មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានក.ប.ប.និងអាជ្ញាធរពាក់ព័ន្ធ បានអំពាវនាវឱ្យអាជីវករ និងអ្នកប្រើប្រាស់បង្កើនការប្រុងប្រយ័ត្នចំពោះផលិតផលអាហារបង្កក អាហារឆ្អិនស្រាប់(ហតដក ប្រហិត ប៉ាត់តេ)បន្ទាប់ពីអាជ្ញាធរឆ្មក់ត្រួតពិនិត្យនៅទីតាំងអាជីវកម្មមួយ ហើយបានរកឃើញអាហារបង្កកខូចគុណភាព និងរក្សាទុកមិនត្រឹមត្រូវតាមស្តង់ដារអនាម័យជាង ២,៦០០គីឡូក្រាម។ទីតាំងអាជីវកម្មដែលអាជ្ញាធររកឃើញគឺ ក្រុមហ៊ុន TSP នៅម្ដុំផ្សារបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល។
អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករដែលបានទិញផលិតផលរបស់ក្រុមហ៊ុន TSP ហើយមិនទាន់ប្រើប្រាស់ ឬលក់បន្ត សូមផ្អាកការប្រើប្រាស់ជាបន្ទាន់ដោយសារផលិតផលទាំងនោះអាចមិនមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
លោក គួច ចំរើន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «សូមបញ្ឈប់ការប្រើប្រាស់ ឬបញ្ឈប់លក់បន្ត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពទេ គាត់មានចេតនា បំភាន់ អ្នកប្រើប្រាស់ ដូចជា បកព័ត៌មាន ហួសកាលកំណត់ចោល រៀបចំ ដាក់កាលកំណត់ប្រើប្រាស់ថ្មីជំនួស ទូស្តុក មិនបើកចរន្តអគ្គិសនី ទុកដាក់ខុសបច្ចេកទេស ទំនិញគ្មានប្រភពច្បាស់លាស់»។
យោងតាមរបាយការណ៍របស់សាខា ក.ប.ប. ខេត្តកណ្ដាលដែលប្រជាកាសែតទទួលបាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងស្តុកផលិតផលអាហារបង្កកមួយកន្លែងនៅខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ ជាលទ្ធផល ក្រុមការងារមិនបានរកឃើញទំនិញមានប្រភពពីប្រទេសថៃនោះទេ ប៉ុន្តែបានរកឃើញការវេចខ្ចប់ និងការរក្សាទុកផលិតផលមិនស្របតាមស្តង់ដារអនាម័យ ព្រមទាំងទំនិញខូចគុណភាពសរុប ៧ មុខ ស្មើនឹង ២,៦០០ គីឡូក្រាម។
ទំនិញដែលត្រូវបានដកហូតរួមមាន៖ ប្រហិតសាច់ក្តាម ម៉ាកTHANH CHA HUONG VI CUA ៣៨កេស ស្មើនឹង ៣៨០គីឡូក្រាម ។ ប្រហិតសាច់ក្តាម ម៉ាកTHANH VI CUA ១៧កេស ស្មើនឹង ១៧០គីឡូក្រាម ប្រហិត ម៉ាកTSP ចំនួន៥បេ ស្មើនឹង ២៥០គីឡូក្រាម ។ ប្រហិតនំប៉ាវ ចំនួន១៣កេស ស្មើនឹង ១៣០គីឡូក្រាម ។ ហតដកចម្រុះ គ្មានម៉ាក ចំនួន៤បេ ស្មើនឹង ២០០គីឡូក្រាម ប្រហិតសាច់ក្តាម គ្មានម៉ាក ចំនួន៥បេ ស្មើនឹង ២២០គីឡូក្រាម ។ ហតដកឈីស ចំនួន២៥កេស ស្មើនឹង ១,២៥០គីឡូក្រាម។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានដកហូត និងដុតកម្ទេចចោលទំនិញខូចគុណភាពទាំងអស់នៅទីលានដុតសំរាម ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ជាមួយគ្នានេះ សំណាកចំនួន ៨ ត្រូវបានបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់ពីគុណភាព និងសុវត្ថិភាពផលិតផល។
អគ្គនាយកនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានអំពាវនាវឱ្យអាជីវករ និងពាណិជ្ជករទាំងអស់ប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្មដោយសុចរិត គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លោក ជំរុញឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យស្លាកសញ្ញា ប្រភពដើម កាលបរិច្ឆេទប្រើប្រាស់ និងលក្ខខណ្ឌរក្សាទុកផលិតផលមុននឹងទិញ ឬប្រើប្រាស់។
លោកលើកឡើងថា៖«ខ្ញុំសូមអំពាវនាវទីមួយគឺទៅដល់ អាជីវក ពាណិជ្ជករអ្នករកស៊ីទាំងអស់សូមប្រកាន់ខ្ជាប់ឲ្យបាននូវការរកស៊ីការធ្វើធុរកិច្ចដោយសុចរិតគោរពឲ្យបានច្បាស់លាស់ត្រឹមត្រូវទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធសំខាន់ណាស់អាហ្នឹងគឺដើម្បីឲ្យយើងក្លាយខ្លួនទៅជា ធុរៈជនល្អដែលមានការទទួលខុសត្រូវក្នុងសង្គម។
លោកបន្ថែមថា៖«ទីពីរខ្ញុំក៏ស្នើសុំឲ្យអ្នកប្រើប្រាស់របស់យើងចូលរួមទាំងអស់គ្នាក្នុងការចេះស្វ័យត្រួតពិនិត្យទៅលើផលិតផលទំនិញមើលលក្ខខណ្ឌទុកដាក់តែសាច់និងឬក៏ផលិតផល តើមានភាពសមស្របតាមលក្ខខណ្ឌបច្ចេកទេសចេះមើលស្លាកសញ្ញាប្រភពប្រទេសផលិត ។
អំពាវនាវផងដែរបើយើងចូលរួមទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពសុខុមាលភាពរបស់យើង»។
កាលពីនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយសាច់បង្កកចំនួន ៣១ កន្លែង នៅក្នុងខណ្ឌចំនួន ៨។
យោងតាមទិន្នន័យរបស់ក.ប.ប.មន្ត្រីជំនាញបានរកឃើញផលិតផលមានប្រភពពីប្រទេសថៃចំនួន១១២ មុខ ជាង២០០តោន គីឡូក្រាម និងផ្លែឈើខូចគុណភាព ជាង៣,២ តោន គីឡូក្រាម។ ផលិតផលមួយចំនួនត្រូវបានឃាត់ទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមច្បាប់។
ការបង្ក្រាបករណីនាំចូលផលិតផលទាំងអស់នេះ កើតមានឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ ដោយព្រមានឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គល ឬមន្ត្រីដែលពាក់ព័ន្ធនឹងការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ។លោក ហ៊ុន សែន បានបញ្ជាក់ថា អ្នកប្រព្រឹត្តខុសអាចប្រឈមនឹងការដកហូតទ្រព្យសម្បត្តិ និងវិធានការផ្លូវច្បាប់ផ្សេងៗ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ៕







