ពលរដ្ឋបារម្ភថាចំណីអាហារលក់ក្លែងបន្លំអតិថិជនអាចប៉ះពាល់ដល់សុខភាពសាធារណៈ បន្ទាប់ពីអាជ្ញាធរបានចុះត្រួតពិនិត្យ និងរកឃើញជាបន្តបន្ទាប់នូវចំណីអាហារ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ មានសារធាតុគីមី និងជាប្រភេទអាហារផុតកំណត់។
ការបារម្ភនេះ គឺស្របពេលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទំនិញនៅហាងឈ្មោះ «ចរណៃ» ដែលជាទីតាំងលក់ និងចែកចាយត្រីក្លាសេ ម្ហូបអាហារជាច្រើនមុខ ពិសេសត្រីសាម៉ុន និងត្រីត្រោត។ តាមការត្រួតពិនិត្យរបស់អ្នកជំនាញរកឃើញថា ហាងនេះបានលក់ក្លែងបន្លំអតិថិជនរវាងត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
ពាក់ព័ន្ធនឹងបញ្ហានេះ ម្ចាស់ហាងខាងលើក៏បានរងពិន័យតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារតាមមាត្រា៣៨ ដែលបានចែងថា ចំពោះប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលដាក់ស្លាកសញ្ញាម្ហូបអាហារដែលមានលក្ខណៈមិនពិត ធ្វើឱ្យយល់ខុស ឬក្លែងបន្លំ អំពីលក្ខណៈពិតនៃម្ហូបអាហារ ត្រូវពិន័យអន្តរការណ៍ជាទឹកប្រាក់ចន្លោះពី១០លានទៅ ២០លានរៀល។
ករណីដដែលនេះ ម្ចាស់ហាង«ចរណៃ» ក៏សរសេរសារសុំទោសលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនទៅកាន់អតិថិជន និងបាននិយាយថា៖ «បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី២២ សីហា ២០២៦ តទៅ»។
អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានបកស្រាយថា ការក្លែងបន្លំចំណីអាហារមិនពាក់ព័ន្ធនឹងទំនិញនោះគ្មានសុវត្ថិភាព ឬគុណភាពនោះទេ។ ក្រៅពីនេះ លោកថាក៏មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែរ ព្រោះករណីក្លែងបន្លំមកពីការផ្ដល់ព័ត៌មានដល់អ្នកប្រើប្រាស់មិនបានគ្រប់ជ្រុងជ្រោយ ការដាក់ស្លាកសញ្ញាមិនសមស្រប ឬធ្វេសប្រហែស។
លោកនិយាយថា៖ «នៅពេលការត្រួតពិនិត្យផលិតផលទំនិញរកឃើញថា ហួសកាលបរិច្ឆេទ ឬក៏កត្តាអនាម័យ លក្ខខណ្ឌទុកដាក់ទំនិញមិនសមស្របដែលធ្វើឱ្យខូចគុណភាព ឬក៏រកឃើញថាមានវត្តមានសារធាតុគីមីហាមឃាត់ក្រោយពីយើងយកទៅធ្វើពិសោធនៅមន្ទីរពិសោធន៍ គឺយើងដាច់ខាតត្រូវតែអនុវត្តតាមនីតិវិធីកម្ទេចចោល ហើយម្ចាស់ទំនិញ ឬក៏អ្នកនាំចូលទំនិញត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ជាមួយគ្នានេះដែរ ពលរដ្ឋដែលជាបុគ្គលិកធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងក្នុងរាជធានីភ្នំពេញ កញ្ញា សារុន វួចលាង បានលើកឡើងថា កញ្ញាពិតជាមានការបារម្ភពីសុវត្ថិភាពចំណីអាហារ ហើយករណីក្លែងបន្លំជាហូរហែមកនេះ ក៏បានធ្វើឱ្យកញ្ញាហាក់បាត់បង់ទំនុកចិត្តលើការទិញចំណីអាហារ ជាពិសេសផលិតផលដែលមិនមានប្រភពច្បាស់លាស់ ឬគ្មានស្លាកសញ្ញាត្រឹមត្រូវ។
កញ្ញាបន្តថា៖ «ខ្ញុំតែងតែពិនិត្យថ្ងៃផុតកំណត់ ប្រភពផលិត និងជ្រើសរើសទិញពីហាង ឬទីតាំងដែលអាចទុកចិត្តបាន។ ខ្ញុំបារម្ភថា ប្រសិនបើទទួលទានអាហារក្លែងបន្លំ ឬគ្មានសុវត្ថិភាព អាចបង្កឱ្យមានជំងឺ និងប៉ះពាល់ដល់សុខភាពរយៈពេលវែងទាំងខ្លួនឯង និងសមាជិកគ្រួសារ និងប្រជាពលរដ្ឋដទៃទៀតដែលប្រឈមនឹងហានិភ័យខ្ពស់»។
ក្នុងនាមជាប្រជាពលរដ្ឋមួយរូប កញ្ញាសំណូមពរឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារឱ្យបានទៀងទាត់ រួមទាំងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកដែលលក់ទំនិញក្លែងបន្លំ ឬគ្មានគុណភាព។ លើសពីនេះ ប្រភពដដែលចង់ឱ្យម្ចាស់អាជីវកម្ម លក់ផលិតផលដែលមានគុណភាព មានប្រភពច្បាស់លាស់ និងគិតគូរដល់សុខភាពអ្នកប្រើប្រាស់ជាចម្បង ដើម្បីរួមចំណែកកសាងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គម លោកបណ្ឌិត គិន ភា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា សង្គមមួយគ្រោះថ្នាក់បំផុត មិនមែនត្រឹមតែពេលមានភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពេល «ភាពក្លែងក្លាយ» បានក្លាយទៅជារឿងធម្មតា។ លោកថា ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការកុហកតូចតាចទេ ប៉ុន្តែជាជំងឺសង្គមដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិតធំជាងសេចក្តីពិត ការសម្តែងធំជាងមនសិការ និងការបោកប្រាស់ធំជាងសុចរិតភាព។
ប្រភពរូបនេះរៀបរាប់ថា ភាពក្លែងក្លាយដែលប៉ះពាល់ជីវិតប្រជាពលរដ្ឋផ្ទាល់បំផុត គឺភាពក្លែងក្លាយក្នុងទីផ្សារ។ ទំនិញក្លែងក្លាយ អាហារក្លែងក្លាយ ឱសថក្លែងក្លាយ ផលិតផលសុខភាពក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយ និងសេវាកម្មក្លែងក្លាយ កំពុងបំផ្លាញទាំងសុខភាព ទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់។
លោកលើកឧទាហរណ៍ ករណីដែលបានកើតឡើងកន្លងមកមានដូចជា ទុរេន ត្រីសាលម៉ុង ឡេលាបខ្លួន រហូតដល់ថ្នាំព្យាបាលជំងឺ ដែលលោកថាភាពក្លែងក្លាយកំពុងលូតលាស់ដូចជាមេរោគក្នុងទីផ្សារ។ អ្នកលក់ទំនិញក្លែងក្លាយ មិនមែនគ្រាន់តែបោកអតិថិជនទេ ប៉ុន្តែកំពុងលេងសើចលើជីវិតមនុស្ស។ អ្វីដែលកាន់តែគ្រោះថ្នាក់ថែមទៀតនោះ គឺការផ្សព្វផ្សាយក្លែងក្លាយ ដែលបំភាន់ឱ្យមនុស្សជឿថា របស់ក្លែងក្លាយទាំងនោះ ជារបស់ពិត។
ប្រភពរូបនេះសង្កត់ធ្ងន់ថា៖ «រាល់ភាពក្លែងក្លាយដែលមិនត្រូវបានផ្តន្ទាទោស នឹងបង្កើតភាពក្លែងក្លាយថ្មីៗបន្តទៀត ហើយរាល់ភាពក្លែងក្លាយដែលត្រូវបានអបអរសាទរ នឹងសម្លាប់សេចក្តីពិតបន្តិចម្តងៗ រហូតដល់សង្គមលែងអាចបែងចែករវាងរបស់ពិត និងរបស់ក្លែងក្លាយបានទៀត»។
ស្រដៀងគ្នានេះដែរ ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី ពន្យល់ថា សារធាតុគីមីក្នុងចំណីអាហារដែលប្រជាពលរដ្ឋបានទទួលទានដោយមិនដឹងខ្លួនជាប្រចាំថ្ងៃនេះ នឹងបង្កើនជាជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ដែលកើតឡើងមកពីជាតិគីមីច្រើនហួសកម្រិតប៉ះពាល់ដល់សុខភាព។
លោកណែនាំបន្ថែមថា៖ «ដើម្បីទប់ស្កាត់ផលប៉ះពាល់យើងត្រូវការពារ ទីមួយបងប្អូនត្រូវការពារខ្លួននៅពេលសង្កេតឃើញថា ចំណីអាហារទាំងហ្នឹងមានភាពស្អុយរលួយ ឬខូចគុណភាព គួរតែកុំបរិភោគ មួយទៀតពេលបងប្អូនយកពីទូរក្លាសេមក ចំណីអាហារទាំងអស់ហ្នឹងវាអស់ជីវជាតិហើយ ពេលរលាយទឹកកកវាទៅជាសាច់ខ្មៅខូចអស់ហើយតែបងប្អូនយកមកបរិភោគទៀត កន្លែងហ្នឹងហើយដែលធ្វើឱ្យប៉ះពាល់សុខភាព ដូចជា សាច់មាន់ សាច់ជ្រូក សាច់គោ ដែលបង្កករាប់ខែ រាប់ឆ្នាំនៅក្នុងទូរទឹកកក»។
គួរជម្រាបដែរថា ការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញលើការក្លែងបន្លំទំនិញកាលពីពេលថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររកឃើញសាច់បង្កកជាង២០០តោននាំមកពីថៃ ក្នុងឃ្លាំងស្តុកចំនួនពីរក្នុងខណ្ឌឫស្សីកែវ និងព្រែកព្នៅ រាជធានីភ្នំពេញ រួមទាំងករណីនាំចូលទំនិញផ្លែឈើផ្សេងៗទៀតពីថៃតាមច្រកព្រំដែនខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមន្រ្តីបន្តចុះអនុវត្តការងារត្រួតពិនិត្យទំនិញខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែក៏បានណែនាំឱ្យមន្រ្តីអនុវត្តការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមនីតិវិធី។ ការណែនាំនេះ គឺក្រោយមានការរិះគន់ថា មន្រ្តីខ្លះបានអនុវត្តលើសពីនីតិវិធីរបស់ខ្លួនដែលធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ម្ចាស់អាជីវកម្មដែលរកស៊ីត្រឹមត្រូវ៕







