ក្រសួងសុខាភិបាលរកឃើញជំងឺផ្ដាសាយបក្សី ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ដែលរស់នៅក្នុងភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា ក្រសួងរកឃើញករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
បច្ចុប្បន្នកុមារាខាងលើ ត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាម៊ីហ្វ្លូ (Tamiflu) ព្រមទាំងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមក្រសួងសុខាភិបាលដដែលបានបង្ហាញថា ដើមចមគឺនៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់និងទា ដែលក្នុងនោះមានមាន់ឈឺ និងងាប់មួយចំនួន ដែលកុមារាខាងលើបានលេងនៅជុំវិញកន្លែងមាន់ទាងាប់នោះ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងសហការជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស។
ក្រសួងថា កិច្ចខំប្រឹងប្រែងទាំងនេះ ធ្វើឡើងដើម្បីស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ធើ្វយ៉ាងណាទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្វ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកុមារាខាងលើរស់នៅ។
ក្រសួងសុខាភិបាលក្រើនរំលឹកថា ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម ត្រូវប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
ទោះបីជាជំងឺផ្ដាសាយបក្សីមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែជំងឺនេះអាចបំប្លែងខ្លួនហើយឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលដែរ។ ដូច្នេះ ក្រសួងចង់ឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់និងប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ។
សូមបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា៕







