អ្នកនេសាទខ្មែរក្នុងចំណោមបីនាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីចុងខែកុម្ភៈ នៅក្បែរកោះយ៉រ ខេត្តកោះកុង ផ្ញើសំបុត្រមកកាន់ក្រុមគ្រួសារ ឱ្យបានដឹងពីសុខទុក្ខ អំឡុងពេលពួកគាត់រស់នៅក្នុងពន្ធនាគារថៃ។
កញ្ញា ងឹម គឹមឡាយ វ័យ១៩ឆ្នាំ ជាប្អូនស្រីបង្កើតរបស់លោក ងឹម រដ្ឋ ដែលជាអ្នកនេសាទមួយរូបត្រូវថៃចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារថៃ និយាយថា រយៈពេលប្រមាណ១ខែមុន បងប្រុសរបស់កញ្ញា បានផ្ញើសំបុត្រសរសេរដោយដៃផ្ទាល់ តាមអ្នករត់ម៉ូតូឌុប ឱ្យបញ្ជូនបន្តមកកាន់ ថៅកែទូករបស់គាត់ និងបងស្រីរបស់នាង។
កញ្ញា គឹមឡាយ អះអាងថា អក្សរក្នុងសំបុត្រនោះ ជាអក្សររបស់បងប្រុស រួមទាំងមានខ្លឹមសារដែលធ្លាប់និយាយជាមួយគ្នាទៀតផង។ កញ្ញា បន្ថែមថា សំបុត្រនោះ សរសេររៀបរាប់ថា លោករដ្ឋ សុខសប្បាយជាធម្មតា ប៉ុន្តែគាត់ប្រឈមនឹងកង្វះថវិកាចាយវាយនៅទីនោះ។
កញ្ញា និយាយថា៖ «គាត់ថា សុខទុក្ខរបស់គាត់អត់អីទេ។ អត់ប្រាប់ថា ថៃ ធ្វើបាបទេ ប៉ុន្តែគាត់ប្រាប់ថាគាត់ ខ្វះលុយចាយ។ ប្រហែលកន្លែងហ្នឹង អាចចាយលុយបានក៏យើងអត់ដឹង ព្រោះអត់បានទាក់ទងគាត់ផ្ទាល់។ ហើយបងស្រី ខ្ញុំនិងថៅកែទូកក៏ផ្ញើលុយឱ្យគាត់ចាយដែរ ឮថៅកែទូកគាត់ថា ផ្ញើតាមម៉ូតូឌុបគេ ហើយម៉ូតូឌុបផ្ញើតាមប៉ូលីសតចឹង»។
យ៉ាងណាក៏ដោយ កញ្ញានៅតែមិនទាន់ជឿជាក់ និងថា ជារៀងរាល់ថ្ងៃគ្រួសាររបស់កញ្ញានៅតែបារម្ភពីលោករដ្ឋ និងចង់ឃើញលោកវិលត្រលប់មកវិញ បើទោះបីជាបានទទួលដំណឹងបន្តិចពីសំបុត្ររបស់លោកក្ដី។
កញ្ញា និយាយថា៖ «នៅតែបារម្ភពីគាត់ ព្រោះអី ទោះបីគាត់បានសរសេរសំបុត្រមកយើងពិតមែនប៉ុន្តែយើងនៅតែអត់ប្រាកដចិត្ត ១០០ ភាគរយ ថា សុខទុក្ខគាត់ដូចអ្វីដែលគាត់បានសរសេរមកយើងឬអត់»។
បន្ទាប់ពីបងប្រុសដែលជាអ្នកផ្គត់ផ្គង់ដល់ការរៀនសូត្រត្រូវកងទ័ពថៃចាប់ខ្លួន សព្វថ្ងៃសិស្សថ្នាក់ទី១២រូបនេះ បានកាត់បន្ថយការចំណាយច្រើនចំពោះការសម្ភារដែលមិនចាំបាច់ផ្សេងៗ។
សំបុត្រសរសេរដៃដោយអ្នកនេសាទខ្មែរដែលកំពុងជាប់ឃុំនៅថៃ បានរៀបរាប់ពីស្ថានភាពនៃការអនុវត្តទោសរបស់អ្នកទាំងបី ដូចជាកម្រិតទោសទណ្ឌក្នុងម្នាក់ ដែលដាក់ដោយអាជ្ញាធរថៃជាដើម ។
សំបុត្រសរសេរ៖«ក្នុងសំបុត្រ សរសេរថា៖ «សេចក្ដីសំបុត្រជូនទៅដល់អ៊ំ មុត ជាដំណឹង ខ្ញុំបាតប្អូនភាព ព្រមទាំង រដ្ឋ , នាង ចាន់នា សុខទុក្ខធម្មតា តែខ្វះខាតថវិកាចាយប្រចាំថ្ងៃ សូមអ៊ំជួយបំពេញដល់រូបខ្ញុំទាំងបីនាក់ផង។ […] សូមអ៊ំជួយប្រាប់ដំណឹងនេះ ទៅដល់ក្រុមគ្រួសារ ប្អូនភាព និងក្មួយរដ្ឋផង។ […] សូមលោកពូ ជួយប្រាប់ប្អូនរបស់ក្មួយរដ្ឋ បើមានលុយបង់រំលោះម៉ូតូផង (ខែ៧ ដាច់ហើយ)»។
ជុំវិញករណីនេះ អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសលោក ចាន់ រតនា មានប្រសាសន៍ថា អ្នកនេសាទខ្មែរទាំង៣នាក់ ត្រូវបានតុលាការខេត្តត្រាតថៃ កាលពីថ្ងៃទី១ ខែមេសា កាត់ទោស ឱ្យជាប់ពន្ធនាគាររយៈ៤ខែ ដល់ ១ឆ្នាំ ៤ខែ និងផាកពិន័យ៥០០បាត ក្នុងមួយថ្ងៃ ក្រោមបទចោទចូលដែនទឹកថៃ និងនេសាទខុសច្បាប់។
លោក បន្ថែមថា តុលាការខេត្តត្រាត ផ្ដន្ទាទោសឱ្យអ្នកបើកទូក ជាប់ពន្ធនាគារ ១ឆ្នាំ ៤ខែ និងពិន័យជាប្រាក់សរុប ១២៩ ០០០បាត។ ចំណែកអ្នកនេសាទពីរនាក់ទៀត ជាប់ពន្ធនាគារ ៤ខែ និងពិន័យជាប្រាក់ចំនួន៩៤ ០០០បាត ក្នុងម្នាក់ៗ។
លោក បន្តថា នៅពេលកាត់ទោស តុលាការថៃ មិនបានជូនដំណឹងមកកាន់ស្ថានទូតកម្ពុជា ឱ្យបានដឹងនោះទេ ដែលនីតិវិធីនេះគឺ កើតមានស្ទើរគ្រប់ពលរដ្ឋខ្មែរដែលត្រូវចោទថាចូលប្រទេសថៃខុសច្បាប់។
លោក បន្តទៀតថា ភាគីកម្ពុជា សម្រេចមិនប្ដឹងឧទ្ធរណ៍នោះទេ បន្ទាប់ពីមេធាវីការពារក្ដីឱ្យអ្នកនេសាទខ្មែរ ផ្ដល់យោបល់ថា ប្រសិនបើប្ដឹងជំទាស់នោះ នឹងនាំឱ្យការឃុំបន្តអូសបន្លាយពេលបន្ថែមទៀត ខណៈមន្រ្តីទូតកម្ពុជា នឹងជួបអ្នកទាំងបីនៅពន្ធនាគារ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីចរចា និងជំរុញឱ្យភាគីថៃដោះលែង។
លោក និយាយថា៖ «វាយកខ្មែរយើងពីដែនទឹកខ្មែរយើង យកទៅកាត់ទោសនៅ(ថៃ) (ថៃ)ចោទថាយើងចូលដែនទឹក(ថៃ)»។
លោក បន្តថា៖ «អីឡូវយើងកំពុងអោយអគ្គកុងស៊ុលយើងទាក់ទងទៅមន្ទីរឃុំឃាំងគេ ដើម្បីសួរនាំ (ទៅជួបថ្ងៃសុក្រ ទី១០ ខែកក្កដា)។ បើគេមិនទាន់ដោះលែងទេ ជំរុញអោយគេដោះលែងពលរដ្ឋយើងទាំង៣រូបនេះ។ […] វាពាក់ព័ន្ធទៅនឹងការបង់ប្រាក់ យើងមិនទាន់មានប្រាក់បង់អោយគេ អានឹងការឃុំខ្លួន ការដាក់ពន្ធនាគារ វាបន្ត ចឹងយើងអោយមន្រ្តីចុះជួបចរចា ដើម្បីអោយគាត់ដោះលែង»។
អ្នកនេសាទខ្មែរទាំង៣នាក់នេះ ត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលថៃចោទថា បានចូលនេសាទត្រីក្នុងដែនសមុទ្រថែនៅក្បែរខេត្តត្រាត។ក្រោយការចាប់ខ្លួនភ្លាមៗ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាស ដោយច្រានចោលការចោទនេះ និងទាមទារឱ្យភាគីថៃដោះលែងពលរដ្ឋខ្មែរត្រលប់មកវិញជាបន្ទាន់។ កម្ពុជា និយាយថា កងទ័ពជើងទឹកថៃបានចាប់ខ្លួនអ្នកនេសាទខ្មែរទាំងនោះ ក្នុងដែនទឹកកម្ពុជា ដែលស្ថិតនៅក្បែរកោះយ៉រ ខេត្តកោះកុង។
លុះក្រោយមក អាជ្ញាធរថៃ សម្រេចឃុំខ្លួនពួកគេទាំង៣នាក់ ក្នុងពន្ធនាគារខេត្តត្រាត ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ចំនួន៤ បទល្មើស។ បទចោទទាំងនោះរួមមាន ការគ្រប់គ្រង ប្រើប្រាស់នាវាសញ្ជាតិបរទេស និងទី២ រួមគ្នាធ្វើនេសាទបែបពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតពីថៃ។ ទី៣ ជនបរទេសដែលចូលទឹកដីថៃ ដោយខុសច្បាប់ និងបទចោទទី៤ ពាក់ព័ន្ធនឹងការបង្កើត និងប្រើប្រាស់វិទ្យុទាក់ទងដែលគ្មានច្បាប់អនុញ្ញាត៕







