ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតករណីក្មេងប្រុសម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀតធ្លាក់ខ្លួនឈឺដោយសារសង្ស័យថាពុលអាហារស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក កុយ វ៉ាន់នី មានប្រសាសន៍ថា ក្រសួងសុខាភិបាលកំពុងប្រមូលសំណាកជាច្រើនបន្ថែមទៀត ដើម្បីពិនិត្យមើលរោគវិនិច្ឆ័យ ក្រោយការធ្វើសំណាកលើអាហារដែលគេបរិភោគនោះ ពុំរកឃើញមានជាតិពុលអ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រៅពីការពុលចំណីធម្មតានោះទេ។
លោក និយាយថា៖ «ពុំមានរកឃើញអ្វីទាក់ទងនឹងជាតិពុលអីទេមកដល់ម៉ោងនេះ។ (ចុះការពុល និងការស្លាប់ពាក់ព័ន្ធនឹងករណីអ្វី?) យើងអត់ទាន់ដឹងទេ ចាំមើលលទ្ធផលចុងក្រោយ មកដល់ម៉ោងនេះអត់មានឃើញជាតិពុលណាដែលថាមានការស្លាប់នឹងទេ ដូចជាការពុលចំណីអាហារធម្មតាដែលយើងដឹងទូទៅទេអាហ្នឹង (ការស្លាប់នេះ)។
យ៉ាងណាលោកមិនទាន់អាចបញ្ជាក់ថា លទ្ធផលនៅមន្ទីរពិសោធន៍នឹងដឹងនៅពេលណានោះទេ។ ទន្ទឹងនឹងនេះ លោកក៏ទទូចឱ្យប្រជាពលរដ្ឋត្រូវប្រញាប់មកមន្ទីរពេទ្យ នៅពេលដែលចេញរោគសញ្ញាពាក់ព័ន្ធនឹងការពុលចំណីអាហារ ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា។
ក្នុងកំណត់ហេតុរបស់សមត្ថកិច្ច និយាយថា កុមារម្នាក់ អាយុ៥ឆ្នាំ បានស្លាប់ និងសាច់ញាតិរបស់គេចំនួន៤នាក់ទៀត ក្អួតចង្អោរបន្តបន្ទាប់គ្នា ក្រោយទទួលទានម្អូបសោ្ងរសាច់ជ្រូក ជាមួយស្ពៃក្ដោបដែលបានទិញតាមរទេះ។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Media News គ្រួសាររបស់ជនរងគ្រោះ បានដាក់ការសង្ស័យលើស្ពៃក្ដោបដែលទិញតាមរទេះនោះ មានជាតិគីមី ដោយកត់សម្គាល់ថា បន្លែនេះ នៅតែមានសភាពស្រស់ ក្រោយចម្អិនរួចហើយ តែដំបូងឡើយពួកគេមិនបានចាប់អារម្មណ៍លើចំណុចនេះនោះទេ។
ក្នុងវីដេអូព័ត៌មានដដែល ជីដូនរបស់ជនរងគ្រោះ ឱ្យដឹងទៀតថា បន្ទាប់ពីបរិភោគអាហារបាន១០នាទី ស្រាប់តែពួកគេទាំង៥នាក់ មានអាការឈឺក្អួតជាបន្តបន្ទាប់ និងរយៈពេលមួយម៉ោងក្រោយ មន្ទីរពេទ្យបញ្ជាក់ថា ចៅរបស់គាត់បានបាត់បង់ជីវិត។
កំណត់ហេតុដែលផ្ដល់ដោយ អធិការខណ្ឌដង្កោលោក ជឹម ស៊ីថា លើកឡើងថា៖«ក្រោយការសួរនាំរបស់សមត្ថកិច្ច ជាឪពុករបស់ជនរងគ្រោះ រៀបរាប់ថា កូនស្រីរបស់គាត់ បានយកស្ពៃក្តោបមកធ្វើម្ហូប ហើយអំឡុងពេលចំអិន នៅ ពេលដាក់ស្ពៃក្តោបចូលមានពពុះប្លែកខុសពីធម្មតាតែមិនចាប់អារម្មណ៏ ហើយក៏ហូបជុំគ្នាមានសមាជិកគ្រួសារ ៥នាក់»។
ប្រភពដដែលបន្ថែមថា ៖«លុះក្រោយបរិភោគរួច ក៏មានអារម្មណ៏មិនស្រួលខ្លួនចង់ក្អួត និងបាននាំគ្នាទៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈកូនប្រុសរបស់លោកឈ្មោះ ថេត ខេវិន (ស្លាប់) មានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា លុះដល់វេលាម៉ោងជាង៩យប់ ថ្ងៃដដែល គ្រូពេទ្យ បញ្ជាក់ថាកូនរបស់លោកបានស្លាប់ហើយ»។
បើតាមលោកអធិការនគរបាលបញ្ជាក់ថា ក្រោយការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចលោក ជឹម ស៊ីថា ថា ជនរងគ្រោះស្លាប់ ដោយសារ រាគ និងក្អួតធ្ងន់ធ្ងរ។
កាលពីចុងឆ្នាំ២០២៤ មានមនុស្សចំនួន ៤១នាក់ នៅខេត្តព្រះសីហនុ បានពុលនំសាំងវិចដែលមានផ្ទុកប៉ាតេរី២ប្រភេទ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕







