អង្គការហេឡូត្រាស្តកម្ពុជា (HALO Trust) ឱ្យដឹងថា ក្រុមការងារខ្លួន បានបញ្ចប់ប្រតិបត្តិការបោសសម្អាតមីនដោយជោគជ័យ ក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមព័ត៌មានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អង្គការ HALO Trust ដែលត្រូវបានអាជ្ញាធរមីនផ្សព្វផ្សាយបន្តនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
អង្គការ HALO Trust ឱ្យដឹងថា ពួកគេបានរកឃើញមីនប្រឆាំងយានយន្តចំនួន ១គ្រាប់ និងបានកម្ទេចវាចោលដោយសុវត្ថិភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវមួយខ្សែក្នុងតំបន់នេះ ដែលមានពលរដ្ឋមូលដ្ឋានប្រមាណ ២០០នាក់ ប្រើប្រាស់ផ្លូវនេះសម្រាប់សកម្មភាពកសិកម្មជាប្រចាំថ្ងៃ ។
អង្គការអះអាងថា ការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
អង្គការបញ្ជាក់៖ «យើងនៅតែបន្តប្ដេជ្ញាចិត្ត ក្នុងការធ្វើឱ្យសហគមន៍នានា កាន់តែមានសុវត្ថិភាព និងរួចផុតពីការគំរាមកំហែងដោយសារមីន»។
អង្គការ HALO Trust បានបំពេញបេសកកម្មបោសសម្អាតមីន និងការគំរាមកំហែងពីគ្រាប់មិនទាន់ផ្ទុះ (UXO) ដែលបន្សល់ទុកដោយសង្គ្រាម នៅប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩១ ដើម្បីជួយដល់សហគមន៍នានាឱ្យស្តារឡើងវិញពីផលវិបាកដ៏គ្រោះថ្នាក់នៃសង្រ្គាម។
គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជាបានប្រកាសថា មានរាជធានី ខេត្តចំនួន១៥ អស់មីន ដែលមានដូចជា រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ មណ្ឌលគិរី និងក្រចេះ។
របាយការណ៍ នៃអាជ្ញាធរមីន ឆ្នាំ២០២៦ ឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួនជាង ៦ម៉ឺន៥ពាន់នាក់។ ក្នុងនោះមានជនរងគ្រោះដោយសារមីនចំនួន ៥១ ២២៨នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១៣ ៩០៩នាក់ ហើយមានអ្នកស្លាប់ចំនួន ១៩ ៨៤៨នាក់ របួស៣៦ ១៨៦នាក់ និងពិការអវយវៈ ៩ ១០៣នាក់៕







