HRW ជំរុញឱ្យលោក ហ៊ុន ម៉ាណែត បើកលំហនយោបាយនៅមុនការបោះឆ្នោត 

នយោបាយ

(រូបភាពលោករ៉ុង ឈុន កំពុងនៅមុខអ្នកគាំទ្រ ដើរនៅសួនច្បារវត្តបុទម អំឡុងពេលចូលសវនាការតុលាការកំពូល)(រូបថតលីកាដូ)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជំរុញឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បើកលំហនយោបាយឡើងវិញ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល អាចអនុវត្តការងារបានដោយសេរី នៅមុនការបោះឆ្នោតខាងមុខ។

ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្រេចតម្កល់ការកាត់ទោសលោក រ៉ុង ឈុន ឱ្យនៅដដែលដូចការសម្រេចរបស់តុលាការថ្នាក់ក្រោម តែទោសជាប់ពន្ធនាគារត្រូវព្យួរសាកល្បង៣ឆ្នាំ និងដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ថែមទាំងហាមលោកមិនឱ្យចេញពីរាជធានីភ្នំពេញ និងចូលរួមវេទិកាសាធារណៈរយៈពេល៣ឆ្នាំ។

ក្នុងសេចក្ដីថ្លែងការណ៍ នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលោកស្រី Bryony Lau មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត គួរបញ្ឈប់ការប្រើប្រាស់តុលាការ ដើម្បីបំបិទសំឡេងគណបក្យនយោបាយប្រឆាំង ហើយផ្ទុយទៅវិញ គួរបើកលំហសេរីភាពឡើងវិញឱ្យគណបក្សនយោបាយ និងក្រុមសង្គមស៊ីវិល អាចអនុវត្តសកម្មភាពដោយសេរី នៅមុនការបោះឆ្នោតឆ្នាំក្រោយនេះ»។

ជុំវិញការកាត់ទោសលោក រ៉ុង ឈុន លោកស្រី Bryony Lau បន្ថែមថា តុលាការកម្ពុជា បានបង្ហាញពីកង្វះឯករាជភាពរបស់ខ្លួនពីគណបក្សកាន់អំណាច តាមរយៈការតម្កល់សាលដីកាផ្ដន្ទាទោសលោក ឈុន ពីបទញុះញង់ និងការដកហូតសិទ្ធិធ្វើនយោបាយរបស់លោក។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ថ្លែងថា កម្ពុជាគ្មានពេលណាមួយបានបំបិទសិទ្ធិនយោបាយរបស់អ្នកណាម្នាក់នោះទេ។ លោកក៏ប្រាប់ទៅកាន់អង្គការ Human Rights Watch ឱ្យដើររកមើលប្រទេសណាដែលមានគណបក្សនយោបាយរាប់សិប និងអង្គការសង្គមស៊ីវិលរាប់ពាន់ដូចកម្ពុជា។ 

ជាមួយគ្នានេះ លោកក៏ថ្លែងបែបចំអកទៅកាន់អង្គការដដែលថា កុំយកករណីបុគ្គលម្នាក់ ឬពីរនាក់ដែលធ្វើខុសច្បាប់ មកវាយតម្លៃជារួមថា កម្ពុជាបានបិទសិទ្ធិនយោបាយ និងសង្គមស៊ីវិលនោះ។

លោកនិយាយថា៖ «កម្ពុជាយើងអត់ដែលបិទសិទ្ធិនយោបាយទេ ចឹងមានរឿងអីត្រូវបើក បើយើងបើករហូតមកហើយ»។

រីឯអ្នកតាមភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា បក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បីកម្ទេចសំឡេងប្រឆាំង និងសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ ដែលស្ដែងឱ្យឃើញច្បាស់ចំពោះការកាត់ទោសលោក រ៉ុង ឈុន។

លោកបន្ថែមទៀតថា ការកាត់ទោសដោយអយុត្តិធម៌នេះ បានធ្វើឱ្យប្រទេសកម្ពុជារងការបំផ្លាញមុខមាត់នៅលើឆាកអន្តរជាតិ និងរុញច្រានកម្ពុជាឱ្យធ្លាក់ដុនដាបក្នុងរបបផ្ដាច់ការឯកបក្ស។

លោកបន្តថា៖ «ជាងនេះទៅទៀត ល្បិចកលកាត់សិទ្ធិនយោបាយ សំដៅរារាំងមិនឱ្យលោកចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ ២០២៨ ខាងមុខនេះ បង្ហាញពីភាពទន់ជ្រាយ និងភាពមិនហ៊ានប្រឈមមុខតទល់ដោយស្មើភាពនៅលើសមរភូមិឆ្នោតបែបប្រជាធិបតេយ្យ ដែលវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញថា របបភ្នំពេញកំពុងដឹកនាំប្រទេសដោយការបង្ក្រាប និងខ្វះភាពស្របច្បាប់ពីពលរដ្ឋពិតប្រាកដ»។

ទន្ទឹមនឹងនេះ គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ផងដែរចំពោះការប្រកាសសាលដីកាលើអតីតសមាជិក គជប រូបនេះ។ បក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ ចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយសម្ដែងការខកចិត្ត និងបរិយាយការកាត់ទោសនេះ អាចនាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះសិទ្ធិជាមូលដ្ឋាន និងសេរីភាពនៃការបញ្ចេញមតិ។ 

បក្សប្រឆាំងទាំងពីរ លើកឡើងថា ដំណោះស្រាយចំពោះរាល់ការខ្វែងគំនិតគ្នាផ្នែកនយោបាយ ឬបញ្ហារបស់ជាតិ ត្រូវធ្វើឡើងតាមរយៈកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបាននូវការផ្សះផ្សាជាតិ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែកគណបក្សកម្លាំងជាតិ នៅរសៀលនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការសោកស្ដាយ និងមិនអាចទទួលយកបានចំពោះសាលដីការបស់តុលាការកំពូល និងចាត់ទុកជាការកាត់ទោសដោយអយុត្តិធម៌។ 

បក្សកម្លាំងជាតិ អះអាងថា ការដកសិទ្ធនិយោបាយលើលោក រ៉ុង ឈុន បានដើរផ្ទុយពីរដ្ឋ​ធម្មនុញ្ញមាត្រា ៣៤ថ្មី និងមាត្រា៣៥ និងជាការរើសអើង និងគម្រាមកំហែងនយោបាយ។ បក្សប្រឆាំងនេះ អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិសេរីភាពពេញលេញដល់លោក រ៉ុង ឈុន ដើម្បីចូលរួមនយោបាយឡើងវិញ។

ជុំវិញសំណុំរឿងអ្នកនយោបាយនេះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដែលកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ រួមទាំងបន្ថែមនូវការហាមឃាត់លោកមិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ ក្រោយលោកអនុវត្តទោសចប់។

យ៉ាងណាក៏ដោយ រយៈពេលជិត១ខែ ក្រោយមក ពោលគឺនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្ដីទីលោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ លើកលែងទោសលើលោក កឹម សុខា ចំពោះទោសដាក់ពន្ធនាគារ២៧ឆ្នាំ ប៉ុន្តែមិនអនុវត្តចំពោះទោសបន្ថែម។ បានន័យថា ព្រះរាជក្រឹត្យនេះ អនុញ្ញាតឱ្យលោក កឹម សុខា ដើរហើរក្នុងប្រទេសធម្មតា ប៉ុន្តែមិនអាចធ្វើនយោ​បាយ និងធ្វើដំណើរទៅក្រៅប្រទេសបានឡើយ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3005}" data-page="1" data-max-pages="1" data-start="1" data-end="1">