តុលាការផ្តន្ទាទោសសមាជិកបក្សកម្លាំងជាតិ លោក អៀម រ៉ាវុទ្ធ ដាក់ពន្ធនាគារ ៣ ឆ្នាំពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»

នយោបាយ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្រេចផ្តន្ទាទោសសមាជិកគណបក្សកម្លាំងជាតិ លោក អៀម រ៉ាវុទ្ធ ដាក់ពន្ធនាគារចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» តាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌុំ។ ប៉ុន្តែសាច់ញាត្តិចាត់ទុកសាលក្រមនេះជារឿងអយុត្តិធម៌ និងបានសម្រេចបន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី បានប្រាប់អ្នកសារព័ត៌មានថា

លោក អៀម រ៉ាវុទ្ធ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។

យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់បន្ថែមអំពីអង្គហេតុនៃការចោទប្រកាន់ថាកើតឡើងក្នុងស្ថានភាពបែបណានោះទេ។

មេធាវីការពារក្តីរបស់លោក អៀម រ៉ាវុទ្ធ គឺ លោក ជូង ជូងី បានឱ្យដឹងថា កូនក្តីរបស់លោកមិនអាចទទួលយកការសម្រេចរបស់តុលាការបានទេ ហើយបានសម្រេចប្តឹងឧទ្ធរណ៍។

លោកលើកឡើងថា៖ «គាត់មិនទទួលយកបាននូវសេចក្តីសម្រេចនេះ ហើយគាត់បានប្រគល់ឲ្យលោកមេធាវីដើម្បីប្តឹងឧទ្ធរណ៍ ហើយខ្ញុំក៏បានរៀបចំបែបបទប្តឹងឧទ្ធរណ៍ជូនគាត់រួចហើយដែរ»។

លោកមេធាវីក៏បានបញ្ជាក់ដែរថា លោកមិនអាចបញ្ជាក់លម្អិតអំពីអង្គហេតុនៃបទចោទនេះបាននៅឡើយទេ។

យ៉ាងណា ប្អូនស្រីរបស់លោក អៀម រ៉ាវុទ្ធ គឺកញ្ញា អៀម ថារី បានចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាននោះទេ។

កញ្ញាអះអាងថា បងប្រុសរបស់នាងត្រូវបានចោទប្រកាន់ដោយផ្អែកលើសំឡេងថត និងការអះអាងពីបុគ្គលផ្សេងបានលួចថតសំឡេងកំឡុងពេលជួបជុំនៅហាងតូបកាហ្វេ ដោយការលើកឡើងនេះមិនមានភស្តុតាងជាក់ស្តែងបង្ហាញនៅក្នុងតុលាការនោះទេ។

កញ្ញាបន្តថា៖ «ក្នុងសារសំឡេងមានជនម្នាក់ទៀតបាន ជាអ្នក record សម្លេង [ថតសម្លេង] នៅក្នុងតូបកាហ្វេនិយាយគ្នាជុំគ្នាចឹងណា ហើយអត់ដឹងនរណាជាអ្នក record [ថតសម្លេង] ហើយសារសំឡេងហ្នឹងអត់មានមកបង្ហាញភស្តតាងសាធារណៈនៅក្នុងតុលាការដូចគ្នា»។

កញ្ញាក៏បានរៀបរាប់ពីផលប៉ះពាល់លើគ្រួសារ ដោយថា លោក អៀម រ៉ាវុទ្ធ គឺជាអ្នកទទួលបន្ទុកជួយគ្រួសារ និងជួយផ្គត់ផ្គង់ការសិក្សារបស់ក្មួយៗផងដែរ។

កញ្ញាប្រាប់ថា៖ «ស្នើសុំទៅកាន់តុលាការ និងអាជ្ញាធរដែលពាក់ព័ន្ធសូមជួយដោះលែងបងប្រុសរបស់ខ្ញុំមកវិញមក ដោយសារតែគាត់គ្មានកំហុសអ្វីទេ ដោយការចោទប្រកាន់របស់គាត់ គ្មានភស្តុតាង និង គាត់អត់បានធ្វើអ្វីខុសចឹង ដោយអយុត្តិធម៌ពេកចំពោះគាត់»។

ជុំវិញសំណុំរឿងនេះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សកម្លាំងជាតិ លោក ឈួ ផេង បានរិះគន់ការសម្រេចរបស់តុលាការ និងចាត់ទុកថាជារឿងនយោបាយ ។

លោក ឈួ ផេង យល់ថា ភស្តុតាងដែលតុលាការយកមកដាក់បន្ទុក គឺគ្រាន់តែជាសំឡេងសន្ទនារបស់អ្នកដទៃនៅក្នុងហាងកាហ្វេប៉ុណ្ណោះ ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ឃើញថា អត់មានភស្តុតាងដាក់បន្ទុកគាត់ទាំងអស់ដែលភស្តុតាងដែលដាក់បន្ទុកនោះគឺយកសំឡេងរបស់អ្នកដទៃជជែកគ្នានៅហាងកាហ្វេមកដាក់បន្ទុកគាត់។ វាអត់សមទាល់តែសោះ ដែលគាត់មិនមែនអ្នកធ្វើ គាត់អ្នកអង្គុយស្ដាប់ទេហើយកាហ្វេជុំគ្នាហ្នឹងគឺយកស្គាល់សំឡេងហ្នឹងដាក់បន្ទុកគាត់ សោកស្ដាយមែនទែនដែលតុលាការមិនគួរទាល់តែសោះ»។

លោកលើកឡើងបន្ថែមថា៖ «ខ្ញុំក៏សំណូមពរឲ្យតុលាការពិចារណាដោះលែងគាត់ឲ្យនៅក្រៅឃុំដើម្បីធានាថា នៅមានឯករាជភាពក្នុងស្ថាប័នរបស់ខ្លួនព្រោះស្ថានភាព មើលទៅគាត់ក៏មានជំងឺផងដែរអ៊ីចឹងគួរតែតុលាការពិចារណាឡើងវិញចំពោះករណីគាត់»។

រីឯ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត យល់ថា ការអនុវត្តច្បាប់លើសកម្មជននយោបាយប្រឆាំងនៅកម្ពុជា បានបង្ហាញពីសញ្ញានៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

លោកបន្តថា សេរីភាពបញ្ចេញមតិនៅកម្ពុជា កាន់តែរឹតត្បិត ហើយអាជ្ញាធរគួរតែធានាឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោកមានប្រសាសន៍ថា៖ «អ៊ីចឹងយើងស្នើសុំដោយទទូចមេត្តាគួរតែ កាត់បន្ថយនៃការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។ អន្តរជាតិគេមើលឃើញថាកម្ពុជាយើងហ្នឹងខំយកចិត្តទុកដាក់ក្នុងការអនុវត្តនូវរបបលទ្ធិប្រជាធិបតេយ្យហើយជាពិសេសសេរីភាពក្នុងការបញ្ចេញមតិនេះហើយដែលជាមូលដ្ឋានគ្រឹះនៃប្រទេសមួយដែលប្រកាន់យករបបប្រជាធិបតេយ្យ។ ហើយយើងសង្ឃឹមថាសាលាឧទ្ធរណ៍នឹងវិនិច្ឆ័យគាត់នៅពេលសវនាការខាងមុខនេះ នឹងបន្ធូរបន្ថយ ឬមួយក៏ដោះលែងគាត់ឲ្យមានសេរីភាព»។

បើតាមអង្គការលីកាដូ លោក អៀម រ៉ាវុទ្ធ អាយុ ៣៩ ឆ្នាំ គឺជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ដោយការចាប់ខ្លួននេះ គ្រួសាររបស់លោកពុំបានដឹងនោះទេ រហូតដល់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទើបឃើញមានសេចក្តីប្រកាសព័ត៌មានជាសាធារណៈរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពីការចាប់ខ្លួនលោក រ៉ាវុទ្ធ និងបទចោទប្រកាន់ចំពោះរូបលោក៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2685}" data-page="1" data-max-pages="1" data-start="1" data-end="1">