យុវជនឈឺឆ្អាលកិច្ចការសង្គមកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងពីផលប៉ះពាល់ផ្លូវចិត្តរបស់យុវជននៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងទទួលរងនូវការឈ្លានពានទឹកដីពីសំណាក់យោធាថៃ ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ ហើយស្ថានភាពនយោបាយអាប់អួរ។
កង្វល់ពីបញ្ហាផ្លូវចិត្តរបស់យុវជននេះ ត្រូវបានលើកឡើងពិភាក្សានៅក្នុងជំរុំសុខភាពផ្លូវចិត្តមួយដែលយុវជនរៀបចំឡើងនៅក្នុងខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ ដោយមានការចូលរួមពីសិស្ស និស្សិត យុវជន និងអ្នកធ្វើកិច្ចការសង្គមជាច្រើន។
នៅក្នុងឱកាសនោះ អ្នកចូលរួមបានចែករំលែកបទពិសោធន៍មួយចំនួនដើម្បីជាគន្លឹះដោះស្រាយបញ្ហាផ្លូវចិត្តរបស់យុវជន។ ឯអ្នកជំនាញទទួលស្គាល់ថា បញ្ហាផ្លូវចិត្តកំពុងមានឥទ្ធិពលខ្លាំងទៅលើពលរដ្ឋគ្រប់ជាន់ថ្នាក់ និងគ្រប់វ័យ ជាពិសេសគឺយុវជនដែលតែងតែឈឺឆ្អាលពីបញ្ហាសង្គម។
យុវជនម្នាក់ដែលចូលរួមផ្តួចផ្ដើមគំនិតបង្កើតជំរុំសុខភាពផ្លូវចិត្ត លោក មិន ពៅ ប្រាប់ប្រជាកាសែតថា យុវជនត្រូវតែរឹងមាំជានិច្ច និងត្រូវខិតខំថែរក្សាផ្លូវចិត្តឱ្យបានល្អ បើទោះជាសង្គមជាតិស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ ទោះជាយ៉ាងណា លោកទទួលស្គាល់ថា បញ្ហាលំបាកក្នុងផ្នែកសេដ្ឋកិច្ច ផលប៉ះពាល់ដោយសារបញ្ហាសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាង និងបញ្ហានយោបាយ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់យុវជនសកម្មការងារសង្គមកាន់តែខ្លាំង ប៉ុន្តែលោកជឿថា ប្រសិនបើយុវជនយកចិត្តទុកដាក់គ្រប់គ្រងផ្លូវចិត្តខ្លួនឯងបាន នោះផលប៉ះពាល់នៃជំងឺផ្លូវចិត្តរបស់ពួកគេអាចត្រូវបានកាត់បន្ថយ។
ដើម្បីចូលរួមដោះស្រាយបញ្ហាផ្លូវចិត្តនេះ លោក មិន ពៅ ថាជំរុំសុខភាពផ្លូវចិត្តដែលលោកផ្ដួចផ្ដើមបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយចាប់ផ្តើមដំបូងនៅខេត្តកំពង់ស្ពឺ គឺផ្ដោតខ្លាំងលើការសមាធិ ការហាត់ប្រាណ ការថែទាំសុខភាពរាងកាយ ព្រមទាំងគន្លឹះក្នុងការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពផ្លូវចិត្តជាប្រចាំ។
លោក មិន ពៅ បន្តថា «សំខាន់យើងពង្រឹងសមត្ថភាពផ្លូវចិត្តយើង ហើយពង្រឹងវាម៉េច តាមរយៈការអាន ការសង្កេត ការស្តាប់ តាមរយៈការអនុវត្ត ការសមាធិអីជាដើម ហើយមានការជជែកពិគ្រោះយោបល់អ៊ីចឹងទៅ»។
ព្រះតេជព្រះគុណ អូន គង់ គង់នៅខេត្តសៀមរាប មានថេរដីកាថា យុវជនអាចរក្សាផ្លូវចិត្តឱ្យល្អបាន តាមរយៈការព្យាយាមសម្អាតកាយរបស់ខ្លួនឱ្យសុចរិត ហើយកាលណាកាយសុចរិត វាចាសុចរិត គំនិតសុចរិត រមែងរុញច្រានឱ្យការរស់នៅមានភាពល្អប្រសើរ។ ដូច្នេះ ព្រះអង្គថា ការប្រែប្រួលរបស់ជីវិតមនុស្ស គឺមានសុខផង ទុក្ខផង មានន័យថា មានបញ្ញាគ្រប់គ្រាន់តាមរយៈការវិភាគលើកត្តារួមផ្សំ គឺជាផ្នែកមួយរុញច្រានឱ្យសក្ដានុពលក្នុងខ្លួន បន្តសកម្មភាពក្នុងជីវិតកុំបាក់ស្បាត ឬតក់ស្លុត។
ព្រះអង្គ អូន គង់ បន្ត៖ «សមាធិគឺការតម្កល់ចិត្តឱ្យត្រឹមត្រូវក្នុងអំឡុងពេលដែលយើងកំពុងប្រកបកិច្ចការងារមួយចំនួនអ៊ីចឹងទៅ។ មានបញ្ញា បានន័យថា មានមធ្យោបាយ មានគំនិត មានទស្សនវិស័យ មានធាតុផ្សំដោយច្រើននៅក្នុងការចូលរួមចំណែកផ្លាស់ប្ដូរនូវភាពអសកម្ម ឬភាពមិនប្រក្រតី។»។
យុវតីម្នាក់ទៀតមកពីស្ថាប័នអង្គការក្រៅរដ្ឋាភិបាល កញ្ញា ឆន ស្រីណាំ យល់ថា ស្ថានភាពនយោបាយបច្ចុប្បន្ន ពិតជាពិបាក និងតានតឹងខ្លាំង ប៉ុន្តែ កញ្ញាលើកទឹកចិត្ត កុំឱ្យយុវជនគិតតែពីបញ្ហាខ្លាំងពេក នាំឱ្យថប់អារម្មណ៍ ឬស្ដ្រេស ឬពិបាកចិត្តខ្លាំង។ កញ្ញាបន្តថា យុវជនត្រូវចំណាយពេលឱ្យខ្លួនឯង តាមរយៈការអានសៀវភៅ ឬក៏ដើរលំហែឱ្យបានច្រើន ហើយត្រូវយកអ្វីដែលល្អៗមកគិត។
កញ្ញា ឆន ស្រីណាំ បន្តថា «បើជាស្ត្រីដូចខ្ញុំ យើងអាចទៅផ្សារ ទៅជួបពួកម៉ាក ឬក៏ដើរលេង ដើម្បីកុំឱ្យភាពស្ដ្រេសហ្នឹងវាចូលមកក្នុងជីវិតរបស់យើងខ្លាំងពេក»។
យុវជនវ័យក្មេងលោក ជន សុខធូធារាជ្យ យល់ថា យុវជនគួររក្សាក្ដីសង្ឃឹមក្នុងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែកុំឆាប់ជឿអ្វីមួយខ្លាំងពេក ដោយត្រូវតាមដានព្រឹត្តិការណ៍សង្គម ឬពឹងផ្អែកលើភស្តុតាង ទិន្នន័យ អាចផ្ទៀងផ្ទាត់ និងពីប្រភពដែលគួរឱ្យទុកចិត្តបាន។
លោក ជន សុខធូធារាជ្យ បន្តថា «ឧកញ៉ាស្រុកខ្មែរខូចទាំងអស់ តែយើងឮថាឧកញ៉ាមួយធ្វើល្អ គេនាំគ្នាថា “អូ! សម្ដែងធ្វើល្អទេ! ប៉ុន្តែជួនកាលឧកញ៉ាហ្នឹង គឺគាត់ធ្វើល្អមែន ហើយគាត់ខុសគេពីឧកញ៉ាផ្សេងទៀត»។
ជំទប់ទី២នៃគណបក្សភ្លើងទៀន នៅឃុំកំពង់ភ្លុក ខេត្តសៀមរាប លោក ឈន គជ់ស៊ាក់ យល់ថា ក្នុងដំណាក់កាលនេះ យុវជនត្រូវរក្សាលំនឹងផ្លូវចិត្តឱ្យបានសិន ហើយត្រូវបែងចែកផ្លូវចិត្តជាចំណែកៗ។ លោកបន្តថា រឿងគ្រួសារដាក់ម្ដុំ រឿងជាតិ រឿងអង្គភាពដាក់ម្ដុំ។ ទន្ទឹមនឹងនេះលោកជំរុញធ្វើយ៉ាងណា ត្រូវគិតបែបវិជ្ជមាន និងកាត់បន្ថយតាមដានរឿងអត់ប្រយោជន៍។
លោក ឈន គជ់ស៊ាក់ បន្តថា ៖ «យើងអត់ត្រូវតាមដានរឿងហ្នឹងទេ យើងតាមដានរឿងណាដែលយើងគិតថាវាមានប្រយោជន៍ ហើយរឿងដែលអត់ប្រយោជន៍ មិនបាច់ទៅជ្រុលតាមទេ»។
លោកបន្ថែមថា ក្រៅពីរក្សាផ្លូវចិត្តបានល្អហើយ យុវជនត្រូវចាប់ផ្ដើមត្រៀមលក្ខណៈ ៤យ៉ាង ដែលចាំបាច់មាននៅក្នុងខ្លួន គឺសុខភាព សមត្ថភាព លទ្ធភាព និងប្រជាប្រិយ។
ចំណែកអ្នកសារព័ត៌មានសេរី (Freelance Journalist) លោក ម៉ែន ចន្ធី យល់ឃើញថា ពេលខ្លះទាំងលោក និងពលរដ្ឋផ្សេងទៀតមិនហ៊ានបញ្ចេញបញ្ហាលំបាករបស់ខ្លួនទេ ដោយព្យាយាមញញឹម ប៉ុន្តែខាងក្នុងផ្ទុយស្រឡះ។ លោកថា ជាក់ស្ដែងពេលប្រឈមនឹងការឈ្លានពានរបស់ថៃ លោកដេកមិនលក់ទេ ដោយសារបារម្ភពីទឹកដីដែលរងការបាត់បង់។
លោក ម៉ែន ចន្ធី បន្តថា៖ «យើងកុំរុញ កុំបន្ទោសដាក់គ្នាអី ដំណាក់កាលនេះ គឺជាអាសន្នសម្រាប់ជាតិរបស់យើង យើងជិះលើទូកតែមួយ យើងត្រូវជួយចែវគ្នា»។
វិបត្តិផ្លូវចិត្តត្រូវបានអ្នកជំនាញមើលឃើញថា កំពុងបង្កជាជំងឺឆ្លងដល់ក្មេងៗជំនាន់ក្រោយ តាមរយៈសកម្មភាពប្រចាំថ្ងៃ ដែលបង្ហាញឱ្យឃើញពីឥរិយាបថ មួម៉ៅ ធុញថប់ សម្ដីខឹងច្រឡោត និងប្រើអំពើហិង្សាក្នុងគ្រួសារ។ បញ្ហាផ្លូវចិត្តបណ្ដាលមកពីកត្តាជាច្រើន រួមមានសង្គ្រាម វិបត្តិសង្គម និងកត្តាជីវភាពខ្វះខាត ជាដើម។
អ្នកឯកទេសផ្លូវចិត្ត លោក ហឿ សេធុល យល់ឃើញថា បញ្ហាផ្លូវចិត្តគួរត្រូវបានយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាល ខណៈកម្ពុជានៅខ្វះអ្នកប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត (Psychologist) ដែលលោកសន្និដ្ឋានថា មានមិនដល់ ១០០នាក់នោះទេ។
លោកអះអាងថា ពលរដ្ឋជាច្រើនកំពុងជួបវិបត្តិផ្លូវចិត្ត ប៉ុន្តែពួកគេមិនហ៊ានមកស្វែងរកការព្យាបាលនោះទេ ហើយអ្នកខ្លះទៀត រហូតធ្វើអត្តឃាតខ្លួនឯងក៏មាន។
លោក ហឿ សេធុល៖ «កត្ដាជាច្រើនដែលធ្វើឱ្យមនុស្សធ្លាក់ទឹកចិត្ត ឧទាហរណ៍១ ទាក់ទងនឹងសេដ្ឋកិច្ចបច្ចុប្បន្ន។ មនុស្សជំពាក់បំណុលច្រើន តើធ្វើឱ្យមនុស្សធ្លាក់ទឹកចិត្ត និងអស់សង្ឃឹមទេ។ វិបត្តិគ្រួសារក៏ធ្វើឱ្យមនុស្សអស់សង្ឃឹម នៅពេលមនុស្សរ៉ាំរ៉ៃនឹងវិបត្តិច្រើនពេក។
បន្ទាប់មកមនុស្សអាចនឹងបំផ្លាញខ្លួនឯង ឬយើងប្រើពាក្យថា ធ្វើអត្តឃាត។ អ៊ីចឹងមនុស្សម្នាក់មានប្រតិកម្មផ្សេងៗគ្នា ខ្លះជួបបញ្ហាមានជំងឺបាក់ទឹកចិត្ត ហើយខ្លះជួបជំងឺថប់អារម្មណ៍»។
របាយការណ៍របស់អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ដែលសិក្សាពីសុខភាពផ្លូវចិត្តបង្ហាញថា ភាពតានតឹងចិត្តបានបង្ហាញអាការៈលើអារម្មណ៍ និងចិត្ត ដូចជាមួម៉ៅច្រើន ឆេវឆាវ ឆាប់ខឹង នឿយណាយ ធុញថប់ក្នុងចិត្ត ស្រងូតស្រងាត់ និងព្រួយកង្វល់ច្រើន។
ចំណែកអាការៈលើរាងកាយ នាំឱ្យឈឺក្បាល អស់កម្លាំង ទទួលទានអាហារមិនបាន ណែនទ្រូង ដកដង្ហើមផុតៗ ឆ្អល់ពោះ ថយចុះអារម្មណ៍ផ្លូវភេទ និងរដូវមិនទៀង។ បញ្ហានេះក៏មានអាការៈស្ដែងតាមរយៈអាកប្បកិរិយា ដូចជា រសាប់រសល់ ភ្លេចភ្លាំងច្រើន សំរាន្តមិនលក់ដូចធម្មតា មិនរួសរាយរាក់ទាក់ ពិបាកផ្ចង់អារម្មណ៍លើកិច្ចការ ងាយមានទំនាស់ជាមួយអ្នកដទៃ ជក់បារី ឬប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹងដើម្បីបំបាត់ទុក្ខកង្វល់។
អតីតប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា ដែលធ្វើការងារជាមួយយុវជនរាប់សិបឆ្នាំទទួលស្គាល់ថា បញ្ហាផ្លូវចិត្ត មានឥទ្ធិពលខ្លាំងទៅលើពលរដ្ឋគ្រប់ជាន់ថ្នាក់ គ្រប់វ័យ ពិសេសយុវជនដែលតែងតែឈឺឆ្អាលនឹងការងារសង្គម និងមានគំនិតផ្ដួចផ្ដើមនានា។ ទន្ទឹមនឹងនេះ លោកថា ការវិវត្តស្ថានភាពសេដ្ឋកិច្ច នយោបាយ បរិស្ថាន ប៉ុន្មានឆ្នាំចុងក្រោយមានឥទ្ធិពលខ្លាំងទៅលើផ្លូវចិត្តពលរដ្ឋខ្មែរទាំងអស់។
លោក ជាង សុខា បន្តថា៖ «មិនថា ក្មេង មិនថា ចាស់ ហើយក៏មិនថាអ្នកដែលមានជីវភាពលំបាក អ្នកមាន អ្នកមធ្យមអីហ្នឹង គឺសុទ្ធតែប៉ះទាំងអស់ នៅក្នុងការវិវត្តស្ថានភាពសេដ្ឋកិច្ច នយោបាយ និងបរិស្ថានចុងក្រោយនេះ។ ផលប៉ះពាល់ខ្លាំង ជាពិសេសទៅដល់កម្លាំងក្រុមមនុស្សដែលជាកម្លាំងពលកម្មស្នូល គឺយុវជននិងអ្នកដែលបន្តវេនគឺកុមារ»។
លើសពីនេះលោក ជាង សុខា បង្ហាញទស្សនៈមួយចំនួនដើម្បីថែទាំ ឬក៏ពង្រឹងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ទីមួយ ទាក់ទងនឹងការទទួលទាន សំដៅរបបអាហារដើម្បីការពារ ក្រពះ ពោះវៀន ថ្លើមដែលបណ្តាលឱ្យកើតជំងឺពីសារធាតុគីមី។ ទីពីរ សុខភាពផ្លូវចិត្ត សំដៅដល់បរិយាកាសប្រើប្រាស់សេរីភាពបញ្ចេញមតិ។ ទីបី ទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត។ ចុងក្រោយអាជ្ញាធរត្រូវមានកាតព្វកិច្ចផ្ដល់សេរីភាពពេញលេញដល់យុវជន នៅកម្រិតសហគមន៍។
សម្រាប់អ្នកផ្ដួចផ្ដើមជំរុំសុខភាពផ្លូវចិត្តលោក មិន ពៅ មានសុទិដ្ឋិនិយមថា ការជួបប្រជុំគ្នាជាមួយបណ្ដាក្រុមមនុស្សពីគ្រប់ភាគីពាក់ព័ន្ធ វាបង្កើតបានជាកម្មវិធីផ្សះផ្សាផ្លូវចិត្តផង និងស្វែងយល់ពីគ្នាទៅវិញទៅមកផង ដែលលោកចាត់ទុកថា ជាគន្លឹះដ៏សំខាន់មួយដើម្បីអាចចូលរួមកែប្រែសង្គមប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីធ្វើកម្មវិធីនៅខេត្តកំពង់ស្ពឺ លោក មិន ពៅ គ្រោងបន្តរៀបចំកម្មវិធីដដែលនេះ នៅតាមបណ្ដាខេត្តផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យយុវជនមានឱកាសចូលរួមចែករម្លែកបទពិសោធន៍ និងទទួលអនុសាសន៍ល្អៗពីអ្នកជំនាញ៕
(អត្ថបទដោយ អ៊ុង សេរីវុទ្ធ)







