលបានក្នុងការលើកលែងទោសដូចគ្នាផងដែរ។ ប៉ុន្តែយើងឃើញថា បច្ចុប្បន្ននេះ គឺទទួលបានត្រឹមតែសិទ្ធិក្នុងការលើកលែងទោសទៅលើទោសពន្ធនាគារតែប៉ុណ្ណោះ»។ […] ទោះបីជាយ៉ាងណាក៏ យើងក៏ត្រេកអរ រីករាយដោយសារតែឯកឧត្តម កឹម សុខា លោកមានសេរីភាពឡើងវិញ អាចដើរហើរនៅក្នុងប្រទេសបាន»។
បើតាមមេធាវីការពារក្ដីរូបនេះ លោក កឹម សុខា នៅមិនទាន់មានសារអ្វីជូនជនរួមជាតិនៅឡើយ និងសុំរក្សាភាពស្ងៀមស្ងាត់មួយរយៈ ដោយសារក្រុមគ្រួសាររបស់លោកមានទុក្ខ ព្រោះម្ដាយរបស់លោកកំពុងឈឺធ្ងន់។
អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ លោកសាស្ត្រាចារ្យ សេង វណ្ណលី សរសេរក្នុងបណ្ដាញសង្គមរបស់លោកថា ព្រះរាជក្រឹត្យលើកលែងទោសចុះថ្ងៃទី ២៥ ឧសភា ២០២៦ នេះ មិនមែនជាសញ្ញានៃការបើកចំហលំហប្រជាធិបតេយ្យពិតប្រាកដនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងមានការគណនាយ៉ាងល្អិតល្អន់របស់គណបក្សកាន់អំណាច។ លោកបន្ថែមថា ៖«ការសម្រេចលើកលែងត្រឹមតែទោសពន្ធនាគារ ២៧ ឆ្នាំ ដោយរក្សាទុកការហាមឃាត់មិនឱ្យចាកចេញពីប្រទេស និងការរឹតត្បិតសិទ្ធិនយោបាយយ៉ាងតឹងរ៉ឹង ឆ្លុះបញ្ចាំងពីចេតនាបង្កប់ក្នុងការបន្ធូរបន្ថយសម្ពាធការទូតពីបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប»។
លោកបន្ថែមថា៖«លោក កឹម សុខា គឺជានិមិត្តរូបនៃភាពបរិសុទ្ធតាំងពីដំបូង ដូច្នេះការលើកលែងទោសបែបមានលក្ខខណ្ឌនេះ មិនមែនជាអ្វីដែលលោកចង់បាននោះទេ។ អ្វីដែលយើងគួរសាទរ គឺការស្តារសិទ្ធិនយោបាយពេញលេញ និងការផ្តល់សងនូវយុត្តិធម៌ពិតប្រាកដជូនរូបលោកវិញ»។
ចំណែកអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជាអតីតសហការីរបស់លោក កឹម សុខា គឺអ្នកស្រី ចក់ សុភាព បានសរសេររៀបរាប់លើហ្វេសប៊ុករបស់អ្នកស្រី ថា ការលើកលែងទោសនេះ ជាទង្វើដ៏ល្អមួយសម្រាប់ការផ្សះផ្សាជាតិ ទោះបីជាលោក កឹម សុខា មិនគួរត្រូវបានចោទប្រកាន់ និងកាត់ទោសតាំងពីដំបូងក៏ដោយ។
អ្នកស្រី សុភាពបន្តថា៖ «ខ្ញុំសង្ឃឹមថានឹងមានកាយវិការវិជ្ជមានបន្ថែមទៀតចំពោះសកម្មជនផ្សេងទៀតនៅក្នុងពន្ធនាគារនៅពេលនេះ ដើម្បីឲ្យយើងអាចខិតខំប្រឹងប្រែងធ្វើការដើម្បីការអភិវឌ្ឍដោយផ្អែកលើសិទ្ធិមនុស្សពិតប្រាកដ»។
លោក កឹម សុខា អាយុ៧៣ឆ្នាំ ត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយរងការចោទប្រកាន់ថា បានគប់គិតជាមួយសហរដ្ឋអាមេរិក ដែលហៅថា បដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ នៅខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ និងហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដែលកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ រួមទាំងបន្ថែមនូវការហាមឃាត់លោកមិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ ក្រោយលោកអនុវត្តទោសចប់៕







