រដ្ឋាភិបាលរើសអ្នកច្បាប់អន្តរជាតិពីររូបតទល់ជាមួយថៃក្នុងវិវាទដែនសមុទ្រ តាម​យន្ដ​ការ(UNCLOS)

សង្គម

(រូបភាពសមុទ្រខ្មែរក្នុងទឹកដីខេត្តព្រះសីហនុ)រូបថតវណ្ណវិចារ)។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសអ្នកជំនាញច្បាប់អន្តរជាតិពីររូប ឱ្យធ្វើជាសមាជិកគណៈកម្មការសម្រុះសម្រួលដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទតំបន់ដែនទឹកត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ដែលមានធនធានថាមពលប៉ាន់ស្មានតម្លៃប្រមាណ ៣០០ពាន់លានដុល្លារក្រោមបាតសមុទ្រ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអង្គការសហប្រជាជាតិ ដើម្បីដំណើរការយន្តការសម្រុះសម្រួលដោយបង្ខំ ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រ ក្រោមច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ក្រោយពេលភាគីថៃបានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ ដោយឯកតោភាគី។

បើតាមគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី រចនាសម្ព័ន្ធនៃគណៈកម្មការសម្រុះសម្រួលដោយបង្ខំនេះ មានសមាជិកសរុប ៥រូប។ ក្នុងនោះ កម្ពុជាជ្រើសរើស ២រូប, ថៃជ្រើសរើស ២រូប និង ១រូបទៀតនឹងត្រូវជ្រើសរើសរួមគ្នា ដើម្បីធ្វើជាប្រធាន ឬអ្នកសម្របសម្រួលរកដំណោះស្រាយ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងដែរថា អ្នកច្បាប់អន្តរជាតិទាំងពីររូបដែលកម្ពុជាជ្រើសរើសនោះ រួមមាន៖ លោក Peter Taksøe-Jensen មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៃក្រសួងការបរទេស និងជាអ្នកការទូតអាជីពរបស់ប្រទេសដាណឺម៉ាក។ ចំពោះបទពិសោធន៍ការងារ ចន្លោះឆ្នាំ២០១៦ ដល់ ២០១៨ លោកធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្រុះសម្រួលជម្លោះដែនសមុទ្ររវាងអូស្ត្រាលី និងទីម័រឡេស្ត ក្រោមឆត្ររបស់អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

ចំណែកលោក Jean-Marc Thouvenin អគ្គលេខាធិការនៃបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ (The Hague Academy of International Law) និងជាសមាជិកនៃវិទ្យាស្ថានច្បាប់អន្តរជាតិ (Institut de Droit International)។ លោកក៏ធ្លាប់ជាសមាជិកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យ Paris-Nanterre និងធ្លាប់ធ្វើជាទីប្រឹក្សានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិផងដែរ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានបន្ថែមថា នីតិវិធីច្បាប់បានកំណត់ឱសានវាទសម្រាប់ភាគីថៃមានរយៈពេល ២១ថ្ងៃ ក្នុងការជ្រើសរើសអ្នកច្បាប់របស់ខ្លួនចំនួន ២រូប។ ក្នុងករណីដែលភាគីថៃមិនបានជ្រើសរើសតាមការកំណត់ទេនោះ អង្គការសហប្រជាជាតិនឹងដើរតួទីតាំងជំនួសក្នុងការចាត់តាំងជ្រើសរើស។

ជុំវិញករណីនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា យន្តការសម្រុះសម្រួលដោយបង្ខំក្រោមឆត្រ UNCLOS គឺជាវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី ដែលកម្ពុជាអាចដំណើរការទៅមុខបាន ទោះបីជាថៃចូលរួម ឬមិនចូលរួមក៏ដោយ។ យ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា លទ្ធផលនៃនីតិវិធីនេះមិនមានលក្ខណៈចងកាតព្វកិច្ចផ្លូវច្បាប់ (Non-binding) ឡើយ ប៉ុន្តែវាមានតម្លៃផ្នែកច្បាប់ និងការទូតយ៉ាងខ្ពស់ក្នុងការជំរុញឱ្យថៃឈានទៅរកដំណោះស្រាយប្រកបដោយសន្តិភាព។

លោកបានបន្តថា៖ «កម្ពុជាត្រូវបង្កើតក្រុមការងារអន្តរស្ថាប័នដែលមានអ្នកជំនាញផ្នែកច្បាប់សមុទ្រអន្តរជាតិ ការទូត ភូមិសាស្ត្រ និងធនធានសមុទ្រ ដើម្បីរៀបចំអំណះអំណាងប្រកបដោយភាពរឹងមាំ និងស៊ីសង្វាក់គ្នា។ លើសពីនេះ ការពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងការកសាងការគាំទ្រពីសាធារណជនជាតិ និងអន្តរជាតិ ក៏មានសារៈសំខាន់ផងដែរ ដើម្បីធានាថាជំហររបស់កម្ពុជាត្រូវបានយល់ដឹង និងទទួលស្គាល់ដោយផ្អែកលើគោលការណ៍នីតិរដ្ឋ និងច្បាប់អន្តរជាតិ»។

ចំណែកលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ក៏បានលើកឡើងស្រដៀងគ្នាដែរថា សេចក្តីសម្រេចរបស់គណៈកម្មការនេះ មានទម្រង់ជា «របាយការណ៍ និងអនុសាសន៍» ដោយមិនមានគតិយុត្តិបង្ខំឱ្យភាគីពាក់ព័ន្ធអនុវត្តតាម ដូចសាលដីការបស់តុលាការអន្តរជាតិឡើយ។ ប៉ុន្តែទោះជាបែបនេះក្តី លោកថា យន្តការនេះមានសម្ពាធនយោបាយ និងសីលធម៌អន្តរជាតិខ្ពស់ ដោយសារវាបង្កើតជាឯកសារផ្លូវការដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃបន្ទាត់ព្រំដែនសមុទ្រតាមច្បាប់អន្តរជាតិ ដែលធ្វើឱ្យភាគីដែលរឹងរូសប្រឈមនឹងការខូចខាតកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាត្រូវរៀបចំកញ្ចប់ឯកសារគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសគឺការគណនាខ្សែបន្ទាត់មូលដ្ឋាន និងការបកស្រាយច្បាប់សមុទ្រទំនើប ដើម្បីបង្ហាញឱ្យឃើញថា ខ្សែបន្ទាត់ទាមទាររបស់កម្ពុជាមានភាពស្របច្បាប់ជាងបន្ទាត់ឯកតោភាគីរបស់ថៃ»។

ក្រៅពីនេះ លោកថាជំហរផ្ទៃក្នុងរបស់កម្ពុជាត្រូវតែរក្សាឱ្យបាននូវភាពម៉ឺងម៉ាត់ ដោយមិនត្រូវបំបែកការចរចាព្រំដែនសមុទ្រចេញពីការចរចាបែងចែកផលប្រយោជន៍ថាមពលនោះឡើយ ដើម្បីការពារកុំឱ្យភាគីថៃទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីប្រេងកាតទៅមុន ដោយទុកឱ្យបញ្ហាអធិបតេយ្យភាពដែនដីស្ថិតក្នុងភាពមិនច្បាស់លាស់តទៅទៀត។

គួររំលឹកផងដែរថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈវីដេអូដែលមានរយៈពេលជាង ៧នាទី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើសយកយន្តការនេះ គឺក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដែលអនុលោមទៅតាមច្បាប់អន្តរជាតិយ៉ាងពិតប្រាកដ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2881}" data-page="1" data-max-pages="1" data-start="1" data-end="1">