រដ្ឋាភិបាលជំរុញឱ្យលើកកំពស់សុខុមាលភាពអតីតយុទ្ធជន និវត្តជន និងគ្រួសារយុទ្ធជនពលី

សង្គម

(រូបភាពគណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៏​ជន​កម្ពុជា​ ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា)។ ( ថ្ងៃ​ទី​ ១២ ឧសភា ឆ្នាំ ២០២៦

រដ្ឋាភិបាលកម្ពុជាជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមលើកកំពស់ជីវភាព និងសុខុមាលភាពអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីក្នុងសង្គ្រាម។ ក្នុងនោះដែរ រដ្ឋាភិបាលបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគោលនយោបាយ ផ្ដល់សេវាដល់យុវជនពលី ប្រជាជនស្លូតត្រង់ និងស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយជម្លោះព្រំដែនកម្ពុជា និងថៃ។

សារលិខិតរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សរសេរថា សកម្មភាពគ្រប់គ្រងលើដែនអធិបតេយ្យកម្ពុជារបស់កងកម្លាំងប្រដាប់អាវុធថៃ បានបង្កជាការខូចខាតសំណង់ស៊ីវិល ផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការរំលោភគោលការណ៍ជាមូលដ្ឋានននៃច្បាប់ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លិខិតបន្តថា ការណ៍នេះ រដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាគាំពារយុវជនពលី និងស្ដារហេដ្ឋារចនាសម្ព័ន្ធ ហើយគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវចូលរួមឧបត្ថម្ភគាំពារដល់វីរៈកងទ័ព និងផ្ដល់អាទិភាពដល់បងប្អូនយុទ្ធជន និវត្តជន និងក្រុមគ្រួសារឱ្យទទួលបានសេវាសាធារណៈ រួមទាំងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមគោលនយោបាយរបស់រដ្ឋាភិបាល។

សារលិខិតថា៖ «ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមក្នុងការចូលរួមឧបត្ថម្ភគាំពារដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ជាពិសេស ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ដែលកំពុងជួបប្រទះការលំបាក»។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ចំនួនអតីតយុទ្ធជន និងនិវត្តជនមានចំនួន ១៧៧ ២៨១ នាក់ ដែលទទួលបានប្រាក់របបសន្តិសុខសង្គម ក្នុងនោះអតីតយុទ្ធជនចំនួន១១៩ ៣២៦ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ១៦២ ៣៩៨ នាក់ក៏ទទួលបានប្រាក់សន្តិសុខសង្គមប្រចាំខែ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានដំឡើងប្រាក់របបសន្តិសុខសង្គមជាអប្បរមាជូននិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងជនពិការដែលជាអតីតយុទ្ធជន និងនិវត្តជន ឱ្យដល់ ៨៤៥ ០០០ រៀល។

ជនភៀសសឹកមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អ្នកស្រី ឆើត ស្រីណាំ អាយុ ៣៤ឆ្នាំ លើកឡើងថា អ្នកស្រីមានសមាជិកគ្រួសារជាអតីតយុទ្ធជន និងមានស្វាមីនៅតំបន់ជួរមុខភ្នំទ្រព្យ ដែលជាតំបន់ផ្ទុះអាវុធយ៉ាងខ្លាំងកំឡុងពេលយោធាថៃបើកការវាយប្រហារតាមព្រំដែន។ អ្នកស្រីថា អ្នកស្រីមិនបានដឹងពីការឧបត្ថម្ភរបបសន្តិសុខសង្គមដែលផ្ដល់ដោយរដ្ឋាភិបាលនោះទេ ឬប័ណ្ណថែទាំសុខភាពនោះទេ។ ទោះជាយ៉ាងណា អ្នកស្រីបន្តថា កំឡុងពេលមានជម្លោះអ្នកស្រីបានទៅឆ្លងទន្លេនៅមណ្ឌលសុខភាព ដោយមិនអស់ប្រាក់ តែអ្នកស្រីត្រូវចំណាយលើថ្លៃហូបចុះអស់ប្រាក់ជាច្រើន។ 

អ្នកស្រីថា៖ «គាត់ (ប្ដីអ្នកស្រី) អត់ដែលនិយាយអីប្រាប់ខ្ញុំផង។ គាត់អត់មានផ្ញើអីមកទេបង គាត់ផ្ញើតែប្រាក់ខែឱ្យ។ មិនដែលឃើញមានអំណោយ ប្រាក់ឧបត្ថម្ភអីផង។ […] សម្រួលអីបង បើគេអត់ដែលឱ្យនិយាយ បង្ហោះអីផងហ្នឹង។ […] កាលដែលខ្ញុំជាប់នៅត្រង់សេរមិនដែលបានអីមួយរយ។ ខ្ញុំរត់កាត់ត្រង់សេរ ហើយប្ដីខ្ញុំនៅជួរមុខ ខ្ញុំមិនដែលបានអីផង»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ស្នើដែរតែមិនដឹងស្នើម៉េច។ […] បើបានជំនួយខ្លះមានអីសប្បាយចិត្ត បើខ្ញុំអត់ដែលបានអីតាំងពីវគ្គទី១ (ការផ្ទុះអាវុធលើកទី១) រហូតដល់វគ្គទី២ (ការផ្ទុះអាវុធលើកទី២) »។

ពលរដ្ឋភៀសសឹក អ្នកស្រី គង់ ចន្ថា មកពីពីភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និយាយថា អ្នកស្រីមានឪពុកពលីក្នុងសង្គ្រាមឆ្នាំ១៩៩០ និងមានស្វាមីជាទាហានជួរមុខក្នុងជម្លោះព្រំដែនកម្ពុជា និងថៃដែរ។ ទាក់ទងនឹងការគាំពាសង្គម អ្នកស្រីថា ម្ដាយអ្នកស្រីធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល តែត្រូវបានកាត់ផ្ដាច់ទៅវិញ។ ចំណែកបច្ចុប្បន្ន អ្នកស្រីថា គ្រួសារអ្នកស្រីមិនទទួលបានឧបត្ថម្ភ ឬការគាំពារផ្សេងៗទេ បើទោះបីប្ដីអ្នកស្រីជាទាហានជួរមុខប្រឈមនឹងគ្រោះថ្នាក់ ស្របពេល អ្នកស្រីកំពុងប្រឈមនឹងបញ្ហាលំបាកផ្នែកជីវភាព និងពឹងផ្អែកលើប្ដីអ្នកស្រី។

អ្នកស្រីថា៖ «កាលខ្ញុំនៅពីតូចមិនដឹងប៉ុន្មាន (ប្រាក់ឧបត្ថម្ភ) ខ្ញុំភ្លេចដែរ។ ពេលខ្ញុំធំមានគ្រួសារ ឮម៉ែខ្ញុំថាដាច់យូរហើយ។ […] គេឈប់បើកឱ្យអត់បានប្រាក់ខែទេ។ […] គេថាបើម្ដាយខ្ញុំស្លាប់គេបើកឱ្យ៤ លានរៀល។ ខាងសង្គមកិច្ចគេថាអីចឹង»។ 
អ្នកស្រីបន្ថែមថា៖ «និយាយទៅបើបានឧបត្ថម្ភល្អ។ គ្រួសារខ្ញុំប្ដីខ្ញុំក៏ទាហាន។ និយាយរួមគ្រួសារខ្ញុំជាទាហានទាំងអស់។ បើបានការឧបត្ថម្ភក៏ល្អ។ […] អត់ដែលបានប្រាក់ឧបត្ថម្ភអីទេ បានតែប្រាក់ខែប្ដី ហើយផ្ទះក៏ខូចខាតទាំងស្រុងពេលទាហានថៃផ្លោងដាក់។ អត់មានប័ណ្ណបសស អីផង។ និយាយរួមចង់បានគ្រប់មុខ ណាមួយផ្ទះក៏ខូចខាត។ មានផ្ទះណានៅបង រាល់ថ្ងៃនៅតែក្រោមតង់នៅវត្ត នៅមុខចេតីយ ចង់ក្លាយជាយាយជីហើយ»។

ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បាននៅឡើយទេនៅថ្ងៃទី១៣ ខែឧសភា។ តែយ៉ាងណា លោកធ្លាប់អះអាងប្រាប់ប្រជាកាសែតថា ក្រសួងសង្គមកិច្ចបានធ្វើការគាំពារសេវាសង្គមកិច្ចអស់រយៈពេលជិត៣០ ឆ្នាំមកហើយ ដោយបានធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំ និងអនុវត្តនយោបាយសុខុមាលភាពសង្គម កម្មវិធីជំនួយសង្គម និងសេវាសង្គមផ្សេងៗ។

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា គាំទ្រចំពោះគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការចូលរួមលើកំពស់វីរៈកងទ័ពពលី និងពិការ ក្នុងបុព្វហេតុការពារជាតិ។ តែយ៉ាងណា លោកចង់ឃើញការយកចិត្តទុកដាក់បន្ថែមទៀតលើការជួយលើកកំពស់ជីវភាពដល់គ្រួសារកងទ័រជួរមុខ ដែលពលី និងរងរបួសពិការក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ ឱ្យមានជីវភាពសមរម្យ។ 

លោកថា៖ «ខ្ញុំគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការគាំទ្រ ការយកចិត្តទុកដាក់ទៅលើយុទ្ធជនពលី ពិការ នៅក្នុងសង្គ្រាម។ នេះបង្ហាញនូវការលើកកំពស់វីរភាពរបស់កងទ័ព របស់កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានពលី ពិការនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។

តែយ៉ាងណា លោកបន្ថែមថា៖ «អ្វីដែលខ្ញុំចង់មើលឃើញបន្ថែមគឺការយកចិត្តទុកដាក់ចប់ចុងចប់ដើម ចំពោះជីវភាព ស្ថានភាពរស់នៅ និង ការសិក្សា ការអប់រំ របស់កូនចៅរបស់យុទ្ធជនពលី ពិការ នៅក្នុងបុព្វហេតុសង្គ្រាម»។

ចំណែកឯ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន គាំទ្រការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការចូលរួមលើកកម្ពស់ជីវភាពកងទ័ពពលី និងពិការជាដើម តែលោកស្នើឱ្យរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ប្រកបដោយសមធម៌ ដោយមិនប្រកាន់បក្ខពួក និងពុករលួយ។ 

លោកថ្លែងថា៖ «អ្វីដែលសំខាន់ត្រូវតែមានគោលនយោបាយ ហើយគោលនយោបាយហ្នឹងគឺជាទូទៅតែម្ដងមិនប្រើសម្រាប់តែក្រុមនេះក្រុមនោះទេ។ ជូនកាលបើអត់មានគោលនយោបាយច្បាសលាស់ទេ វាបានទៅលើអ្នកជិតស្និទ្ធ បានទៅលើអ្នកមានខ្សែជាដើមអីចឹង។ ទាល់តែមានគោលនយោបាយមួយដែលប្រកបដោយសមធម៌»។

លោកបន្ថែមថា៖ «ត្រូវតែមានកំណត់បែបម៉េច ជួយដល់បន្ទុកគ្រួសារបែបម៉េច។ កូនចៅដែលមានយុទ្ធជនពលីត្រូវទទួលស្អីខ្លះ ដើម្បីបន្តទទួលការអប់រំអីចឹង។ អាហ្នឹងត្រូវមានរហូតអីចឹង រហូតដល់អាយុ១៨ឆ្នាំអីចឹងទៅ។ អាហ្នឹងជារឿងចាំបាច់មែនទែន ហើយផ្ដល់អាទិភាពចំពោះការប្រឹងប្រែងរកការងារធ្វើ ផ្ដល់អាទិភាពចំពោះដូចជាការទិញផ្ទះសម្បែងដើម្បីស្នាក់នៅអីជាដើមហ្នឹង។ រដ្ឋត្រូវតែផ្ដល់អាទិភាព ដូចជាការបន្ធូរបន្ថយពន្ធ ឬបង់ប៉ុន្មានភាគរយឱ្យអីចឹងទៅ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2541}" data-page="1" data-max-pages="1" data-start="1" data-end="1">