សហមេធាវីការពារក្ដីឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ថាសាលាដំបូងរាជធានីភ្នំពេញនឹងឆ្លើយតបសំណើររបស់លោកសុំដោះលែងកូនក្ដីលោកឱ្យមានសេរីភាពវិញ នៅក្នុងខែឧសភានេះ។លោកថាច់ សេដ្ឋា ត្រូវតុលាការដាក់ទោសពីរសំណុំរឿងផ្សេងគ្នាដោយរូបគាត់បានជាប់ពន្ធនាគារសរុបអស់រយៈពេលបីឆ្នាំមកហើយ បើគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
អតីតសមាជិកព្រឹទ្ធសភានិងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់ចំនួន៥។កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ១៨ខែ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តុលាការបានចេញដីកាឃុំខ្លួនលោកក្នុងសំណុំរឿងមួយផ្សេងទៀត និងកាត់ទោសលោកកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់ឱ្យមានការរើសអើង»។
សហមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន បានប្រាប់ប្រជាកាសែតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា លោកបានដាក់ពាក្យស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញដោះលែងកូនក្ដីរបស់លោកឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសារលោក សេដ្ឋា បានអនុវត្តទោសគ្រប់ចំនួន ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
លោកបណ្ឌិត ជុំជួន ថាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់លោកថា តុលាការនឹងឆ្លើយតបពាក្យស្នើសុំរបស់គាត់ជាផ្លូវការនៅសប្ដាហ៍បន្ទាប់។
លោកថា៖ «ពាក្យស្នើសុំរបស់យើងហ្នឹងខាងតំណាងអយ្យការហ្នឹងគាត់បានទទួលហើយណា៎។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ នឹងមានការឆ្លើយតបក្នុងរង្វង់សប្ដាហ៍ក្រោយ ក្នុងរង្វង់សប្ដាហ៍ក្រោយ នឹងមានការឆ្លើយតបជាផ្លូវការ ហើយសង្ឃឹមថាការឆ្លើយតបជាផ្លូវការហ្នឹងមានការបង្ហាញអំពីការដោះលែង ឬក៏មិនដោះលែងហ្នឹង ដោយផ្អែកលើមូលដ្ឋានកត្តិយុទ្ធបែបណានោះ យើងនឹងពិនិត្យបន្ថែម»។
កូនប្រុសរបស់លោក ថាច់ សេដ្ឋា គឺលោក ថាច់ សុខកុញ្ជរា ប្រាប់ថា រសៀលថ្ងៃទី៤ ខែឧសភា លោកទៅសួរសុខទុក្ខឪពុកនៅឯពន្ធនាគារ ហើយលោកថា អ្វីដែលលោកបារម្ភជាងគេនៅពេលលោក ថាច់ សេដ្ឋា បន្តជាប់ពន្ធនាគារនោះ គឺបញ្ហាសុខភាពរបស់ឪពុកគាត់។
លោកថា៖ «ខ្ញុំបារម្ភតែពីសុខភាពគាត់ទេ[..]យើងមើលស្ថានភាពគាត់នៅក្នុងពន្ធនាគារអីក៏មើលទៅវាពិបាកដែរ។ ដល់ពេលទៅសួរនាំគាត់ចទៅ គាត់ថាអត់អី អត់អី។ ហើយគាត់ឧស្សាហ៍ឈឺដែរ មើលទៅស្ថានភាពគាត់ៗឡើងជាតិស្ករផង ជាតិអាស៊ីតផង បេះដូងផងអីផង ហើយគាត់ត្រូវការថ្នាំទៀងទាត់ផង»។
លោក កុញ្ជរា វ័យ២១ឆ្នាំ ប្រាប់ថា លោកសង្ឃឹមថា តុលាការនឹងដោះលែងឪពុកគាត់ឱ្យមានសេរីភាព វិលត្រឡប់ជួបជុំគ្រួសារវិញ។
លោកថា៖ «បើខាងតុលាការគាត់បានដោះលែង ផ្ដល់សិទ្ធិសេរីភាពឱ្យប៉ាខ្ញុំមកវិញគឺពួកខ្ញុំអរណាស់បង អត់ចង់បានអីច្រើនទេបង។ ជួបជុំគ្រួសារវិញហើយប៉ាគាត់ឆាប់មានសេរីភាពវិញ និងពេលដែលគាត់ចេញមក ឱ្យគាត់ជួយជាតិដូចពេលដែលគាត់ធ្វើនៅក្នុងសង្គមស្រុកខ្មែរដូចរាល់ដង»។
ចំណែកឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ចាត់ទុកការដែលបន្តឃុំខ្លួន លោក ថាច់ សេដ្ឋា ក្នុងពន្ធនាគារ ក្រោយពីគាត់បានអនុវត្តទោសចប់សព្វគ្រប់នោះថា ជារឿងមិនសមសម្រប និងហួសហេតុ។
លោកថា៖ «យើងចង់ដឹងពីការបកស្រាយរបស់តុលាការ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងពិចារណាទម្លាក់បទចោទប្រកាន់ទី២ ឬទី៣ ប្រសិនបើមានពាក់ព័ន្ធជាមួយលោក ថាច់ សេដ្ឋា»។
ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានទេត្រឹមរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
ជុំវិញករណីនេះ ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត មានប្រសាសន៍ថា តុលាការគួរតែដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញតាមសំណើរបស់មេធាវីលោក។
លោកថា៖ «ខ្ញុំសង្ឃឹមថា ..តុលាការ… គួរតែដោះលែងឱ្យគាត់បានមានសេរីភាពតាមការ ស្នើសុំ របស់ មេធាវី»៕







