សារព័ត៌មានធំៗលើពិភពលោកចុះផ្សាយព្រោងព្រាតពីករណីលើកលែងទោសលោក កឹម សុខា

នយោបាយ

(រូបលោកកឹម សុខា ដែលត្រូវបានផ្សាយនៅតាមសារព័ត៌មានល្បីៗជុំវិញពិភពលោក។ ថតចែកផ្សាយបន្តដោយប្រជាកាសែត)។

សារព័ត៌មានធំៗលើពិភពលោកចុះផ្សាយព្រោងព្រាតពីការលើកលែងទោសរបស់ព្រះមហាក្សត្រលើប្រធានបក្សប្រឆាំងលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស២៧ឆ្នាំឱ្យជាប់ពន្ធនាគារ។

ការចុះផ្សាយនេះធ្វើឡើង គឺបន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យលើកលែងទោសលើលោក កឹម សុខា។

សារព័ត៌មានអន្តរជាតិ BBC បានចុះផ្សាយថា៖«ការលើកលែងទោសលើលោក កឹម សុខា កើតឡើងបន្ទាប់ពីបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់លោក កឹម សុខា ត្រូវបានច្រានចោលកាលពីខែមុន។ ប៉ុន្តែការលើកលែងទោសឱ្យលោក កឹម សុខា នេះ គឺមិនរាប់បញ្ចូលលើការលុបចោលបម្រាមធ្វើនយោបាយ និងធ្វើដំណើរចេញពីប្រទេសកម្ពុជារបស់លោករយៈពេលប្រាំឆ្នាំនោះទេ»។

នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោកស្រី Elaine Pearson បានផ្ដល់សម្ភាសជាមួយសារព័ត៌មានBBC ថា៖ «ការសម្រេចចិត្តរបស់លោក ហ៊ុន សែន ក្នុងការលើកលែងទោសលោក កឹម សុខា បន្ទាប់ពីឃុំខ្លួនអស់រយៈពេលជាងប្រាំបីឆ្នាំ វាបានផ្លាស់ប្តូរផ្នែកខ្លះនៃភាពអយុត្តិធម៌ដ៏ធ្ងន់ធ្ងរ ប៉ុន្តែគួរឱ្យសោកស្តាយដែលលោក កឹម សុខា នៅតែត្រូវបានរារាំងមិនឱ្យចូលរួមក្នុងឆាកនយោបាយ ឬចាកចេញពីប្រទេស»។

លោកស្រីបន្តថា៖ «អ្នកនយោបាយ និងគណបក្សប្រឆាំងដែលនៅសេសសល់របស់កម្ពុជានៅ​តែស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរនៃការចាប់ខ្លួនតាមទំនើងចិត្ត និងការរឹតបន្តឹងដោយគ្មានមូលដ្ឋាន។ រដ្ឋាភិបាលត្រូវធានាថាសិទ្ធិនយោបាយត្រូវបានគោរពក្នុងប្រទេស»។

ក្នុងពេលជាមួយគ្នា សារព័ត៌មាន ABC របស់អាមេរិកសរសេរថា៖«សេចក្តីសម្រេចនេះ ទំនងជាមិនប៉ះពាល់ខ្លាំងដល់នយោបាយរបស់កម្ពុជាទេ ដោយសារឥស្សរជនកំពូលរបស់គណបក្សប្រឆាំងផ្សេងទៀតកំពុងនិរទេសខ្លួន ហើយសកម្មជននយោបាយ និងសកម្មជនសង្គមនៅតែប្រឈមមុខនឹងការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ និងសកម្មភាព»។

សារព័ត៌មានABC បន្តថា៖«ការចាប់ខ្លួនលោក កឹម សុខា ក្នុងឆ្នាំ ២០១៧ គឺជាការចាប់ផ្តើមនៃការបង្រ្កាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគូប្រជែងនយោបាយ ជាពិសេសគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយរបស់លោក កឹម សុខា»។

សារព័ត៌មាន AP ក៏បានចុះផ្សាយស្រដៀងនឹងសារព័ត៌មានខាងលើដែរ ដោយបាននិយាយពីការសម្រេចលើកលែងទោសពីប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើលោក កឹម សុខា ឱ្យមានសេរីភាពពីការឃុំខ្លួនក្នុងផ្ទះរយៈពេល២៧ឆ្នាំ។

សារព័ត៌មាន AP បន្ថែមថា៖«ការសម្រេចចិត្តរបស់សម្តេច ហ៊ុន សែន ក្នុងការលើកលែងទោសលើលោក កឹម សុខា បន្ទាប់ពីឃុំខ្លួនអស់រយៈពេលជាង ៨ ឆ្នាំ ដែលធ្វើឱ្យមានភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែគួរឱ្យសោកស្តាយដែលលោក កឹម សុខា នៅតែត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងឆាកនយោបាយ ឬចាកចេញពីប្រទេស»។

រីឯសារព័ត៌មានចិន South China Morning Post បានសរសេរចេញពីសេចក្ដីថ្លែងការណ៍របស់ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ ពាក់ព័ន្ធនឹងការលើកលែងទោសនេះថា ៖«ការលើកលែងទោសនេះគឺជាការប៉ុនប៉ងដើម្បីលាងសម្អាតយុទ្ធនាការរបស់រដ្ឋាភិបាលប្រឆាំងនឹងគូប្រជែងនយោបាយរបស់ខ្លួន»។

សេចក្តីថ្លែងការណ៍នោះបានបន្តថា៖ «ការសម្រេចចិត្តបន្ធូរបន្ថយត្រឹមតែទោសជាប់ពន្ធនាគារ ខណៈដែលរក្សាការហាមឃាត់សកម្មភាពនយោបាយ និងការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើរទៅក្រៅប្រទេស គឺគ្រាន់តែផ្លាស់ប្តូរទម្រង់នៃការឃុំខ្លួនពីការឃុំខ្លួនក្នុងផ្ទះទៅជាការឃុំឃាំងនយោបាយ»។

ចំណែកសារព័ត៌មានសិង្ហបុរី CNA ឱ្យដឹងថា ករណីលោក កឹម សុខា ស្ថិតក្នុងចំណោមករណីលេចធ្លោបំផុតក្នុងការបង្រ្កាបយ៉ាងខ្លាំងក្លាលើគូប្រជែងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។

សារព័ត៌មាននេះសរសេរបន្តថា៖«គាត់ស្ថិតក្នុងចំណោមឥស្សរជនគណបក្សប្រឆាំងមួយចំនួនទៀតដែលនៅសេសសល់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីមនុស្សជាច្រើននាក់ផ្សេងទៀតបានភៀសខ្លួនបន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការកំពូលឆ្នាំ ២០១៧ ដែលបានរំសាយគណបក្សសង្រ្គោះជាតិ»។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ ឬបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដកហូតសិទ្ធិធ្វើនយោបាយ។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមតុលាការជាន់ទាបដែលកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិឱ្យនៅដដែល រួមទាំងបន្ថែមនូវការហាមឃាត់លោកមិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2706}" data-page="1" data-max-pages="1" data-start="1" data-end="1">