កម្ពុជានិងវៀតណាមប្តេជ្ញាដោះស្រាយបញ្ហាបន្ទាត់ព្រំដែនដែលនៅសេសសល់

នយោបាយ

រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានបញ្ជាក់ពីការប្ដេជ្ញា និងពង្រឹងទំនុកចិត្តក្នុងកិច្ចសហប្រតិបត្តិការណ៏រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាខណ្ឌសីមាដែលនៅសេសសល់។

សេចក្ដីថ្លែងការណ៏រួមស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម មកកាន់កម្ពុជា នៅចំណុចទី១៩លើកឡើងពីដំណោះស្រាយបញ្ហាព្រំដែន។ ប្រភពដដែលបន្តថា៖«ភាគីទាំងពីរសន្យាដោះស្រាយបញ្ហាព្រំដែនគោកដែលនៅសេសសល់មានប្រមាណជា១៦% ដែលកម្ពុជាផ្ដល់អាទិភាពលើការដោះស្រាយបញ្ហា ៦% ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព។

ភាគីទាំងពីរបានពិភាក្សា នឹងផ្លាស់ប្ដូយោបល់លើបញ្ហាសមុទ្រ។ ក្នុងកំឡុងពេលរង់ចាំការកំណត់ព្រំដែនសមុទ្រភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងព្រំដែន រួមទាំងកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម»។

នៅក្នុងសន្និសិទ្ធសារព័ត៌មានស្ដីពី លទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ថ្នាក់ដឹកនាំកម្ពុជា ឡាវ វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានឱ្យដឹងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា វៀតណាម ឡាវ ដែលដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយគ្មានការប្រើប្រាស់កម្លាំង គឺជាគំរូមួយសម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

លោកបានបញ្ជាក់ថា៖ «នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ដែលហៅថា សន្ធិសញ្ញាបារាំងសៀម ឬអនុសញ្ញាហ្នឹង គឺជាចំណុចពិសេសមួយ ដែលយើងប្រើប្រាស់មិនមែនតែកម្ពុជាទេ ព្រំដែនជាមួយឡាវក៏ប្រើប្រាស់សន្ធិសញ្ញានេះដែរ ដូច្នេះការដែលថ្នាក់ដឹកនាំទាំង៣ (កម្ពុជា-ឡាវ-វៀតណាម) ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ការវាស់ព្រំដែនសេសសល់ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិនេះ គឺជាគំរូមួយដែលប្រទេសថៃ ព្រោះប្រទេសទាំងពីរទោះបីជាខឹងគ្នាឈ្លោះគ្នាយ៉ាងណា ក៏មិនអាចលើកប្រទេសទៅណាបានដែរ ត្រូវតែនៅជិតគ្នារហូត អញ្ចឹងត្រូវមើលទៅគំរូនៃកម្ពុជា វៀតណាម ឡាវដែលដោះស្រាយបញ្ហាដោយសន្តិវិធីហើយធ្វើការដោះស្រាយតាមបច្ចេកទេស ដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដោះស្រាយនៅលើផែនទី និងយន្តការដែលមានស្រាប់ អ្វីដែលយើងធ្វើនេះគឺជាគំរូល្អមួយអញ្ចឹងប្រជាជនលោករីករាយ»។

បើតាមលោកសួស យ៉ារ៉ា ព្រំដែនកម្ពុជា-វៀតណាម គិតត្រឹមឆ្នាំ២០២៧ ភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនចំនួន ៨៤% និងបានបោះបង្គោលធំចំនួន ៣១៤បង្គោល ក្នុងចំណោម ៣៧៥បង្គោល នៅលើផ្ទៃដីជាក់ស្តែង ហើយនៅសល់ ១៦% កំពុងបន្តចរចាដោះស្រាយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈទាក់ទងការបរទេស គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម ក្រោមអធិបតីភាពរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា ។

សេចក្ដីថ្លែងការណ៏របស់ក្រសួងការបរទេស គូសបញ្ជាក់ថាកម្ពុជា និងវៀតណាមបានសម្ពោធជាផ្លូវការនូវច្រកទ្វាព្រំដែនអន្តជាតិម៉ឺនជ័យ តឺនណាម ហើយនឹងដាក់បញ្ចូលច្រកទ្វាព្រំដែននេះជាប្រភេទច្រកទ្វាព្រំដែនសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់។

ជុំវិញបញ្ហាបន្ទាត់ខណ្ឌសីមាព្រំដែននេះ ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានលើកឡើងថា បញ្ហាព្រំដែនជាបញ្ហាដ៏ស្មុគស្មាញក្នុងការដោះស្រាយ ដែលទាមទារការពិនិត្យទៅលើច្បាប់ឲ្យបានស៊ីជម្រៅ។ លោកបន្តថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមហាក់មិនទាន់មានភាពប្រក្រតី និងត្រឹមត្រូវតាមច្បាប់។

លោកថា៖ «បើយើងនិយាយពីបញ្ហាព្រំដែនរវាងកម្ពុជា និងយួន(វៀតណាម) វាជាចំណុចរសើប។ កន្លងមកយើងឃើញថា ការដែលបោះកន្លងមកនឹងមានភាពមិនប្រក្រតីច្រើន ដែលបោះបាន៨៦% នឹង។ នៅសល់ប្រមាណ១០% ជាងទៀត កំពុងតែចាប់ផ្ដើម ហើយឮសូរថាជជែកពីបញ្ហានឹង។ សំខាន់វាត្រូវឈរលើមូលដ្ឋានមួយជាក់លាក់ ដើម្បីធ្វើយ៉ាងណាឲ្យការបោះបង្គោលព្រំដែននឹងអាចទទួលយកបាន ដែលមតិភាគច្រើន និងអន្តរជាតិដែលគេមើលឃើញថាមានតម្លាភាពពិតប្រាកដ»។

លោក រ៉ុង ឈុន បន្ថែមថា៖ «បញ្ហាការដោះដូរដីបើយើងមើលនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ កម្ពុជាយើងអត់បានចង្អុលបង្ហាញអំពីការដោះដូរដីជាមួយបរទេសទេ»។

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម មកកាន់កម្ពុជា ទាក់ទិននឹងបញ្ហាបន្ទាត់ព្រំដែនជាសញ្ញាវិជ្ជមាន តែយ៉ាងណាលោកយល់ឃើញថារដ្ឋាភិបាលកម្ពុជាគួរបើកចំហព័ត៌មាន សិទ្ធបញ្ចេញមតិ និងសម្រួលឲ្យមានការទស្សនាបង្គោលព្រំដែនដោយមិនមានការរឹតត្បិត។

លោកថា៖ «តម្លាភាពនៅតាមព្រំដែន វាមិនច្បាស់លាស់សម្រាប់ពលរដ្ឋទូទៅ។ ខ្មែរយើងអត់សូវមានសិទ្ធក្នុងការដឹងឮពីរឿងនឹង។ ខ្ញុំគិតថាវាជាលទ្ធផលវិជ្ជមាន តែប្រសិនបើរដ្ឋាភិបាលអាចបើកទូលាយឲ្យពលរដ្ឋបានដឹងពីរឿងព្រំដែនឲ្យបានច្រើនផង ហើយកុំធ្វើទុកបុកម្នេញសម្រាប់អ្នកដែរទៅមើលព្រំដែនអី ព្រោះវាជាប្លង់ដីទាំងអស់គ្នា។ វាជារឿងដែលកូនខ្មែរគ្រប់រូបត្រូវដឹង»៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1387}" data-page="1" data-max-pages="1" data-start="1" data-end="1">