មន្ត្រី​បក្ស​កម្លាំង​ជាតិ​លោក​ អៀម រ៉ាវុទ្ធ ​ដែល​បាត់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ ការ​ពិត​រូប​គាត់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​​

នយោបាយ

លោក អៀម រ៉ាវុទ្ធ អនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (រូបភាព៖ គណបក្សកម្លាំងជាតិ)

មន្ត្រី​មូលដ្ឋាន​គណបក្ស​កម្លាំង​ជាតិ​ម្នាក់​លោក​ អៀម រ៉ាវុទ្ធ​ ដែល​បាន​បាត់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​មក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​ គាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ។​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ ចាត់​ទុក​ថា​ ករណី​នេះ​ជា​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ។​

អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្តោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ លោក​ អៀម រ៉ាវុទ្ធ ​បាន​បាត់​ដំណឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៥​ ខែ​សីហា ​ឆ្នាំ​២០២៥។​ សាច់​ញាតិ​និង​ តំណាង​គណបក្ស​កម្លាំង​ជាតិ​ សុទ្ធ​តែ​អះអាង​ថា​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ អៀម រ៉ាវុទ្ធ ​និង​បាន​បញ្ជូន​គាត់​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃស​ ដោយ​ចោទ​បទ​ញុះញង់។​

លោក​ សុខ គឹមសេង ​អនុ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ បាន​ប្រាប់​ប្រជាកាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៥​ថា​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ អៀម រ៉ាវុទ្ធ ​ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្តោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ ​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ដោយ​ចោទ​ប្រកាន់​ពី​បទ ​ញុះញង់​បង្ក​ឱ្យ​មាន​អសន្តិសុខ​សង្គម។​

លោក​ថា៖​ «គេ​ចាប់​គាត់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ បទ​ ញុះញុង​បង្ក​ឱ្យ​មាន​អសន្តិសុខ​សង្គម​ (មិន​ទាន់​ឃើញ​ដីការ) ​[…]​វា​ជា​ការ​រឹតត្បឹត​សេរីភាព​ការ​បញ្ចេញ​មតិ​ និង​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ»។​

លោក​ សុខ គឹមសេង ​សំណូមពរ​ដល់​អាជ្ញាធរ​ឱ្យ​យោគ​យល់​ចំពោះ​កំហុស​នានា​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ស្នើ​ឱ្យ​ ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​រួប​រួម​គ្នា ​ខណៈ​ពេល​កម្ពុជា-​ថៃ​កំពុង​មាន​ជម្លោះ។​

លោក​បន្ថែម​ថា៖​«ទី១​ ក្នុង​ដំណាក់​កាល​ដ៏​បាក​នេះ​អាជ្ញាធរ​ត្រូវ​មាន​ការ​យោគយល់​ បើ​គាត់​មាន​កំហុស​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​ហៅ​មក​អប់រំ។​២.​ក្នុង​ស្ថានភាព​ប្រទេស​យើង​កំពុង​តែ​មាន​ការ​ឈ្លាន​ពាន​ពី​កង​ទ័ព​ថៃ ​ប្រជាពលរដ្ឋ​កម្ពុជា ​គ្រប់​និន្នាការ​នយោបាយ​ចាំបាច់​ត្រូវ​មាន​សាមគ្គីភាព​ជា​ធ្លុង​មួយ។ ​១.​ត្រូវ​មាន​ស្ថិរភាព​នយោបាយ ​២.​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​៣.​ត្រូវ​ចាប់​ផ្តើម​ការ​ផ្សះផ្សារ​ជាតិ​ តាម​រយៈ​ការ​រួបរួម​អ្នក​នយោបាយ​ ទាំង​អស់​ ដោយ​ចាប់​ផ្តើម​ពី​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ»។​

សាច់​ញាតិ​របស់​លោក ​អៀម រ៉ាវុទ្ធ ​គឺ​លោក​ ជា​ គឹមយ៉េន​ ប្រាប់​ថា​ លោក​បាន​ទទួល​ដំណឹង​ថា​ លោក​ អៀម រ៉ាវុទ្ធ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​និង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ​ខែ​សីហា ​ឆ្នាំ​២០២៥​ តែ​លោក​មិន​ទាន់​បាន​ជួប​លោក​ រ៉ាវុទ្ធ ​នៅ​ឡើយ​ទេ។​

លោក​បន្ត​ថា៖​ «ខ្ញុំ​មាន​ការ​តក់ស្លុត​ ក្រោយ​ពី​ទទួល​ដំណឹង​ថា​មាន​ការ​ចាប់​ខ្លួន​លោក​គ្រូ ​អៀម រ៉ាវុទ្ធ ​បញ្ជូន​ទៅ​ពន្ធនាគារ។​ ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ថា​អាជ្ញាធរ​លោក​ឃាត់​ខ្លួន​គាត់​ ព្រោះ​ថា​មនុស្ស​គាត់​ជា​មនុស្ស​ដែល​ដើរ​តួ​សង្គម​ គាត់​រិះគន់​ដើម្បី​ស្ថាបនា​សង្គម​ មនុស្ស​គាត់​និយាយ​ត្រង់​ មាត់​ត្រង់​មិន​មែន​ថា​រិះ​រដ្ឋាភិបាល​ទេ​គាត់​រិះគន់​សូម្បី​តែ​ថ្នាក់​ដឹក​នាំ​គណបក្ស ​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន»។​

លោក ​ជា គឹមយ៉េន ​ថា​លោក​មិន​ទាន់​ដឹង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ក្រោម​បទ​ចោទ​អ្វី​ទេ​ ហើយ​លោក​ក៏​មិន​ទាន់​អាច​សន្មត់​យ៉ាង​ណា​ដែរ​ ក៏​ប៉ុន្តែ​លោក​ថា ​នៅ​មុន​ពេល​លោក​ អៀម រ៉ាវុទ្ធ ​ត្រូវ​បាន​ចាប់​ខ្លួន​ គាត់​បាន​ចែក​រំលែក​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា។​

លោក​បន្ថែ​មថា៖​ «ខ្ញុំ​មិន​ទាន់​វាយ​តម្លៃ​នេះ​ជា​រឿង​ពាក់ព័ន្ធ​នឹង​អ្វី​មួយ​នៅ​ឡើយ​ទេ​ណ៎ា​[…]​ប៉ុន្តែ​មុន​នឹង​ការ​ចាប់​ខ្លួន​គាត់​ហ្នឹង​ គាត់​បាន​ Share​ [ចែករំលែក]​ ព័ត៌មាន​ក្ដៅ​ពី​ក្រៅ​ប្រទេស​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល»។​

ប្រជាកាសែត​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ សំ វិច្ឆិកា ​អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៩ ​ខែសីហា ​ឆ្នាំ២០២៥។​

លោក​ ប៉េង ម៉េងគ័ង ​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​សាលា​ដំបូង​ភ្នំពេញ​ និង​លោក​ អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សុទ្ធ​តែ​បញ្ជាក់​ថា​ មិន​ទាន់​ទទួល​បាន​ដំណឹង​នេះ​នៅ​ឡើយ។​

ជុំវិញ​ករណី​នេះ​ មន្រ្តី​អង្កេត​ជាន់​ខ្ពស់​ នៃ​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ហៅ​កាត់​ថា ​អាដហុក ​(ADHOC)​ លោក​ យី សុខសាន្ត ​យល់​ថា ​ការ​ចាប់​ខ្លួន​លោក​ អៀម រ៉ាវុទ្ធ​ ទំនង​ជា​ដោយសារ​ការ​បញ្ចេញ​មតិ​របស់​លោក​ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល។ ​

លោក​ថា៖​ «អ្វី​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​ហ្នឹង​ហាក់​ដូច​ជា​ ប្រាស់​ចាក​ទៅ​លើ​ប្រទេស ​ដែល​សព្វ​ថ្ងៃ​ដែល​យើង​ប្រកាស​ថា​ នីតិរដ្ឋ ​ហើយ​យើង​អង្គការ​សង្គម​ស៊ីវិល​ ស្នើ​សុំ​ទទូច​ទៅ​រដ្ឋាភិបាល​ បើ​ចាប់​ បើ​ចង​ដាក់​ពន្ធនាគារ​ដាក់​អី​ក៏​គួរ​តែ​បង្ហាញ​អំពី​នីតិវិធី​ក៏​ដូច​ជា​ការ​ចោទ​ប្រកាន់​ បង្ហាញ​ដីកា​បង្ហាញ​អី​ឱ្យ​ក្រុម​គ្រួសារ​គេ​ដឹង​ផង»។​

លោក​បន្ថែម​ថា៖​ «បើ​ស្ថានភាព​នេះ ​គួរ​តែ​មាន​ការ​រួបរួម​ជាតិ​ ការ​តិទាន ​ការ​បញ្ចេញ​មតិ​ គួរ​តែ​ទទួល​យក​ទៅ​ ហើយ​បើ​សិន​ការ​ទទួល​យក​ការ​តិទាន ​ការ​បញ្ចេញ​មតិ​មិន​បាន​ ជា​ទូទៅ​ធម្មតា​ទេ​អ្នក​អនុវត្តន៍​តែង​តែ​ទទួល​រង​ការ​រិះគន់​ និង​តិទាន​ហើយ​ ក៏​ប៉ុន្តែ​បើ​សិន​ជា​យើង​គ្រាន់​តែ​គ្នាតិ​ទាន​ដើម្បី​កែ​លំអ ​វា​មិន​គួរ​ណា​ដល់​ថ្នាក់​ចាប់​ដាក់​ទោស​ទណ្ឌ​ពួក​គាត់»។​

បើ​តា​មគណបក្ស​កម្លាំង​ជាតិ​ បច្ចុប្បន្ន​មាន​ថ្នាក់​ដឹក​នាំ ​និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ចំនួន​ ១៦នាក់​ កំពុង​ជាប់​ពន្ធនាគារ​ ដូច​ជា​លោក​ ស៊ុន ចន្ធី​ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ លោក​ ជិន ប៊ុណ្ណារ័ត្ន ​អគ្គ​នាយក​រដ្ឋបាល​គណបក្ស​កម្លាំង​ជាតិ​ និង​លោក​ ឌឹម គៀង ​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ជា​ដើម៕​

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1025}" data-page="1" data-max-pages="1" data-start="1" data-end="1">