មេបក្សជំនាន់ថ្មី៖ នគរបាលប៉ុស្តិ៍ឬសង្កាត់ត្រូវយល់ពីតួនាទីរបស់ខ្លួន ចៀសវាងរំលោភច្បាប់សិទ្ធិគណបក្សនយោបាយ

នយោបាយ

(រូបភាពសមត្ថកិច្ចនគរបាលនៅកំពង់ឆ្នាំងដែលឈរថតសកម្មភាពបក្សជំនាន់ថ្មី)។

មេគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា រិះគន់ទង្វើសមត្ថកិច្ចមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង ដែលបានថតរូបអំឡុងពេលកិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្សជំនាន់ថ្មីដោយគ្មានការព្រមព្រៀង។ លោកចាត់ទុកថា ការថតរូបឬឈរស្ដាប់បក្សក្រៅរដ្ឋាភិបាលប្រជុំ គឺជាទង្វើរំលោភលើសដែនសមត្ថកិច្ចដែលច្បាប់បានកំណត់។ លោកស្នើឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឬសង្កាត់ យល់ដឹងពីតួនាទីរបស់ខ្លួន ដើម្បីកុំឱ្យរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ និងកុំបំពានតួនាទីនិងក្រមសីលធម៌។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកបានរិះគន់សមត្ថកិច្ចនៅកំពង់ឆ្នាំងដែលចូលមកថតរូបលោកពេលប្រជុំផ្ទៃក្នុងបក្ស។ លោកថែមទាំងបានសរសេរខ្លឹមសារ និងចេញវីដេអូរិះគន់ចំពោះករណីនេះ។ នៅក្នុងវីដេអូនោះ មានអ្នកចូលទស្សនាជាង ១៦ម៉ឺនដង និងអ្នកចុចចូលចិត្ត (Like) ជាង ៧ពាន់នាក់ ដែលខ្លឹមសារគឺលោកបានស្នើដល់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីធានាថាការបំពេញភារកិច្ចប្រព្រឹត្តទៅស្របតាមច្បាប់។ ទោះជាយ៉ាងណាក្ដី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបំភ្លឺចំពោះករណីនេះរួចហើយថា ជាកិច្ចការពារសុវត្ថិភាព។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៧ ខែមិថុនា ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ស្វាគមន៍ចំពោះការឆ្លើយតបរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានកោះហៅមន្ត្រីពាក់ព័ន្ធមកធ្វើការអប់រំ និងណែនាំ។​

លោកលើកឡើងថា៖ «នៅក្រោមមូលដ្ឋានហ្នឹង គឺថាមិនថានគរបាលប៉ុស្តិ៍ឬក៏សង្កាត់អីហ្នឹង ត្រូវយល់ពីតួនាទីរបស់ខ្លួនក្នុងការកុំឱ្យរំលោភដែនសមត្ថកិច្ច ទាក់ទងទៅនឹងអ្វីជាវេទិកាសាធារណៈដែលមហាជនចូលរួម ហើយមានការសហការគ្នារវាងសមត្ថកិច្ចនិងបក្សនយោបាយនានា។ អ្វីជាកន្លែងផ្ទៃក្នុងនៃទីស្នាក់ការគណបក្ស ដូចជាផ្ទះរបស់យើង ចេះតែចេញចូលតាមអំពើចិត្ត ទៅថត ទៅស្ដាប់សំឡេង ទៅអង្គុយស្ដាប់គេប្រជុំ អាហ្នឹងវាខុសទៅនឹងច្បាប់គណបក្សនយោបាយ»។

លោកក៏បានសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចនៅបណ្តាខេត្តផ្សេងៗនឹងយកករណីនេះជាគំរូ ដើម្បីពង្រឹងកិច្ចសហការជាមួយគណបក្សនយោបាយ និងធានាបរិយាកាសនយោបាយដែលគោរពសិទ្ធិ សេរីភាព និងនីតិរដ្ឋ។ លោកបន្តថា៖ «យើងសង្ឃឹមថា បណ្ដាខេត្តផ្សេងៗទៀតនឹងអនុវត្តគោរពនូវដែនសមត្ថកិច្ច កុំឱ្យរំលោភច្បាប់។ ឱ្យដឹងថាកន្លែងណាដែលគាត់ត្រូវមកសហការ មកចូលស្ដាប់ឬថត ហើយកន្លែងណាដែលត្រូវបានលើកលែង ដូចជាក្នុងទីស្នាក់ការផ្ទះរបស់យើងប្រជុំឯកជនផ្ទៃក្នុង។ អ៊ីចឹងគាត់មិនអាចធ្វើអីរំលោភនឹងច្បាប់ជាតិ ច្បាប់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ឬច្បាប់បង្កើតគណបក្សនយោបាយអីជាដើមហ្នឹងទេ»។

យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានពីការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា ស្នងការនគរបាលខេត្តបានបញ្ជាឱ្យសាកសួរមន្ត្រីពាក់ព័ន្ធ។

តាមការបំភ្លឺបានឱ្យដឹងថា លោកអនុសេនីយ៍ឯក កែ ច័ន្ទមករា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បានទទួលស្គាល់ថា ពិតជាបានចាត់ឱ្យមន្ត្រីនគរបាលម្នាក់ទៅកាន់ទីស្នាក់ការគណបក្សជំនាន់ថ្មីនៅថ្ងៃកើតហេតុមែន។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គោលបំណងនៃការចាត់កម្លាំងនោះ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនគណបក្សនយោបាយដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច និងធ្វើរបាយការណ៍ជូនថ្នាក់លើប៉ុណ្ណោះ ដោយពុំមានចេតនាបំភិតបំភ័យ គំរាមកំហែង ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយឡើយ ហើយមន្ត្រីទាំងពីររូបត្រូវបានកោះហៅមកអប់រំ និងណែនាំរួចរាល់ហើយ។

ជុំវិញរឿងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះថា ពុំមានជាគោលការណ៍ណែនាំឬក៏ការតម្រូវណាមួយពីថ្នាក់ជាតិឱ្យចុះតាមដាននោះទេ។

លោកមានប្រសាសន៍ថា៖ «ពុំមានជាគោលការណ៍ណែនាំ ឬក៏ការតម្រូវណាមួយពីថ្នាក់ជាតិនោះទេ។ វាជាការបំពេញតួនាទីភារកិច្ចការងារប្រចាំថ្ងៃ និងតាមទម្លាប់របស់បងប្អូនមន្ត្រីនៅមូលដ្ឋាន ដោយការដែលគាត់អាចចូលទៅកន្លែងប្រជុំដោយរលូន ហើយថតរូបភាពជាចំហនោះ មិនមែនជាការរំលោភបំពានបទបញ្ជាដើម្បីគំរាមកំហែង ឬក៏បំផ្លាញដោយរូបភាពណាមួយទេ។ គាត់ថតជាចំហដើម្បីរាយការណ៍ទៅអង្គភាពរបស់ពួកគាត់វិញថា គាត់បានមកដល់គោលដៅដើម្បីបម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។

លោកបានថ្លែងប្រាប់ទៀតថា រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម មិនបានបង្ហាញពីឥរិយាបថ ឬសកម្មភាពណាមួយដែលអាចចាត់ទុកថាជាការគំរាមកំហែង បំភិតបំភ័យ ឬរំលោភសិទ្ធិរបស់អ្នកចូលរួមកិច្ចប្រជុំនោះឡើយ។

លោកនិយាយថា៖ «បើមែនទែនទៅ សូម្បីតែខ្ញុំចុះតាមមូលដ្ឋានតាមអង្គភាពរដ្ឋក្ដី ឬក៏ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាលក្ខណៈឯកជនក្ដី ក៏មានសមត្ថកិច្ចលោកបម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ហើយលោកក៏ថតរូបភាពដើម្បីរាយការណ៍ទៅប៉ុស្តិ៍ ឬនៅអង្គភាពរបស់លោក ដើម្បីឱ្យបានដឹងថាគាត់បានមកដល់គោលដៅ និងបំពេញភារកិច្ច»៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2981}" data-page="1" data-max-pages="1" data-start="1" data-end="1">