សង្គមស៊ីវិលបានស្វាគមន៍ចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការផ្តល់រង្វាន់តាមក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈ ប៉ុន្តែបានអំពាវនាវឲ្យមានការបន្តឹងការអនុវត្តច្បាប់ និងវិធានការផ្សេងៗបន្ថែម ដើម្បីធានាប្រសិទ្ធភាពឈានទៅកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។ ការលើកឡើងនេះបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញនូវវិធានការគ្រប់គ្រងផលិតផលស្រាបៀរ និងភេសជ្ជៈកំប៉ុងកាលពីថ្ងៃទី០៤ខែឧសភា ដោយតម្រូវឱ្យដករង្វាន់ចេញពីក្រវិលកំប៉ុងឬគម្របដបត្រឹមថ្ងៃទី០១ខែតុលា២០២៦។
សេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ណែនាំទៅអគ្គនាយកដ្ឋានពន្ធដារ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់ការផ្តល់រង្វាន់លើផលិតផលស្រាបៀរ និងភេសជ្ជៈមានជាតិស្ករ (ជាពិសេសភេសជ្ជៈប៉ូវកម្លាំង) តាមរយៈក្រវិលកំប៉ុង គម្របដប ឬទម្រង់ផ្សេងៗ ដោយចាប់ផ្តើមអនុវត្តពេញលេញពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។
លិខិតនេះលើកឡើងថា៖ «អនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់ តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈ ប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់ សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង បានគ្រាំទ្រវិធានការនេះថា ជាជំហានវិជ្ជមានមួយក្នុងការគ្រប់គ្រងគ្រឿងស្រវឹង ប៉ុន្តែថា មិនគ្រប់គ្រាន់នៅឡើយ។
លោកថ្លែងប្រាប់ថា៖ «ពីព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពសាធារណៈ ហើយវិធានការទាំងអស់នេះវាជួយកាត់បន្ថយ គ្រឿងស្រវឹងត្រូវបានកាត់បន្ថយគឺ គ្រោះថ្នាក់វាត្រូវបានថយចុះហើយសុខភាពសាធារណៈមានការប្រសើរឡើង»។
លោកបន្តថា៖«ខ្ញុំស្នើសុំឲ្យមានការធ្វើយ៉ាងណាឱ្យសកម្មភាពនេះត្រូវបានធ្វើជាប្រចាំហើយធ្វើឱ្យមានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យហើយមិនត្រូវមានការលើកលេងចំពោះអ្នកដែលមិនព្រមគោរពតាមនៅអនុក្រឹត្យនូវបទបញ្ជារបស់រដ្ឋាភិបាលឡើយ»។
លោកបានប្រាប់ថា វិធានការលុបរង្វាន់អាចជួយកាត់បន្ថយការលើកទឹកចិត្តដល់អ្នកផឹក ប៉ុន្តែបើគ្មានការត្រួតពិនិត្យតឹងរឹង អាចនឹងមានការបំលែងទៅជាវិធីផ្សេងៗដើម្បីទាក់ទាញអតិថិជន។លោកបានបន្ថែមថា អាជ្ញាធរគួរតែអនុវត្តច្បាប់ដោយតឹងរឹង រួមទាំងការផាកពិន័យ ឬដកអាជ្ញាប័ណ្ណចំពោះអ្នកមិនគោរព។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានគាំទ្រវិធានការនេះថា អាចជួយកាត់បន្ថយជំងឺមិនឆ្លង។ លោកបានលើកឡើងថា ការលុបរង្វាន់អាចបន្ថយការប្រើប្រាស់លើសកម្រិត ដែលជាមូលហេតុនាំឲ្យកើតជំងឺដូចជា ទឹកនោមផ្អែម ជំងឺក្រពះ ការខូចតម្រងនោម និងជំងឺមហារីក។
លោកបន្តថា៖ «មួយមួយទៀតគួរណាតែយើង ពិនិត្យ ចូលឡាបូនូវវត្ថុធាតុដើមដែលគ្រឿងកំប៉ុងហ្នឹងទៅចូលឡើយបើពិនិត្យមើលតែគាត់ធ្វើទៅវាមានគុណភាពល្អឬមានជាតិគីមីអីខ្លះ។ ហ្នឹងស្អីខ្លះនៅក្នុងហ្នឹង នេះជារឿងមួយដែលយើងគួរប្រុងប្រយ័ត្នទាំងអស់គ្នាទាំងអ្នកប្រើទាំងអ្នកហូបទាំងអ្នកផលិតគឺប្រយ័ត្នទាំងអស់គ្នាហើយនិងក្រសួងពាក់ព័ន្ធ»។
លោកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងរបបអាហារ អនុវត្តលំហាត់ប្រាណ និងទៅពិនិត្យសុខភាពជាប្រចាំ ដើម្បីការពារជំងឺ។
លោកលើកឡើងថា៖ «ដូចខ្ញុំនៅធ្វើការនៅមន្ទីរសម្រាកព្យាបាលនៅគ្លីនិកចិនឃើញថាជំងឺទឹកនោមផ្អែមជំងឺខូចក្រលៀនមានច្រើនបានមកជួបច្រើនហើយតែមកមើលឈាមទៅពិនិត្យឈាមទៅ មានកន្លែងហ្នឹងហើយយើងបារម្ភ។ ការណ៍ដែលបញ្ឈប់ ការផ្តល់រង្វាន់នេះវាជារឿងមួយល្អប្រសើរបានកាត់បន្ថយកាត់បន្ថយនូវការចាំហូបដោយការក្រេបគ្រឿងស្រវឹងបាន កាត់បន្ថយច្រើននេះជារឿងមួយដែលយើងគួរណាដែលខ្ញុំលើកខាងលើគួរណាតែយើងក៏ ខំប្រយុទ្ធប្រឆាំងទាំងអស់គ្នាទើបជីវិតយើងរស់បានយូរ »។
រីឯអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានលើកឡើងថា វិធានការដែលរដ្ឋាភិបាលបានដាក់ចេញកន្លងមក មិនសូវមានប្រសិទ្ធភាព ប្រសិនបើការអនុវត្តមិនតឹងរឹង។
លោកលើកឡើងថា៖ «ជាការពិតហើយ យើងចង់ឃើញការអនុវត្តន៍ រាល់ដងគឺអាជ្ញាធរដែលពាក់ព័ន្ធត្រឹមតែជូនដំណឹង ប៉ុន្តែការអនុវត្តន៍យើងឃើញថាចេះតែ ពន្យារហូតហើយយើងឃើញថា វិធីសាស្ត្រនេះ វាគ្មានប្រសិទ្ធិភាពទេប្រសិនជានៅតែបន្ត អនុវត្តន៍តាមគម្រូចាស់បែបនេះ មានន័យថាអនុវត្តន៍មិនមានជាលិទ្ធផលជាក់ស្តែង ហើយយើងចង់ឃើញការអនុវត្តច្បាប់ជាជាង ការបញ្ជាក់ហើយបញ្ជាក់ទៀត។
លោក អំពាវនាវឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹង មានតម្លាភាព និងយុត្តិធម៌ ដើម្បីអាចកាត់បន្ថយបញ្ហាបានពិតប្រាកដ។
តាមរបាយការណ៍ តាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា២០២១-២០២២ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល កាលខែមេសា ឆ្នាំ២០២៣ បង្ហាញថា ប្រហែល ៧០% នៃបុរសនៅកម្ពុជា សេពគ្រឿងស្រវឹង ខណៈស្ត្រីមានត្រឹម ១៦% ប៉ុណ្ណោះ ហើយការសេពគ្រឿងស្រវឹងក៏ត្រូវបានភ្ជាប់ជាមួយហានិភ័យអំពើហិង្សាក្នុងគ្រួសារផងដែរ។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដើម្បីពិភាក្សាពីការគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង។កាលថ្ងៃទី២៤ មេសា ឆ្នាំ២០២៥ យោងតាមលិខិតពីទីស្តីការគណៈរដ្ឋមន្រ្តី ចុះ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ដោយក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផល គ្រឿងស្រវឹងនិងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យ ក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA)លោក សន ជ័យ ក៏បានគាំទ្រវិធានការនេះ ប៉ុន្តែបានអំពាវនាវឲ្យមានច្បាប់គ្រប់គ្រងជាក់លាក់។
លោកលើកឡើងថា៖ «ដោយសារតែមើលឃើញអំពី ការីករាលដាលខ្លាំងនៃការប្រើប្រាស់ ភេសជ្ជៈដែលមិនជួយសុខភាពមនុស្ស ហើយក្រៅពីនោះគឺស្រា អីចឹងពីមុខនេះក្រៅពីបារី ខ្ញុំមើលឃើញ វាកំពុងតែញ៉ាំញី សង្គមខ្មែរយ៉ាងខ្លាំង។ វាមិនត្រឹមតែប៉ះពាល់សង្គមទេ វាថែមតាំងប៉ះពាល់ដល់សង្គម»។លោកបានថ្លែងថា ការរីករាលដាលនៃការប្រើប្រាស់ស្រា និងភេសជ្ជៈផ្អែមកំពុងប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងសុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ៖«ទន្ទឹមទៅលើឃើញលើទិដ្ឋភាព បែបនេះយើងក៏ចង់ ដឹងដែលអំពីក្រសួង សុខាភិបាលដូចជាអាជ្ញាធរពាក់ព័ន្ធ ពួកគេគួរតែមានការបង្ហាញអំពី ផលប៉ះពាល់គ្រឿងស្រវឹង។ ហើយនឹងភេសជ្ជៈបូវកម្លាំងខ្លាំង ដើម្បីឲ្យបានជាមូលដ្ឋានរឹងមាំមួយសម្រាប់ជាការអប់រំពលរដ្ឋផង ហើយក៏ដូចជាការគ្រាំទ្របែបវិទ្យាសាស្ត្រដែលទៅនឹងចំណាត់ការរដ្ឋាភិបាល ដែលបិទបញ្ចប់នូវការផ្សព្វផ្សាយ ការលើកទឹកចិត្តការប្រើប្រាស់គ្រឿងស្រវឹង និងភេជ្ជសៈ និងផ្អែម»។
លោកបានលើកឡើងថា វិធានការបច្ចុប្បន្នគ្រាន់តែជាជំហានផ្នែករដ្ឋបាលមួយប៉ុណ្ណោះ ហើយមិនទាន់គ្រប់គ្រាន់ទេ ដូច្នេះត្រូវការច្បាប់ជាក់លាក់ពីនិតិបញ្ញត្តិ ដើម្បីគ្រប់គ្រងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមឲ្យបានតឹងរឹង។ លោកបានណែនាំឲ្យមានការកំណត់អាយុអ្នកផឹក បរិមាណអនុញ្ញាត និងលក្ខខណ្ឌលក់ ជាពិសេសចំពោះយុវជន ខណៈដែលការផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋ ក៏ជាកត្តាសំខាន់ ព្រោះបញ្ហានេះមិនអាចដោះស្រាយបានភ្លាមៗនោះទេ៕







