ក្រុមអង្គការសង្គមស៊ីវិល សហជីពតាមរោចក្រ សមាគន៍ដីធ្លី ចំនួនជាង៥០ស្ថាប័នសុំស្នើរដ្ឋាភិបាលកម្ពុជាលុបចោលជាបន្ទាន់នូវវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ក្រោមហេតុផលថា វិសោធនកម្មច្បាប់នេះអាចអនុវត្តខុសគោលដៅ និងប៉ះពាល់សកម្មជនសិទ្ធិមនុស្ស នយោបាយនិងសង្គម ព្រមប្រជាពលរដ្ឋសាមញ្ញ។
សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២៥ ក្រុមសង្គមស៊ីវិលសរុបចំនួន ៥៤ស្ថាប័ន រួមមាន សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) សមាគមបណ្តាញយុវជនកម្ពុជា (CYN) អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)ជាដើមបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា លុបចោលវិសោធនកម្មជាបន្ទាន់។
សេចក្ដីថ្លែងការណ៍៖ «វិសោធនកម្មច្បាប់នេះ អាចនឹងបង្កហានិភ័យ ដែលជាការដកហូតដោយមិនត្រឹមត្រូវ នូវសញ្ញា «ខ្មែរ» ពីពលរដ្ឋ «ខ្មែរ» និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទាំងនោះ ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ។ យើងខ្ញុំអំពាវនាវដល់រាជរដ្ឋាភិបាល សូមលុបចោលវិសោធនកម្មនេះជាបន្ទាន់»។
ប្រភពដដែលអះអាងថា មាត្រា ២៩ នៃច្បាប់ស្តីពីសញ្ញាតិ បើកផ្លូវឱ្យអាជ្ញាធរធអាចដកហូតសញ្ញាតិ ពីពលរដ្ឋខ្មែរ ក្នុងលក្ខខណ្ឌដែលចែងយ៉ាងទូលាយ និងស្រពិចស្រពិល ដោយមិនផ្តល់និយមន័យឱ្យបានច្បាស់លាស់ទៅលើលក្ខខណ្ឌនីមួយៗនោះទេ។ ពួកគេសំដៅលើឃ្លាមួយចំនួននៅក្នុងច្បាប់នេះ ដូចជាឃ្លាថា៖ «ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា» «ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ» និង «ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម» ជាដើម។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «ឃ្លាខាងលើ ដែលជានិយមន័យនៃអំពើល្មើស មានលក្ខណៈទូលាយ និងអាចឱ្យអាជ្ញាធរអនុវត្ត ច្បាប់ដោយអត្តនោម័ត ហើយ មិនអាចឱ្យសាធារណជនអាចដឹងជាមុនបាន ពីលក្ខខណ្ឌជាក់លាក់នៃអំពើល្មើស និងផ្តល់នូវលទ្ធភាពខ្ពស់ឱ្យអាជ្ញាធររដ្ឋក្នុងការបកស្រាយ និងប្រើប្រាស់តាមចិត្ត»។
ក្រុមសង្គមស៊ីវិលថា ការដកហូតសញ្ជាតិពីពលរដ្ឋខ្មែរអាចនឹងមានផលវិបាកធំធេង និងធ្ងន់ធ្ងរ ជាច្រើនដូចជាការដកហូតនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី ការទទួលបានសេវាសុខាភិបាល សាធារណៈ ការអប់រំ ការរៀបអាពាហ៍ពិពាហ៍ ការធ្វើការងារស្របច្បាប់ ការចូលរួមក្នុងសកម្មភាពនយោបាយ និងការធ្វើដំណើរចេញចូលប្រទេស។
នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភចំពោះការដកសញ្ជាតិខ្មែរពីបលរដ្ឋដោយមិនត្រឹមត្រូវ ដែលប៉ះពាល់សិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋខ្មែរ ពីព្រោះថាច្បាប់នេះមានខ្លឹមសារទួលាយលាយ។ ម៉្យាងវិញទៀត លោក អំ សំអាត ថា ច្បាប់នេះមិនបានបញ្ជាក់ពីនីតិវិធីនៃការដកហូតសញ្ជាតិឡើយ។
លោកថា៖ «យើងក៏ឃើញដែរកន្លងមកមានសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ហើយសកម្មជនសង្គមផ្សេងទៀត សកម្មជននយោបាយអីផ្សេងទៀតហ្នឹងក៏មានចោទអំពីរួមគំនិតក្បត់អីជាដើម អ៊ីចឹងនិយមន័យនៃការក្បត់ជាតិ ឬក៏ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិអីហ្នឹង គួរតែមានការពន្យល់ឱ្យបានច្បាស់លាស់ បើសិនជាអត់ច្បាស់លាស់អាហ្នឹងវានាំឱ្យមានការបារម្ភ ហើយក៏វាអាចប៉ះពាល់ដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានផ្សេងៗទៀត»។
រីឯប្រធានបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់តារា យល់ថា ខ្លឹមសារវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិមានលក្ខណៈរឹតត្បឹតសេរីភាពបញ្ចេញមតិ និងអាចប៉ះពាល់ដល់ការប្រើប្រាស់សិទ្ធិរបស់សកម្មជនបរិស្ថាន និងសកម្មជននយោបាយ។
លោកថា៖ «វាប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ការប្រើប្រាស់សិទ្ធិសេរីភាពរបស់សកម្មជនបរិស្ថាន ជាពិសេសសកម្មជននយោបាយដែលគាត់បានចូលរួមរិះគន់ដើម្បីស្ថាបនា នៅក្នុងការចូលរួមតិទានការអនុវត្តន៍របស់មន្ត្រីថ្នាក់ក្រោមជាតិដែលគាត់បានធ្វើ ឬមួយក៏ដែលអនុវត្តទៅដែលមិនសមប្រកប ហើយយើងមើលឃើញថា វិសោធនកម្មច្បាប់នេះមានចរិតលក្ខណៈរឹតត្បិតនៅក្នុងការសេរីភាពបញ្ចេញមតិ»។
លោក ចាន់តារា សង្ឃឹមថាភាគីពាក់ព័ន្ធព្រមទាំងរដ្ឋាភិបាលអាចនឹងកែសម្រួល ឬលុបចោលទាំងស្រុងនូវវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនេះ។ ក្នុងករណីដែលមិនមានលទ្ធផលវិជ្ជមាន ប្រធានបណ្ដាញយុវជនកម្ពុជារូបនេះថា ក្រុមសង្គមស៊ីវិលនឹងទាមទារជាបន្តបន្ទាប់ឱ្យកែសម្រួល ឬលុបចោលវិសោធនកម្មច្បាប់នេះ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយថា ការដែលក្រុមសង្គមស៊ីវិលលើកឡើងពីផលប៉ះពាល់អវិជ្ជមាននៃវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ និងការស្នើសុំលុបវិសោធនកម្មច្បាប់នេះ គឺជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ក្រុមសង្គមស៊ីវិល។ តែយ៉ាងណាលោក បូណា បញ្ជាក់ថា វិសោធនកម្មច្បាប់នេះមិនធ្វើឱ្យប៉ះពាល់សិទ្ធិមនុស្សនោះឡើយ។
លោកថា៖ «ច្បាប់នេះអត់មានប៉ះពាល់ដល់ប្រជាពលរដ្ឋ សិទ្ធិមនុស្សអីទេ បញ្ចេញមតិអីទេ គឺគេសំដៅតែជនក្បត់ជាតិទេ»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្តថា ការអនុម័ត និងអនុវត្តន៍ច្បាប់មួយ គឺជាសិទ្ធិសម្រេចរបស់រដ្ឋសភា និងព្រឹទ្ធសភា និងរដ្ឋាភិបាល ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតជាសកល។
លោកថា៖ «សូមឱ្យបងប្អូនសង្គមស៊ីវិលទាំងហ្នឹងចោទសួរខ្លួនឯងថា តើអ្នកណាជាអ្នកតំណាងប្រជាពលរដ្ឋពិតប្រាកដ? តើក្រុមសង្គមស៊ីវិលមួយក្ដាប់តូច ឬមួយក៏ជារដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី?»។
អ្នកជំនាញផ្នែកច្បាប់លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា វាប្រហែលជាហួសពេលទៅហើយក្នុងការលុបចោលនូវវិសោធនកម្មស្ដីពីសញ្ជាតិនេះ ដោយអាចត្រឹមចាំពិនិត្យការអនុវត្តន៍ច្បាប់នេះនាពេលខាងមុខប៉ុណ្ណោះ។
លោកថា៖ «ករណីនេះ អង្ករក្លាយជាបាយហើយ ដូច្នេះទំនងមិនមានអ្វីប្រែប្រួលនោះទេ មានតែការរង់ចាំមើលចំពោះការអនុវត្តន៍ច្បាប់នៃការដកសញ្ជាតិតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក ចាន់ឡូត និយាយថា ការការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ចំពោះគុណសម្បត្តិ គឺអាចដកសញ្ជាតិជនបរទេសទាំងឡាយណាដែលបានបំផ្លាញប្រយោជន៍ខ្មែរ។
លោកបន្ថែម៖ «ប៉ុន្តែក្នុងករណីដែលច្បាប់នេះប្រើបាញ់ចំពោះអ្នកនយោបាយ អ្នករិះគន់ ឬក៏អ្នកដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ហើយត្រូវបានប្រើប្រាស់ច្បាប់នេះក្នុងគោលដៅមួយនេះ គឺនឹងទទួលនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់សហគមន៍អន្តរជាតិ ហើយក្នុងនោះរដ្ឋាភិបាលទំនងត្រូវទទួលខុសត្រូវមួយយ៉ាងធំ»។
កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ចំនួន៧មាត្រារួមមាន មាត្រា១ មាត្រា៧ មាត្រា១៦ មាត្រា២៧ មាត្រា២៨ មាត្រា២៩ និងមាត្រា៣៤ នៃច្បាប់សញ្ជាតិដែលដាក់ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨៕







