ក្រសួងបរិស្ថានកម្ពុជា ព្រមានពីហានីភ័យគ្រោះអគ្គីភ័យ ដែលអាចកើតឡើងតាមមូលដ្ឋាន និងភ្លើងឆេះព្រៃក្នុងរដូវប្រាំង ដោយសារការកើនឡើងកម្ដៅខ្លាំងអូសបន្លាយជាច្រើនសប្ដាហ៍នៅទូទាំងប្រទេស។ នេះបើតាមសេចក្ដីប្រកាសពីក្រសួងបរិស្ថានចេញផ្សាយថ្ងៃទី០២ មេសា ឆ្នាំ២០២៥។
ក្រសួងជំរុញឱ្យពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ ដោយចៀសវាងការដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ ព្រោះអាចបង្កការឆាបឆេះយ៉ាងឆាប់រហ័ស ក្រោមលក្ខខណ្ឌកម្ដៅខ្លាំង និងខ្យល់បក់ខ្លាំង។
ក្រសួងបញ្ជាក់ថា ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរជាច្រើនសប្ដាហ៍ខាងមុខទៀត ដែលអាចបណ្តាលឱ្យមានអគ្គិភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស ពិសេសនៅក្នុងតំបន់លំនៅឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើពលរដ្ឋ និងអាជ្ញាធរមិនមានការប្រុងប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់ស្កាត់ឱ្យបានល្អ។
ក្រសួងបរិស្ថាន៖ «ភ្លើងដែលបណ្តាលមកពីការធ្វេសប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងដល់អាយុជីវិត ដោយឡែកប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំឱ្យមានការខូចខាតបរិស្ថានយ៉ាងខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ ការបង្ការអគ្គីភ័យគឺមានសារៈសំខាន់មិនត្រឹមតែដើម្បីការពារផ្ទះសម្បែង និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការបំពុលខ្យល់ និងការពារសុខភាពសាធារណៈក្នុងអំឡុងពេលមានកំដៅខ្លាំងផងដែរ»។
ក្រសួងបរិស្ថានលើកទឹកចិត្តប្រជាពលរដ្ឋ ពន្លត់ភ្លើង នៅក្រោយពេលចម្អិនអាហារឱ្យបានត្រឹមត្រូវ។ ក្រសួងក៏ជំរុញដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការឆ្លើយតបរហ័ស ជាពិសេសនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែលអាចបង្កទៅជាអគ្គីភ័យទ្រង់ទ្រាយធំ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយអគ្គីភ័យ និងធានាសុវត្ថិភាពក្នុងការរស់នៅរបស់សហគមន៍។
ជាមួយគ្នានេះដែរ អង្គការយូនីហ្វេសប្រចាំកម្ពុជា UNICEF Cambodia ក៏ព្រមានពីផលប៉ះពាល់ដោយសារកម្តៅ ដែលអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសចំពោះកុមារ និងទារក។
តាមយូនីហ្វេសកម្ពុជា សីតុណ្ហភាពក្ដៅនឹងឡើងខ្ពស់ខុសពីធម្មតា ហើយបន្តអូសបន្លាយទូទាំងប្រទេសកម្ពុជា រហូតដល់ខែឧសភា និងមិថុនា។ យ៉ាងណា អង្គការនេះណែនាំវិធីបង្ការផលប៉ះពាល់ដោយការកើនឡើងកម្ដៅខ្លាំងនេះថា ប្រសិនបើមានអាការៈស្រេកទឹកខ្លាំង បែកញើសជោក វិលមុខ ក្អួត ឈឺក្បាល ឬហត់នឿយខុសធម្មតា ហាមប្រើប្រាស់ថ្នាំផ្ដេសផ្ដាស ត្រូវប្រញាប់រកគ្រូពេទ្យជំនាញ។ ត្រូវស្លៀកពាក់ឱ្យកុមារខោអាវរលុងៗ ខ្យល់ចេញចូលបានល្អ ដើម្បីកាត់បង្ថយការឡើងកម្ដៅខ្លាំង និងកុំទុកក្មេងៗក្នុងកន្លែងបិទជិត ដូចជាក្នុងឡាន ឬបន្ទប់ហប់គ្នានខ្យល់ចេញចូលគ្រប់គ្រាន់។ បំពេញជាតិទឹកឱ្យញឹកញាប់ ដោយឱ្យកុមារញ៉ាំទឹកឱ្យបានច្រើន ទារកក្រោម៦ខែ គួរបៅដោះម្ដាយតែមួយមុខគត់ ឯអ្នកម្ដាយបំបៅដោះកូនក៏ត្រូវញ៉ាំទឹកឱ្យបានច្រើនដែរ។ ជ្រកក្រោមម្លប់ ដោយនៅកន្លែងមានម្លប់ត្រជាក់ និងប្រើមួក ឬឆ័ត្រ នៅពេលចេញក្រៅ។
ក្នុងនោះអង្គការដដែលបន្តទៀតថា ចៀសវាងឱ្យកុមារចេញលេងនៅខាងក្រៅ អំឡុងពេល ដែលមានកម្ដៅឡើងខ្លាំងបំផុត ចន្លោះម៉ោង ១១ព្រឹក ដល់ ៤រសៀល និងច្រៀសវាងសកម្មភាពប្រើកម្លាំងខ្លាំងក្រោមកម្ដៅខ្លាំង ដូចជាការហាត់ប្រាណ ឬលេងកីឡាក្រោមកម្ដៅខ្លាំង ដែលងាយបង្កឱ្យរាងកាយកង្វះជាតិទឹកធ្ងន់ធ្ងរ។
របាយការណ៍អង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥កន្លងទៅ ភពផែនដីបានជួបប្រទះសីតុណ្ហភាព «ក្តៅបំផុត» មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅរយៈពេល ១១ឆ្នាំចុងក្រោយនេះ។ របាយការណ៍បញ្ជាក់ថា អាកាសធាតុក្តៅនេះ បង្កឡើងដោយសកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សលោកតែម្តង ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gas) ទៅក្នុងបរិយាកាស៕







