បក្សកម្លាំងជាតិក្រុងបាត់ដំបងចោទអាជ្ញាធរមូលដ្ឋានថារើសអើងនយោបាយ។ ការលើកឡើងនេះបន្ទាប់ពីគណបក្សកម្លាំងជាតិក្រុងបាត់ដំបងសុំលើកស្លាកបក្ស ត្រង់ចំណុចចុងស្ពានស្លាកែត ដែលនៅទីតាំងនោះមានស្លាកគណបក្សផ្សេងៗដែរប៉ុន្តែត្រូវអាជ្ញាធរមូលដ្ឋានបដិសេធ។
រដ្ឋបាលសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបដិសេធសំណើរបស់គណបក្សកម្លាំងជាតិដែលសុំលើកស្លាកនៅត្រង់ចំណុចចុងស្ពានស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយអាជ្ញាធរលើកហេតុផលថាទីតាំងនោះប៉ះគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិក្រុងបាត់ដំបងលោក ខឹម សុភ័ណ ប្រាប់ប្រជាកាសែតថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរសង្កាត់មួយចំនួនក្នុងក្រុងបាត់ដំបងបដិសេធសំណើលើកស្លាកគណបក្សកម្លាំងជាតិ ដោយលើកនេះជាលើកទី៤ហើយដែលត្រូវបានបដិសេធ រាប់ចាប់ពីខែកុម្ភៈមក។
លោកថា៖ «ខ្ញុំយល់ឃើញថា នេះដូចជាការរើសអើងផ្នែកនយោបាយ ព្រោះអីនយោបាយនីមួយៗសុទ្ធសឹងតែបង្កើតទៅតាមច្បាប់របស់ក្រសួងមហាផ្ទៃ ហើយនិងច្បាប់របស់ គ.ជ.ប ហើយស្លាកជាហូរហែតែងតែដាក់ មិនត្រឹមតែស្លាកគណបក្សនយោបាយច្រើនគណបក្សទេ ក៏មានស្លាកពាណិជ្ជកម្ម ស្លាកតូចធំក្ដីក៏មានជាហូរហែដែរ។ តែទាស់ត្រង់តែគណបក្សកម្លាំងជាតិមួយដូចមានការរឹតរួមត្បឹត»។
លោក សុភ័ណ សង្កេតឃើញថា នៅក្បែរទីតាំង ស្ពានស្លាកែត ឬហៅថា ស្ពានឧត្តរៈ ដែលគណបក្សកម្លាំងជាតិស្នើសុំលើកស្លាកនោះ មានស្លាកគណបក្សផ្សេងមួយចំនួនរួមទាំងស្លាកគណបក្សប្រជាជនកម្ពុជាផង។ ចំពោះការបដិសេធសំណើលើកស្លាកគណបក្សកម្លាំងជាតិ លោក ខឹម សុភ័ណ ថានឹងដាក់លិខិតតវ៉ានៅក្រុងបាត់ដំបង។
លោកបន្ថែមថា៖ «ខ្ញុំគ្រោងនឹងដាក់ទៅខាងអាជ្ញាធរពាក់ព័ន្ធដូចជារាជធានីបន្តទៀត ព្រោះអីរយៈកាលកន្លងមកខ្ញុំក៏បានទៅសាលាក្រុងអីដែរ ជជែកជាមួយគណៈអភិបាលក្រុងដែរ ឱ្យគាត់សម្រួលអីដែរ[…]ឱកាសល្អណាមួយខ្ញុំនឹងក៏ត្រៀមទៅក្រុងបាត់ដំបងម្ដងទៀត»។
តាមរយៈលិខិតទៅកាន់ប្រធានគណបក្សកម្លាំងជាតិក្រុងបាត់ដំបងចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបដិសេធនូវសំណើសុំលើកស្លាករបស់គណបក្សកម្លាំងជាតិ នៅចំណុចចុងស្ពានស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
លិខិតបន្តថា៖ «ចំពោះទីតាំងដែលគណបក្សកម្លាំងជាតិក្រុងបាត់ដំបង បានជូនដំណឹងសុំលើកស្លាកគណបក្ស គឺជាទីតាំងដែលរដ្ឋបាលខេត្ត ក្រុង កំពុងអនុវត្តគម្រោងស្ដីពីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ក្រោមឥណទានធនាគារអភិវឌ្ឍ និងការអនុវត្តផែនការអភិវឌ្ឍទីក្រុងរបស់រដ្ឋបាលខេត្ត-ក្រុង ក្នុងការរៀបចំទីក្រុងឱ្យមានសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកសម្រាក កម្សាន្ត ទស្សនា និងវិនិយោគក្នុងក្រុងបាត់ដំបង»។
រដ្ឋបាលសង្កាត់ស្លាកែត ក៏បានបញ្ជាក់ថា អាជ្ញាធរក្រុងនិងសង្កាត់នឹងពិនិត្យ ណែនាំម្ចាស់ស្លាកសញ្ញាគ្រប់ប្រភេទដែលបានដាក់ដោយគ្មានច្បាប់អនុញ្ញាត ឱ្យរុះរើនូវស្លាកទាំងនោះចេញ ហើយរាល់ការលើកស្លាកថ្មីរបស់គណបក្សនានាត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន ដើម្បីអាជ្ញាធរអាចពិនិត្យទីតាំងដែលបានស្នើសុំ។
ប្រភពដដែលបន្តថា៖ «ដោយឡែកចំពោះស្លាកសញ្ញាគ្រប់ប្រភេទដែលមានស្រាប់ ក្រុមការងារ រដ្ឋបាលក្រុងបាត់ដំបង និងរដ្ឋបាលសង្កាត់ និងចុះពិនិត្យ ធ្វើការណែនាំដល់ម្ចាស់ស្លាក ដែលបានដាក់ដោយគ្មានច្បាប់អនុញ្ញាតត្រូវធ្វើ ការរុះរើ និងដកចេញ[…]រាល់ការលើកស្លាកគណបក្សថ្មី លើដីសាធារណៈរបស់រដ្ឋ ត្រូវមានលិខិតអនុញ្ញាតពី រដ្ឋបាលមូលដ្ឋានសង្កាត់ជាមុនសិន»។
ចៅសង្កាត់ស្លាកែត ក្រុងបាត់ដំបងលោក ទួត រ៉ើន បានប្រាប់ប្រជាកាសែតថា ការដែលរដ្ឋបាលសង្កាត់បដិសេធសំណើសុំដាក់ស្លាករបស់គណបក្សកម្លាំងជាតិមិនមែនជាការរើសអើងនិន្នាការនយោបាយទេ ពោលគឺត្រង់ទីតាំងដែលបានស្នើសុំនេះប៉ះចំគម្រោងពង្រីកផ្លូវនៅពេលខាងមុខ។ លោកក៏បានបញ្ជាក់ថា ស្លាកគណបក្សដែលមានស្រាប់នៅទីនោះ គឺត្រូវបានដាក់មុនពេលរៀបចំគម្រោងពង្រីកផ្លូវ។ លោកថាបើនៅពេលអនាគតវាស់វែងឃើញស្លាកណាមួយប៉ះគម្រោងអភិវឌ្ឍ ស្លាកទាំងនោះនឹងត្រូវរុះរើចេញទាំងអស់ សូម្បីតែបក្សរបស់បក្សកាន់អំណាចក៏ត្រូវរើចែញដូចគ្នា។
លោកថា៖ «ការនេះមិនមែនជាការយើងបដិសេធមិនឱ្យគាត់ដាក់ទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺផ្លូវហ្នឹងគឺដាក់ទៅជាផ្លូវអាទិភាពដែលរដ្ឋបាលខេត្តបានឱ្យពង្រីក អ៊ីចឹងវាមានការប៉ះពាល់។ អ្នកដែលដាក់ហើយហ្នឹង ពេលប៉ះពាល់ក៏ត្រូវតែរុះរើចេញដែរ[…]អាស្លាកដែលគាត់ថត២ហ្នឹង អាហ្នឹងស្លាកហ្នឹងគេដាក់យូរហើយ ដាក់តាំងពីមុនយើងប្រកាសដាក់ជាផ្លូវអាទិភាពម៉្លេះ»។
លោកបន្ថែមថា៖ «ផ្លូវនៅខេត្តបាត់ដំបងហ្នឹងវាមាន៣២ខ្សែក្នុងក្រុងបាត់ដំបងដែលគេត្រូវពង្រីកហ្នឹង ប៉ុន្តែឥឡូវជាបឋមយើងបាន៦ខ្សែ។ មិនទាន់ដោះចេញផងអា៦ខ្សែអាលានអាឡូយអីហ្នឹង អ៊ីចឹងយើងខំប្រឹងប្រែងធ្វើកុំឱ្យប៉ះពាល់ដល់បងប្អូនណា៎ អ៊ីចឹងបានជម្រាបជូនគាត់ឱ្យហើយ ។ មិនមែនយើងរើសអើងមិនចង់ឱ្យគាត់ដាក់ទេ យើងនៅក្រោមច្បាប់ទាំងអស់គ្នាយើងត្រូវគិតថាតើយើងគួរធ្វើយ៉ាងម៉េច បើដាក់ឱ្យគាត់ដល់ពេលរើប៉ះទៅ រើរបស់គាត់ចេញ មានរឿងរ៉ាវថារើសអើងអីទៀត អ៊ីចឹងយើងប្រាប់គាត់មុនឱ្យហើយ»។
ជុំវិញករណីនេះ អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ថាអាជ្ញាធរមូលដ្ឋាមានតួនាទីសម្របសម្រួលដល់គណបក្សនយោបាយនានាក្នុងការលើកស្លាកគណបក្ស។ ក៏ប៉ុន្តែ នៅពេលដែលអាជ្ញាធរមិនអនុញ្ញាតឱ្យលើកស្លាកបក្សនៅទីតាំងណាមួយនោះ អាជ្ញាធរត្រូវភ្ជាប់ជាមួយនឹងមូលហេតុ ព្រមទាំងអំណះអំណាងជាក់លាក់បញ្ជាក់នឹងការមូលហេតុនៃការបដិសេធ។
លោកថា៖ «រាល់ការបដិសេធត្រូវមានអំណះអំណាង ត្រូវមានស្អីមកយោងឱ្យពិតប្រាកដថារបស់ហ្នឹងវាដូចការបដិសេធ។ បើសិនជាអត់មានទេ មានន័យថាការអនុវត្តន៍របស់អាជ្ញាធរហ្នឹង វាមិនបានផ្ដោតទៅលើគោលការណ៍នៃការសម្របសម្រួលដែលក្រសួងមហាផ្ទៃបានផ្ដល់ឱ្យទេ។ អ៊ីចឹងអាហ្នឹងគណបក្សនយោបាយត្រូវធ្វើកំណត់ហេតុ ឬក៏ត្រូវធ្វើរបាយការណ៍ដើម្បីជជែកជាមួយនឹងក្រសួងមហាផ្ទៃអំពីបញ្ហាទាំងអស់ហ្នឹង»។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ទួលតាឯក និងរដ្ឋបាលសង្កាត់អូចារ ក្រុងបាត់ដំបង បានផ្ញើរលិខិតទៅកាន់គណបក្សកម្លាំងជាតិក្រុងបាត់ដំបង ដោយអាជ្ញាធរទាំងនោះបានបដិសេធសំណើលើកស្លាករបស់បក្សនៅភូមិអញ្ចាញ សង្កាត់អូចារ និងចំណុចប្រឡាយដើមពោធិ៍ សង្កាត់ទួលតាឯក របស់គណបក្សកម្លាំងជាតិក្រុងបាត់ដំបង ដោយមូលហេតុប៉ះពាល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៕







