លោក កឹម សុខា ត្រូវគេជូនពរឱ្យទទួលបានយុត្តិធម៌នៅក្នុងឆ្នាំថ្មី

នយោបាយ

អ្នកនយោបាយ និងអ្នកវិភាគ នៅតែនឹករលឹកដល់ការតស៊ូអហិង្សារបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងជូនពរឱ្យលោកទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ភ្នំពេញឆាប់ៗ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ខាងមុខ។

ជាអ្នកតស៊ូនយោបាយជាមួយលោក កឹម សុខា តាំងពីជំនាន់បក្សលោក សឺន សាន រហូតដល់បក្សសង្រ្គោះជាតិ និងបច្ចុប្បន្នប្រធានបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកនៅតែចងចាំនូវវីរភាពនៃការតស៊ូរបស់លោក សុខា តាមបែបអហិង្សាដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនយកខ្មែរណាជាសត្រូវ។ 

នៅមុនការកាត់ទោសលោក កឹម សុខា ដែលសាលក្រមរារាំងមិនឱ្យមានទំនាក់ទំនងជាមួយជនណាក្រៅពីសាច់ញាតិ លោក សុវណ្ណារ៉ា ថា លោកក៏ធ្លាប់បានទៅសួរសុខទុក្ខលោក សុខា នៅផ្ទះផងដែរ។ តែយ៉ាងណាក៏ដោយ ក្រោយការផ្ដន្ទាទោស លោក បានត្រឹមសួរនាំពីលោក សុខា តាមរយៈភរិយារបស់គាត់ប៉ុណ្ណោះ។

នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ លោក សុវណ្ណារ៉ា សូមជូនពរឱ្យលោក កឹម សុខា មានសុខភាពល្អ និងទទួលបានយុត្តិធម៌ឡើងវិញឆាប់ៗ ដើម្បីឯកភាពជាតិ និងការរួបរួមជាតិ។

លោក និយាយថា៖ «ក្នុងរដូវបុណ្យចូលឆ្នាំនេះ គឺសូមជូនពរឱ្យគាត់មានសុខភាពល្អ ហើយឆាប់មានសេរីភាពឡើងវិញ ដើម្បីឱ្យខ្មែរឯកភាពជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ជាភាពខ្លាំង ខណៈដែលប្រទេសសៀមកំពុងតែឈ្លានពានអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា»។

រីឯអ្នកនយោយបាយជំនិតលោក កឹម សុខា មួយរូបទៀត គឺអនុប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា លោកនៅតែបន្តការរាប់អានជាមួយលោក កឹម សុខា ដដែល បើទោះបីជាគាត់ត្រូវបានតុលាការឃុំខ្លួនក្នុងផ្ទះ ក៏ដោយ។ 

ទន្ទឹងនឹងនេះ លោក ក៏សង្ឃឹមថា ចំពោះសវនាការជំនុំជម្រះដែលគ្រោងប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ លោក សុខា នឹងទទួលបានការលើកលែងទោស ដែលលោកចាត់ទុកថា ជាផ្នែកមួយនៃការរួបរួមជាតិ អំឡុងពេលរងការឈ្លានពានពីសត្រូវ។

លោក និយាយថា៖ «សង្ឃឹមថា តុលាការនឹងពិចារណាដោះលែង ឬក៏លើកលែងទោស ជាដើម ដើម្បីឱ្យលោកមានសេរីភាពវិញ មុនចូលឆ្នាំខ្មែរនេះ ព្រោះការដែលបាត់បង់សេរីភាពរបស់បុគ្គលអ្នកស្នេហាជាតិម្នាក់ មិនមែនជារឿងលេងសើចសម្រាប់សង្គម សម្រាប់ប្រទេសមួយទេ»។ 

ចំណែកមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ផែង ហេង មានប្រសាសន៍ថា លោក សុខា នឹងចូលរួមសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី០៨ ខែមេសា ខាងមុខនេះ។ 

លោក អះអាងថា លោក សុខា ដែលមានអាយុច្រើនកំពុងមានរាងកាយចាស់ជរា ប៉ុន្តែគាត់ក៏បានប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា ដើម្បីកាត់បន្ថយអារម្មណ៍មិនល្អផ្សេងៗ។

ចំណែកអ្នកវិភាគនយោបាយ និងសង្គមលោកបណ្ឌិត មាស នី យល់ថា បើទោះបីករណី លោក កឹម សុខា មានភាពស្ងប់ស្ងាត់បន្តិចក្ដី ប៉ុន្តែឈ្មោះរបស់គាត់នៅតែដក់ជាប់ក្នុងចិត្តរបស់មហាជនដដែល ជាពិសេសអ្នកគាំទ្របក្សសង្រ្គោះជាតិពីមុនមក។ 

លោក បន្តអះអាងថា រដ្ឋាភិបាលគួរពិចារណាឡើងវិញ ចំពោះការសម្រុះសម្រួលគ្នា មិនថាករណីលោក កឹម សុខា និងអ្នកនយោបាយផ្សេងៗទៀត ដើម្បីឱ្យមានឯកភាពជាតិ នៅពេលដែលសត្រូវកំពុងឈ្លានពាន ដោយចៀសវាងការបន្ទោសគ្នានៅពេលដែលទឹកដីរងការបាត់បង់។

លោក និយាយថា៖ «ព្រោះអីឡូវហាក់ដូចយើងបានទទួលស្គាល់ហើយថា ប្រទេសជិតខាងយើងគេមិនដែលទុកចិត្តយើងទេ។ ចឹងមានតែយើងដែរជាខ្មែរដូចគ្នាទេ ដែលត្រូវរកឱ្យឃើញនូវឯកភាពជាតិ សម្រុះសម្រួលគ្នាទៅដើម្បីធ្វើម៉េចកុំឱ្យអាពេលបាត់ដីហើយ បន្ទោសតែគ្នាឯងទៅវិញទៅមកទៀត។ ចឹងយើងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ហើយរួមការពារទឹកដីទាំងអស់គ្នាទៅ។ អាហ្នឹងជាអ្វីដែលខ្ញុំចង់ឃើញសម្រាប់ឆ្នាំថ្មី នឹងចូលមកដល់»។

សាលាឧទ្ធរណ៍ភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះលោ កឹម សុខា ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» នៅថ្ងៃពុធ ទី០៨ ខែមេសា ក្រោយខកខានការជំនុំជម្រះអស់រយៈពេលជិត២ឆ្នាំ ដែលសវនាការចុងក្រោយបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៤។ ការជំនុំជម្រះសាជាថ្មីនេះ ជាការជំនុំជម្រះលើកទី១៣ នៅសាលាឧទ្ធរណ៍ភ្នំពេញ។ បើតាមមេធាវីការពារក្ដីរបស់លោក សុខា លោកស្រី ម៉េង សុភារី។

លោក កឹម សុខា អាយុ៧៣ឆ្នាំ ត្រូវតុលាការដាក់ពីបទសន្និដ្ឋិភាពជាមួយបរទេសកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយរងការចោទប្រកាន់ថា បានគប់គិតជាមួយសហរដ្ឋអាមេរិក ដែលហៅថា បដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។

សាលាដំបូងរាជធានីភ្នំពេញឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ និងហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត។ លោកក៏ត្រូវបានហាមឃាត់មិនឱ្យទាក់ទងជាមួយនរណាម្នាក់ ដោយគ្មានការអនុញ្ញាតពីតុលាការឡើយ ក្រៅពីសមាជិកគ្រួសាររបស់លោក៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2176}" data-page="1" data-max-pages="1" data-start="1" data-end="1">