សហព័ន្ធសហជីពអន្តរជាតិស្នើលោក ហ៊ុន ម៉ាណែត ឱ្យផ្ដល់សេរីភាពនយោបាយជូន លោក រ៉ុង ឈុន 

នយោបាយ

(លោក រ៉ុង ឈុន លូកដៃស្វាគមន៍អ្នកគាំទ្រកាលពីខែមិថុនា២០២៦។ថតដោយហុង សេរីហ្វុង)

សហព័ន្ធសហជីពអន្តរជាតិ នៅថ្ងៃសុក្រទី២កក្កដា បានដាក់លិខិតទៅកាន់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដកការផ្តន្ទាទោស និងការរឹតត្បិតសិទ្ធិសេរីភាពលើលោក រ៉ុង ឈុន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពអន្តរជាតិបានដឹងអំពីសាលដីការបស់តុលាការកំពូលដែលបានសម្រេចតម្កល់ទោសទណ្ឌលើលោក រ៉ុង ឈុន ដែលជាអតីតមេដឹកនាំសហព័ន្ធសហជីពកម្ពុជា។

អគ្គលេខាធិការសហព័ន្ធសហជីពអន្តរជាតិ លោក លូក ទៀរ៉ង់គ្ល៍ (Luc Tirangle) បានសម្តែងនូវក្តីព្រួយបារម្ភចំពោះការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការលើលោក រ៉ុង​ ឈុន មេដឹកនាំសហជីព និងជាអតីតប្រធានសហព័ន្ធសហជីពកម្ពុជា។ ក្រៅពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លិខិតក៏បាន​ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និង រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ដោយសហព័ន្ធសហជីពអន្តរជាតិបានទទូចឲ្យកម្ពុជា អន្តរាគមន៍ដកការផ្តន្ទាទោស និងការរឹតត្បិតលើលោក រ៉ុង ឈុន ​ក្រោមហេតុផលថា កម្ពុជាជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ (ILO)។

ក្នុងលិខិតបានថ្លែងថា៖« ITUC សូមថ្កោលទោសចំពោះការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការលើលោក រ៉ុង ឈុន និងការអនុវត្តខុសគោល បំណងនៃមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីចោទប្រកាន់មេដឹកនាំសហជីព និងសកម្មជនដែល អនុវត្តសកម្មភាពស្របច្បាប់ និងបញ្ចេញមតិដោយសន្តិវិធី។ ការចាប់ខ្លួន ការចោទប្រកាន់ និងការផ្តន្ទាទោស ដោយបំពានបែបនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់លើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) លេខ ៨៧ ស្តីពីសេរីភាពសមាគម និងអនុសញ្ញាលេខ ១០៥ ស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ»។

ជាការឆ្លើយតប អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា អះអាងថា កម្ពុជាជារដ្ឋអធិបតេយ្យមួយដែលអនុវត្តច្បាប់របស់ខ្លួនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមរយៈតុលាការដែលជាស្ថាប័នឯករាជ្យ។ លោកបន្តថា ការអនុវត្តច្បាប់តាមរយៈប្រព័ន្ធតុលាការមិនមែនជាការបំបិទសិទ្ធិសេរីភាព ឬការធ្វើទុក្ខបុកម្នេញទៅលើបុគ្គល ឬក្រុមណាមួយឡើយ។

លោកមានប្រសាសន៍ថា៖«ការអនុវត្តច្បាប់តាមរយៈប្រព័ន្ធតុលាការមិនមែនជាការបំបិទសិទ្ធសេរីភាព ឬការធ្វើទុកបុកម្នេញទៅលើបុគ្គលណាឬក្រុមណាឡើយ តែជាការអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ»។

លោកបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពច្បាប់ ហើយអ្នកដែលបំពានច្បាប់ត្រូវទទួលខុសត្រូវតាមនីតិវិធីដូចដែលប្រទេសដទៃអនុវត្តផងដែរ។

ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត បានលើកឡើងថា សេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមក្នុងជីវភាពនយោបាយ គឺជាសិទ្ធិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានអន្តរជាតិ។ 

លោកបានបន្តថា ការបន្តចាប់ខ្លួនអ្នកនយោបាយ សកម្មជន និងមេដឹកនាំសហជីព បានធ្វើឱ្យសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សបន្តបង្ហាញក្តីព្រួយបារម្ភ។

លោកមានប្រសាសន៍ថា៖«ស្នើសុំនិងទទូចទៅកាន់រដ្ឋាភិបាលគួរតែពិចារណាឈប់ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកនយោបាយទៅ យើងគួររួបរួមគ្នាដើម្បីកសាងប្រទេសឲ្យក្លាយទៅជាប្រទេសមួយដែលយើងថាមានសន្តិភាព»។

សូមជម្រាបជូនថា សហព័ន្ធសហជីពអន្តរជាតិ (ITUC) តំណាងឱ្យកម្មករចំនួន ១៩១ លាននាក់ នៅក្នុងប្រទេសចំនួន ១៦៩ រួមទាំងសហព័ន្ធសហជីពកម្ពុជា (CCTU) និងសហព័ន្ធពលកម្មកម្ពុជា (CLC)។

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉ុង ឈុន បានដាក់លិខិតទៅក្រសួងយុត្តិធម៌ ស្នើឱ្យអន្តរាគមន៍ទម្លាក់បទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាល បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» ព្រមទាំងស្នើសុំឱ្យស្ដារសិទ្ធិនយោបាយរបស់លោកឡើងវិញ បន្ទាប់ពីតុលាការកំពូលបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ។

តុលាការកំពូល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចព្យួរទោសដាក់ពន្ធនាគារលោក រ៉ុង ឈុន ដោយឱ្យសាកល្បងរយៈពេលបីឆ្នាំ និងភ្ជាប់នូវវិធានហាមឃាត់មួយចំនួន រួមទាំងការដកសិទ្ធិនយោបាយរយៈពេលប្រាំឆ្នាំ។

ក្រៅពី ITUC ថ្មីៗនេះ អង្គការអប់រំអន្តរជាតិ (Education International – EI) ដែលតំណាងឱ្យគ្រូបង្រៀន និងបុគ្គលិកអប់រំជាង ៣២ លាននាក់នៅទូទាំងពិភពលោក ក៏បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យអាជ្ញាធរកម្ពុជាលុបចោលការរឹតត្បិតទាំងអស់ដែលរារាំងលោក រ៉ុង ឈុន មិនឱ្យបំពេញសកម្មភាពសហជីព និងការងារការពារសិទ្ធិមនុស្សដោយស្របច្បាប់៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3131}" data-page="1" data-max-pages="1" data-start="1" data-end="1">