អ្នកដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់តម្លាភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជាលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងធានាឯករាជ្យភាពស្ថាប័នត្រួតពិនិត្យ ដើម្បីកែលម្អអភិបាលកិច្ច និងបង្កើនទំនុកចិត្តសាធារណៈ។ការស្នើនេះកើតឡើងក្រោយសង្គមស៊ីវិលចេញរបាយការណ៍ថ្មីមួយរកឃើញថាកម្ពុជាជាប់លេខពុករលួយជាងគេទី២ប្រចាំអាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក្ដីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានច្រានចោលរបាយការណ៍នេះរួចហើយតាមរយៈសារព័ត៌មានក្នុងស្រុកមួយចំនួន។
តទៅនេះសូមអញ្ជើញមិត្តអ្នកអានស្វែងយល់ពីរបាយការណ៍ថ្មី តាមរយៈកិច្ចសម្ភាសន៍រវាង តំណាងប្រជាកាសែត កញ្ញា ពូ សូរាជីនី និងនាយិកាប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារី ដែលបានពន្យល់អំពីរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ២០២៥ វិធីសាស្ត្រវាយតម្លៃ និងអនុសាសន៍សំខាន់ៗសម្រាប់ការកែលម្អតម្លាភាព និងអភិបាលកិច្ចនៅកម្ពុជា។
កញ្ញា ពូ សូរាជីនី ៖ តើសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ ឆ្នាំចុង ២០២៥ មានលទ្ធផលយ៉ាងណា? លទ្ធផលនេះ មានចំណុចផ្លាស់ប្តូរអ្វីថ្មីខ្លះ បើប្រៀបធៀបទៅនឹងរបាយការណ៍ឆ្នាំមុន?
អ្នកស្រី ស៊ិន ពទ្ធារី ៖ នៅឆ្នាំ២០២៥នេះ កម្ពុជាទទួលបានលទ្ធផលពិន្ទុ ២០/១០០ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះចំនួន០១ ពិន្ទុបើធៀបនឹងលទ្ធផលឆ្នាំ២០២៤ (២១/១០០)។ បើគិតអំពីចំណាត់ថ្នាក់វិញ ក្នុងឆ្នាំ ២០២៥ កម្ពុជា ទទួលបានចំណាត់ថ្នាក់១៦៣/១៨២ ប្រទេស និងផែនដី ក្នុងឆ្នាំ២០២៤ កម្ពុជាត្រូវបានចំណាត់ថ្នាក់ ក្នុងលំដាប់ ១៥៨/១៨០។ អ្វីដែលគួរកត់សម្គាល់ក្នុងរយៈពេល០៣ឆ្នាំចុងក្រោយ ពិន្ទុ CPI បន្តធ្លាក់ចុះ ជាបន្តបន្ទាប់ពោលគឺ កម្ពុជាទទួលបាន ២៤ពិន្ទុ ក្នុងឆ្នាំ២០២២ ២២ពិន្ទុ ក្នុងឆ្នាំ២០២៣ ២១ពិន្ទុ ក្នុង ឆ្នាំ២០២៤ និង ២០ពិន្ទុក្នុងឆ្នាំ២០២៥នេះ។
កញ្ញា ពូ សូរាជីនី ៖តើអង្គការតម្លាភាពអន្តរជាតិ ប្រើវិធីសាស្ត្រ និងប្រភពទិន្នន័យយ៉ាងដូចម្តេច ក្នុងការគណនា និងវាស់ វែងសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយនៅប្រទេសកម្ពុជា ឆ្នាំ២០២៥នេះ?
អ្នកស្រី ស៊ិន ពុទ្ធារី ៖CPI ត្រូវបានវាយតម្លៃដោយប្រើប្រាស់លើវិធីសាស្ត្រសិក្សាលើរបាយការណ៍ ឬទិន្នន័យដែលមានស្រាប់ ឆ្លុះបញ្ចាំងអំពីស្ថានភាពដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងប្រទេសផ្ទាល់។ សម្រាប់កម្ពុជាមាន ទិន្នន័យចំនួន០៧/១៣ ត្រូវបានជ្រើសរើសយកមកសិក្សាវាយតម្លៃ មានដូចជា៖
• សន្ទស្សន៍ផ្លាស់ប្តូររបស់មូលនិធិ Bertelsmann (គឺជាសន្ទស្សន៍អន្តរជាតិដែលវិភាគ និងវាយតម្លៃវឌ្ឍនភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងផ្លាស់ប្តូរចំនួន ១៣៧ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងសេដ្ឋកិច្ចទីផ្សារសង្គម។) (Bertelsmann Foundation Transformation Index)
• ការវាយតម្លៃប្រទេសមួយដែលផ្អែកលើអង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (Economist Intelligence Unit Country Ratings)
• ការវាយតម្លៃហានិភ័យប្រទេសផ្អែកលើ ការយល់ដឹងសកល (Global Insights Country Risk Ratings)
• អង្គភាព ស៊ើបការណ៍សម្ងាត់អាស៊ី ដែលប្រឹក្សាយោបល់ហានិភ័យនយោបាយ និងសេដ្ឋកិច្ច (Political and Economic Risk Consultancy Asian Intelligence)ភាពចម្រុះនៃគម្រោងប្រជាធិបតេយ្យ(Varieties of Democracy Project)
• គោលនយោបាយប្រទេស និងការវាយតម្លៃស្ថាប័នរបស់ធនាគារពិភពលោក (World Bank Country Policy and Institutional assessment)
• គម្រោងយុត្តិធម៌ពិភពលោកស្ដីពីសន្ទស្សន៍នីតិរដ្ឋ (World Justice Project Rule of Law Index)
ក្នុងចំណោមពិន្ទុនៃប្រភពទិន្នន័យទាំង០៧ សម្រាប់ឆ្នាំ ២០២៥ អង្គការតម្លាភាពអន្តរជាតិ សង្កេត ឃើញថាកម្ពុជាទទួលបានពិន្ទុធ្លាក់ចុះលើការវាយតម្លៃ Bertelsmann Foundation Transformation Index។ Transformation Index ធ្វើការសង្កេត និងវាយវាយតម្លៃលើបញ្ហា នយោបាយ សេដ្ឋកិច្ច និងអភិបាលកិច្ចក្នុងប្រទេស។
កញ្ញា ពូ សូរាជីនី៖ បន្ទាប់ពីរបាយការណ៍នេះត្រូវបានចេញផ្សាយហើយ តើអង្គការតម្លាភាព បានបញ្ជូនលទ្ធផលទៅ កាន់ស្ថាប័ន ឬភាគីពាក់ព័ន្ធណាខ្លះ ដើម្បីឲ្យមានការឆ្លើយតបទៅលើរឿងនេះ?
អ្នកស្រី ស៊ិន ពុទ្ធារី ៖ ជាទូរទៅរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នេះមានន័យថាស្ថាប័នពាក់ព័ន្ធអាចយក លទ្ធផលនៃរបាយការណ៍នេះដើម្បីឆ្លុះបញ្ចាំង និងកំណត់នូវវិធានការបន្ថែមទៀតតាមផ្នែកពាក់ព័ន្ធផ្សេង ដើម្បីធ្វើឲ្យលទ្ធផលនៃការវាយតម្លៃកាន់តែប្រសើរឡើង។ សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ជាសូចនាករមួយក្នុងការធ្វើឲ្យមានភាព ទុកចិត្តលើការវិនិយោគមកកាន់ប្រទេសកម្ពុជា ស្របពេលដែលរដ្ឋាភិបាលស្វែងរកមធ្យោបាយដើម្បី ពង្រឹងសេដ្ឋកិច្ចរបស់ជាតិ។
កញ្ញា ពូ សូរាជីនី ៖ តើលទ្ធផលក្នុងរបាយការណ៍ថ្មីនេះ ឆ្លុះបញ្ចាំងយ៉ាងដូចម្តេចអំពីស្ថានភាពតម្លាភាព ក៏ដូចជា អភិបាលកិច្ច និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសកម្ពុជាទាំងមូល?
អ្នកស្រី ស៊ិន ពុទ្ធារី : ស្របជាមួយអ្វីដែលបានកំណត់ក្នុងគោលនយោបាយ ឬយុទ្ធសាស្ត្រជាតិ យកបញ្ហាប្រយុទ្ធប្រឆាំងអំពើ ពុករលួយជាអាទិភាព រដ្ឋាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែម និងដោះស្រាយបង្ហាញនេះឲ្យបាន គ្រប់ជ្រុងជ្រោយលើកត្តាចូលរួមផ្សេងៗដើម្បីឲ្យស្ថានភាពបានប្រសើរឡើងវិញ។
កញ្ញា ពូ សូរាជីនី ៖ យោងតាមលទ្ធផលសន្ទស្សន៍នេះក្នុងឆ្នាំ ២០២៥ នេះ តើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរយកចិត្ត ទុកដាក់ ចំណុចអ្វីខ្លះ ដើម្បីឲ្យមានប្រសើរឡើងជាងនេះ?
អ្នកស្រី ស៊ិន ពុទ្ធារី ៖ បន្ថែមលើពីការផ្តល់ការអនុគ្រោះលើការវិនិយោគតាមរយៈគោលនយោបាយផ្សេងៗជាពិសេសក្នុងវិស័ យពាណិជ្ជកម្ម និងសារពើពន្ធ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមលើកត្តាចាំបាច់ផ្សេងៗ ដើម្បីឲ្យ បរិយាកាសនៃការវិនិយោគកាន់តែទទួលបានផលប្រសើរ និងប្រកបដោយនិរន្តភាព។ កត្តាទាំងនោះ មានដូចជាការគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងដំណើរអភិបាលកិច្ចក្នុងប្រព័ន្ធដឹកនាំរបស់ស្ថាប័នរដ្ឋ។
កញ្ញា ពូ សូរាជីនី ៖ តើមានអនុសាសន៍សំខាន់ៗអ្វីខ្លះ សម្រាប់រដ្ឋាភិបាល ស្ថាប័នសាធារណៈ និងភាគីពាក់ព័ន្ធ ក្នុងការ ពង្រឹងតម្លាភាព និងកាត់បន្ថយអំពើពុករលួយ?
អ្នកស្រី ស៊ិន ពុទ្ធារី :សម្រាប់កម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាលអនុវត្ត នូវចំណុចដូចខាងក្រោម៖
• ផ្តន្ទាទោសលើការប្រព្រឹត្តអំពើ និងបទល្មើសពុករលួយទាំងទ្រង់ទ្រាយធំនិងតូច តាមរយៈការអនុវត្ត ច្បាប់ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។
• . រដ្ឋាភិបាលគួរលើកកម្ពស់សិទ្ធិសេរីភាពពលរដ្ឋ និងអនុវត្តកំណែទម្រង់អភិបាលកិច្ចក្នុងស្ថាប័នរដ្ឋ ឲ្យមានប្រសិទ្ធិភាពខ្ពស់
• ពង្រឹងឯករាជ្យភាពចំពោះយន្តការត្រួតពិនិត្យដូចជា ភ្នាក់ងារប្រឆាំងអំពើពុករលួយ និងស្ថាប័ន សវនកម្ម រដ្ឋសភា និងតុលាការ
• ធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាម បទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ ដែលរួមមាន៖ ការធ្វើវិសោធនកម្មលើមាត្រា ពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងការបរិហារបង្កាច់កេរ្តិ៍ ឬការរាយការណ៍មិនពិត និងការអនុ ម័តសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ សាក្សី អ្នកជំនាញ និងជនរងគ្រោះ ហើយ និងសេចក្តីព្រាងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីសាធារណៈ។
• អនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិ និងលើក កម្ពស់សិទ្ធិទទួលបានព័ត៌មាន។
• ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមទាំងការ លើកកម្ពស់ តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាព។
ចប់កិច្ចសម្ភាសន៍
តាមរយៈរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ២០២៥ ដែលអង្គការតម្លាភាពអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦បង្ហាញថា កម្ពុជាទទួលបានពិន្ទុ ២០ ក្នុងចំណោម ១០០ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់លេខ ១៦៣ ក្នុងចំណោម ១៨២ប្រទេសទូទាំងពិភពលោក។
សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ បន្តធ្លាក់ចុះចំនួន១ពិន្ទុ ក្នុងពេល៣ឆ្នាំជាប់ៗគ្នា។ បើធៀបជាមួយនឹងតំបន់អាស៊ានវិញ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលមានបញ្ហាអំពើពុករលួយខ្លាំង ដោយនាំមុខប្រទេសមីយ៉ាន់ម៉ាដែលទទួលបានចំណាត់ថ្នាក់លេខ១។ កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានពិន្ទុ CPI ២១ លើ១០០ ខណៈឆ្នាំ២០២៣ ប្រទេសមួយនេះទទួលបាន ២២ពិន្ទុ៕






