ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មជាផ្លូវការ ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសថៃ ករណីរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។
ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មជាផ្លូវការ ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសថៃ ករណីរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai តាមរយៈកាសែត Khaosod English គំរាមចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បើពួកគេចូលប្រទេសថៃ។
តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បង្ហាញក្ដីព្រួយបារម្ភចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្តីស្ដីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុក ថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។
សេចក្ដីថ្លែងការណ៍បន្តថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្តី ស្ដីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុង ស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា»។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកករណីនេះថាមិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាព កម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ ព្រមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បី សម្រេចបាននូវបទឈប់បាញ់រវាងប្រទេសទាំងពីរ។ តែយ៉ាងណាក្រសួងការបរទេសកម្ពុជា ប្តេជ្ញាបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និង ការស្ដារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលនាពេលខាងមុខ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ប្រតិកម្មចំពោះករណីនេះ ដោយចាត់ទុកលោកនាយករដ្ឋមន្ត្រីស្តីទីថៃ ជាមនុស្សមិនស្គាល់ច្បាប់ បើលោកពិតជាបានថ្លែងដូចការចុះផ្សាយមែននោះ។
លោកថា៖ «ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឱ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ»។
លោក ហ៊ុន សែន បន្តថា៖ «ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី១៩ ខែសីហា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោកបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត អំពីការវិវត្តន៍ចុងក្រោយដែលទាក់ទងនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ។
លោកថា៖«ខ្ញុំបាននិយាយជាមួយប្អូននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តន៍ចុងក្រោយដែលទាក់ទងនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ យើងក៏បានទាក់ទងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលបាននិងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃប្រទេសជិតខាងទាំងពីរ ហើយបានពិភាក្សាបន្ថែមអំពីជំហានផ្សេងទៀតដែលអាចត្រូវបានអនុវត្ត ដើម្បីសម្រួលប្រសិទ្ធភាពនៃប្រតិបត្តិការត្រួតពិនិត្យដោយ IOT»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់ថា ករណីនាយករដ្ឋមន្ត្រីស្ដីទីថៃគំរាមចាប់ខ្លួនថ្នាក់ដឹកនាំកម្ពុជា ជាការគំរាមធ្ងន់ធ្ងរ ព្រោះមិនដែលមានគូបដិបក្ខនៃប្រទេសមានសង្គ្រាមណាមួយគំរាមចាប់ខ្លួនគ្នានោះទេ។
លោកថា៖ «នេះគឺជាការគំរាមកម្រិតធ្ងន់ធ្ងរ ហើយទម្លាក់ទំនាក់ទំនងការទូតដល់កម្រិតសូន្យ ប្រសិនបើកម្ពុជាឆ្លើយតបវិញនោះមានន័យថា គឺផ្ដាច់ទំនាក់ទំនងការទូតតែម្ដង ពីព្រោះនេះគឺជាការគំរាមធ្ងន់ធ្ងរដល់ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ហើយយើងសង្កេតឃើញថា បើទោះជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមនៅកន្លែងផ្សេងយ៉ាងណាក៏ដោយ ក៏គេមិនទាន់មានឃើញការគំរាមកំហែងចាប់ថ្នាក់ដឹកនាំ ប្ដឹងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាដៃគូនោះដែរ ជាដៃគូបដិបក្ខនោះដែរ»។
ករណីនេះ លោកបណ្ឌិត យង់ ពៅ យល់ថា ភាគីថៃកំពុងបំពានគោលការណ៍ និងច្បាប់អន្តរជាតិធ្ងន់ធ្ងរ៕







