បក្សកម្លាំងជាតិប្រកាសពង្រឹងរចនាសម្ព័ន្ធមូលដ្ឋាននិងថ្នាក់ជាតិឆ្ពោះទៅប្រជែងការបោះឆ្នោត

នយោបាយ

គណបក្សកម្លាំងជាតិ បានកំណត់ទិសដៅយុទ្ធសាស្រ្តនយោបាយរបស់ខ្លួនក្នុងឆ្នាំ២០២៦-២៧ តាមរយៈការពង្រឹងរចនាសម្ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឆ្ពោះទៅប្រជែងការបោះឆ្នោត នាពេលខាងមុខ ខណៈអ្នកវិភាគនយោបាយ យល់ថា បក្សប្រឆាំងនេះត្រូវការអ្នករៀបចំយុទ្ធសាស្រ្តនៅពីក្រោយនិងបង្ហាញទស្សនវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ជាតិ។

យោងតាមសេចក្ដីប្រកាសរបស់គណបក្សកម្លាំងជាតិចុះថ្ងៃទី០៨ ខែកុម្ភៈ ឱ្យដឹងថា សន្និបាតរបស់គណបក្សកាលពីសប្ដាហ៍មុន បានកំណត់ចក្ខុវិស័យ និងទិសដៅយុទ្ធសាស្រ្តរបស់បក្សក្នុងឆ្នាំ២០២៦-២០២៧ និងការពង្រឹងរចនាសម្ព័ន្ធនៅមូលដ្ឋាននិងថ្នាក់ជាតិ។ 

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន មានប្រសាសន៍ថា សន្និបាតរបស់បក្សបានដាក់គោលដៅលើការរៀបចំរចនាសម្ព័ន្ធតាមឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិ ឱ្យបានរឹងមាំ ការរៀបចំវេទិកាសាធារណៈនានានិងពិនិត្យមើលបន្ថែមពាក់ព័ន្ធនឹងការចូលរួមយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ។

បន្ថែមពីលើនេះ លោក ឈុន ថា គណបក្សកម្លាំងជាតិនៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការប្រកួតប្រជែងការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យដែលប្រទេសកម្ពុជាបានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក និយាយថា៖ «ការកំណត់គោលដៅគឺយើងផ្ដោតទៅលើការរៀបចំរចនាសម្ព័ន្ធបន្ត ហើយស្រុកនៅមិនទាន់យើងត្រូវបញ្ចប់។ ហើយកម្មវិធីវេទិកាសាធារណៈដែលយើងនឹងគ្រោងធ្វើ ហើយនឹងត្រូវពិនិត្យមើលនិងចូលរួមរៀននិងចូលរួមយុទ្ធនាការការចុះឈ្មោះនៅពេលខាងមុខនេះ អាហ្នឹងការងារដែលយើងត្រូវធ្វើបន្ត»។

អ្នកវិភាគនយោបាយនិងសង្គមលោកបណ្ឌិត មាស នី យល់ឃើញថា គណបក្សកម្លាំងជាតិ នៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រជែងជាមួយបក្សកាន់អំណាចនោះទេ បើទោះបីជាសមាជិកជាច្រើនមកពីគណបក្សសង្រ្គោះជាតិក៏ដោយ។

លោកបន្ថែមថា គណបក្សនយោបាយមួយអាចមានឥទ្ធិពលខ្លាំងក្លាបាន លុះត្រាតែមានអ្នករៀបចំតាក់តិចនៅពីក្រោយនិងការមើលបានវែងឆ្ងាយទាក់ទិននឹងការអភិវឌ្ឍន៍សង្គមជាតិ ដែលរាប់បញ្ចូលទាំងអ្នកនយោបាយ អ្នកយុទ្ធសាស្រ្ត និងអ្នកបច្ចេកទេសផង។

លោក បន្តទៀតថា ចំពោះបក្សប្រឆាំងនៅពេលនេះ ពិបាកក្នុងការអនុវត្តតាមផែនការនយោបាយរបស់ខ្លួន ដោយសារលំហរនយោបាយនៅកម្ពុជាមានការរឹតត្បិត។

លោក និយាយថា៖ «គណបក្សណាអាចខ្លាំងទៅបានលុះត្រាតែ មិនមែនមានតែសកម្មជនទេ ត្រូវមានអ្នកយុទ្ធសាស្រ្តដើម្បីជួយគិតផង និងមួយទៀតក៏ត្រូវមានសមត្ថភាពនៅក្នុងការមើលឃើញឱ្យបានវែងឆ្ងាយទៅទស្សនទូទៅនៅក្នុងការអភិវឌ្ឍសង្គមជាតិនេះ»។ 

លោក បន្តថា៖ «ប៉ុន្តែបើយើងមើលកម្លាំងជាតិមកដល់ពេលនេះ យើងឃើញថាមានមនុស្ស ប៉ុន្តែអ្វីដែលនៅខើចឬនៅខ្លី គឺមិនទាន់បានបង្ហាញនូវទស្សនវិស័យវែងឆ្ងាយ សម្រាប់សង្គមជាតិនៅឡើយទេ។ អ្វីដែលគណបក្សកម្លាំងជាតិធ្វើបាននៅពេលនេះ ធ្វើម៉េចឱ្យបានសំឡេងគាំទ្រពីមហាជន និងធ្វើម៉េចឱ្យមានឥទ្ធិពលទៅលើគណបក្សកាន់អំណាច»។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណបក្សកម្លាំងជាតិ បានរៀបចំពិធីសមាជវិសាមញ្ញ នៅការិយាល័យគណបក្សក្នុងរាជធានីភ្នំពេញ ដោយអង្គសមាជបានជ្រើសតាំងលោក ជា មុនី ជាប្រធានគណបក្ស និងលោក សុខ គឹមសេង ជាអនុប្រធាន រួមទាំងផ្ដល់សេចក្ដីទុកចិត្តលើ សមាសភាពគណៈកម្មាធិការនាយកចំនួន២៧រូបបន្ថែម។ សមាជគណបក្សកម្លាំងជាតិនេះ ធ្វើឡើងក្រោយក្រសួងមហាផ្ទៃបដិសេធមិនទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សកាលពីពេលកន្លងមក ដោយលើកហេតុផលថា សមាសភាពគណៈកម្មាធិការនាយកនៃគណបក្សមួយចំនួនកំពុងជាប់ក្ដីក្ដាំនៅតុលាការ។ទន្ទឹមនឹងនេះអតីតប្រធានគណបក្សកម្លាំងជាតិនិងជាស្ថានិក លោក ស៊ុន ចន្ធី កំពុងជាប់ពន្ធនាគារនិងកំពុងរងនូវបណ្ដឹងពាក់ព័ន្ធនឹងឧក្រឹដ្ឋទៀត
ផង៕

(អត្ថបទដោយ៖ វ៉ា សុភានុត)

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1394}" data-page="1" data-max-pages="1" data-start="1" data-end="1">