មន្ត្រីថ្នាក់រាជធានីបក្សប្រឆាំង១រូបទៀត ត្រូវតុលាការឧទ្ធរណ៍កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំនិង៦ខែ

នយោបាយ

លោក ខឹម ចាន់វណ្ណៈ ឈរទទួលលិខិតតែងតាំងផ្ទៃក្នុងបក្សភ្លើងទៀនពីអនុប្រធានបក្សលោក សុន ឆ័យដែលពាក់វែនតា។ (រូបថតតាមបណ្ដាញសង្គមហ្វេសប៊ុកដែលលីកាដូយកផ្សព្វផ្សាយ)។

មន្ត្រីបក្សប្រឆាំង១រូបទៀតត្រូវតុលាការឧទ្ធរណ៍កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំនិង៦ខែក្រោមបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។សមាជិកបក្សប្រឆាំងរូបនោះមានឈ្មោះលោក ខឹម ចាន់វណ្ណៈ។ 
លោក ខឹម ចាន់វណ្ណៈ គឺជាចៅសង្កាត់រងទី ២ នៃសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកពីគណបក្សភ្លើងទៀន ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្ររូបលោក កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនា ឆ្នាំ ២០២២។ លោកក៏មានតួនាទីជាប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ។
កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកុម្ភៈ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមដែលកាត់ទោសសមាជិកគណបក្សប្រឆាំងលោក ខឹម ចាន់វណ្ណៈ ឱ្យជាប់ពន្ធនាគាររយពេល២ឆ្នាំនិង៦ខែ ក្រោមបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ខណៈសកម្មជន២នាក់ទៀត ត្រូវបានព្យួរទោស។ នេះបើតាមការចុះផ្សាយរបស់អង្គការលីកាដូ។ 

កូនប្រុសរបស់លោក ខឹម ចាន់វណ្ណៈ គឺលោក ខឹម ចាន់សុវណ្ណមង្គល និយាយថា សាលាឧទ្ធរណ៍មិនមានហេតុផលក្នុងការបន្តតម្កល់សាលក្រមកាត់ទោសឪពុករបស់លោកនោះទេ។ 

លោក និយាយថា៖ «ខ្ញុំអត់សប្បាយចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការ ដោយសារតែវាជារឿងអយុត្តិធម៌ ព្រោះរឿងនេះ ចោទប្រកានប៉ាខ្ញុំទាំងស្រុង អត់មានហេតុផលអីត្រូវនៅតម្កល់សាលដីកាដដែល»។

លោក បានបន្ថែមថា ក្រុមគ្រួសារបស់លោកនឹងពិភាក្សាជាមួយមេធាវីការពារក្ដីចំពោះការប្ដឹងប្រឆាំងសាលដីកាទៅតុលាការកំពូល។

បើតាមលោក ចាន់សុវណ្ណមង្គល គ្រួសាររបស់លោកនៅពេលនេះ ស្ថិតក្នុងស្ថានភាពលំបាកទាំងផ្លូវចិត្តនិងហិរញ្ញវត្ថុ ដោយសារបាត់បង់គោលជំហរគ្រួសារមួយរូបដែលជាឪពុក។ លោកបន្ថែមថា ជារៀងរាល់ថ្ងៃ ម្ដាយរបស់លោកត្រូវបែងចែកថវិកាក្នុងការផ្គត់ផ្គង់កូនៗពីរនាក់ដែលកំពុងសិក្សានៅមហាវិទ្យាល័យផង និងប្ដីនៅក្នុងពន្ធនាគារផង។

លោក និយាយថា៖ «ចំពោះការចាយវាយទៅលើការរៀនសូត្រចឹងរឹងត្បិតជាងមុន ដោយសារយើងអស់ជំហរគ្រួសារមួយ ណាមួយត្រូវបែងចែកប៉ានៅពន្ធនាគារផង ត្រូវបែងចែកទាំងខ្ញុំ ទាំងប្អូនទៅរៀនសូត្រផង បង់ថ្លៃសាលាផង ចឹងទៅគឺវាពិបាកមានតែម៉ាក់ជាជំហរគ្រួសារអីឡូវ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា លោកមានសោកស្ដាយចំពោះសាលដីការបស់សាលាឧទ្ធរណ៍ដែលសម្រេចតម្កល់ទោសលើសកម្មជននយោបាយគណបក្សជំទាស់ទាំងបីនាក់ដដែល។

លោក និយាយថា៖ «ករណីនេះអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សតែងតែលើកឡើងថាវាជាករណីនយោបាយ ច្រើនជាងការអនុវត្តច្បាប់ ហើយបង្កើននូវការរិះគន់ពីលំហរសេរីភាពនយោបាយធ្លាក់ចុះ។ ហើយតែងតែអំពាវនាវឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងសកម្មជនការងារសង្គម ដែលគ្រាន់តែធ្វើការងារដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ការពារបរិស្ថាន ការពារសិទ្ធិកម្មករ អនុវត្តសិទ្ធិនយោបាយ និងការងារដើម្បីសង្គម ឱ្យមានសេរីភាពវិញ»។

កាលពីថ្ងៃទី១២ខែកុម្ សាលាឧទ្ធរណ៍ភ្នំពេញ ប្រកាសសាលដីកាករណី មន្ត្រីបក្សបក្សប្រឆាំង បីរូប រួមមាន លោក ខឹម ចាន់វណ្ណៈ លោក ម៉ា ចិន្តា និងលោក ហាក់ កុសល ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស នៅខែកញ្ញា ឆ្នាំ២០២៤ និងបានដាក់អ្នកទាំងបីឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» តាមមាត្រា ៦២៦, ៦២៧ និង៦២៨ នៃក្រមព្រហ្មទណ្ឌ។

អង្គការលីកាដូ បានបន្ថែមថា សាលាឧទ្ធរណ៍ បានសម្រេចកាត់តម្រឹមលើលោក ម៉ា ចិន្តា និងលោក ហាក់ កុសល ដោយព្យួរទោសដែលនៅសល់ ខណៈអ្នកទាំងពីរកំពុងស្ថិតនៅក្រៅឃុំ។ចំណែក លោក ខឹម ចាន់វណ្ណៈ មិនទទួលបានការព្យួរទោសនោះទេ ហើយលោកត្រូវបន្តជាប់ឃុំនៅពន្ធនាគារម១ ដដែល។បើតាមលីកាដូ លោក ចិន្តា និងលោក កុសល ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីអ្នកទាំងពីរបានជាប់ពន្ធនាគារអស់រយៈពេល៩ខែ និង៦ថ្ងៃ ហើយទោសនៅសល់ត្រូវបានព្យួរ ក្រោយសាលាឧទ្ធរណ៍សម្រេចកាត់តម្រឹម។ រីឯលោក ចាន់វណ្ណៈ ស្ថិតក្នុងចំណោមអ្នកជាប់ឃុំចំនួន៩៦នាក់ ដែលកំពុងជាប់ឃុំ ដោយសារការប្រើប្រាស់សិទិ្ធ ដែលត្រូវបានចងក្រងដោយ អង្គការលីកាដូ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1450}" data-page="1" data-max-pages="1" data-start="1" data-end="1">