ប្រមុខការទូតកម្ពុជា ប្រើវេទិការសិទ្ធិមនុស្សUN បរិហារថៃដែលនៅតែឈ្លានដីខ្មែរ

នយោបាយ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ (រូបថត៖ ក្រសួងការបរទេសកម្ពុជា)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បរិហារថៃនៅវេទិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថាវត្តមានកងកម្លាំងថៃនៅទឹកដីកម្ពុជាប៉ះពាល់ដល់ពលរដ្ឋខ្មែរ និងស្នើប្រទេសក្បែរខាងមួយនេះដកទ័ពទាំងនោះចេញ ព្រមទាំងស្នើឱ្យអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដោយស្មោះត្រង់។

រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន មានប្រសាសន៍ជាភាសាបារាំងនៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយអំពាវនាវទៅភាគីថៃ ឱ្យគោរពពេញលេញ និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ព្រមទាំងស្នើថៃឱ្យដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជា។

លោកថា៖ «វត្តមានរបស់កងកម្លាំងថៃនេះគឺជាឧបសគ្គចម្បងចំពោះការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តូថ្លៃថ្នូរ និងអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង និងត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ មានតែតាមរយៈការប្រកាន់ខ្ជាប់បែបនេះទេ ទើបប្រជាជនយើងទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក»។
លោក ប្រាក់ សុខុន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទៀតថា ប្រទេសថៃកំពុងរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា ដោយសារការបង្កសង្គ្រាមឈ្លានពានកាន់កាប់ជ្រៅទឹកដីកម្ពុ។ប្រមុខការទូតកម្ពុជា ប្រកាសឱ្យប្រទេសថៃ ត្រូវដកកងទ័ពចេញ ដើម្បីឱ្យជនស៊ីវិលប្រហែល៨ម៉ឺននាក់ អាចវិលទៅរស់នៅក្នុងភូមិកំណើតវិញ។

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថាការថ្លែងរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ជារឿងត្រឹមត្រូវ ហើយកម្ពុជាអាចឈានទៅប្ដឹងករណីជម្លោះកម្ពុជា-ថៃនេះទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ(International Court of Justice – ICJ) នាថ្ងៃខាងមុខ នៅពេលដែលអន្តរជាតិស្គាល់ និងដឹងរឿងពីកម្ពុជា ។

លោកថា៖ «ពេលនេះគឺជាពេលតែមួយគត់ដែលកម្ពុជាត្រូវធ្វើសង្គ្រាមការទូតឱ្យបានខ្លាំង ព្រោះអីបើយើងមើលស្ថានភាពនៅតាមព្រំដែន នៅនឹងកន្លែងយើងឃើញថា មកដល់ពេលនេះថៃនៅតែតាមរករឿង ក្រៅពីការរ៉ុលចូលមកលើទឹកដីកម្ពុជាជាច្រើនកន្លែង ក៏នៅតែតាមរករឿង[…]យុទ្ធជនរបស់យើងនៅសមរភូមិមុខដែលយុទ្ធជនយើងអត់ហ៊ានត ឬក៏មានបញ្ជាមិនឱ្យត»។

ជាមួយគ្នានេះ លោកបណ្ឌិត មាស នី លើកឡើងពីចំណុចខ្សោយរបស់កម្ពុជាពេលមានជម្លោះជាមួយថៃកន្លងមក គឺកម្ពុជាកង្វះស្ថាប័នសារព័ត៌មានឯករាជ្យ ដែលជាឧបសគ្គក្នុងការផ្សាយពីរឿងរ៉ាវជម្លោះទៅអន្តរជាតិឱ្យទូលំទូលាយ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលនៅក្នុងសង្គ្រាមពេលនេះ គួរតែចាប់ផ្ដើមមើលអំពី ពិនិត្យមើល ពិចារណាទៅលើផលប្រយោជន៍នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ពីមុនមកយើងច្រើនតែកាលណាគេនិយាយអីដែលជាព័ត៌មានឯករាជ្យ យើងច្រើនតែគិតថាគេញុះញង់ គេនិយាយបំភ្លើសអីជាដើម។ ប៉ុន្តែនៅក្នុងចម្បាំងនេះយើងឃើញហើយថា អវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យធំៗ ពិសេសប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនេះ វាធ្វើឱ្យយើងពិបាកនៅក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោកឱ្យបានលឿនឱ្យបានទាន់ពេល ហើយមានការជឿជាក់ពីអន្តរជាតិ»។

កន្លងទៅក្រសួងការបរទេសកម្ពុជាបានបញ្ចេញប្រតិកម្មជារ៉ើយៗប្រឆាំងការឈ្លានពានរបស់​ថៃ​ រាប់តាំងពីកំណត់ទូត សេចក្ដីថ្លែងការណ៍ជាលាយលក្ខអក្សរ ។ល។លោកប្រាក់ សុខុន ក្នុងនាមក្រសួងការបរទេសកម្ពុជានិងសមភាគីរដ្ឋមន្ត្រីក្រសួងការបរទេស ថៃធ្លាប់បានព្រមព្រៀងគ្នាបញ្ចប់ជម្លោះដែលមានចិនជាអាជ្ញាកណ្ដាល។

ទោះជាយ៉ាងណាក្ដី កិច្ចព្រមព្រៀងរវាងក្រសួងការបរទេសកម្ពុជានិងថៃ បានត្រឹមលើជំហរការទូតតែធាតុពិតយោធាថៃនៅបន្តឈ្លានពានទន្ទ្រានយកដីខ្មែរជាច្រើនទីតាំង។ថៃបានបន្តកាន់កាប់តំបន់មួយចំនួនក្រោយបទឈប់បាញ់ដូចជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ តំបន់ភ្លុកដំរី ខេត្តពោធិ៏សាត់ តំបន់អានសេះ ខេត្តព្រះវិហារ និងតំបន់អូស្មាច់ 
ខេត្តឧត្តរមានជ័យ ជាដើម៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1546}" data-page="1" data-max-pages="1" data-start="1" data-end="1">