គណបក្សក្រៅរដ្ឋាភិបាលខកចិត្ត បន្ទាប់ពីសាលាឧទ្ធរណ៍តម្កល់សាលក្រមលោក កឹម សុខា

នយោបាយ

(លោក កឹម សុខាពេលជួបជាមួយពលរដ្ឋក្នុងពិធីបុណ្យមួយកាលពីឆ្នាំ២០២២ពេលមុនពេលដែលតុលាការកាត់ទោសឱ្យលោកជាប់ទោស២៧ឆ្នាំ។រូបភាពពីហ្វេសប៊ុកលោកកឹមសុខា)។

គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន សម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងបន្ថែមការហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ ឆ្នាំ។ ពួកគេចាត់ទុកការសម្រេចនេះថា ជាឧបសគ្គដល់ការបើកលំហប្រជាធិបតេយ្យ ការបង្រួបបង្រួមជាតិ និងការស្តារជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ ដោយបញ្ជាក់ថា«សោកស្តាយ និងខកចិត្តជាខ្លាំង» ចំពោះសាលដីការរបស់សាលាឧទ្ធរណ៍ ដែលបានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងលោក កឹម សុខា ព្រមទាំងហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ ឆ្នាំ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ការរក្សាទោសដ៏ធ្ងន់ធ្ងរនេះ គឺជាការ បោះបង់ចោលនូវឱកាសដ៏សំខាន់ក្នុងការស្តារឡើងវិញនូវឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ដែលជាបំណង ប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះ ការបន្តរឹតត្បិតលើសេរីភាពនយោបាយ និងសិទ្ធិមនុស្ស គឺជាឧបសគ្គនៃដំណើរការប្រជាធិបតេយ្យ ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងយុត្តិធម៌សង្គមនៅកម្ពុជា»។

គណបក្សទាំងពីរ ក៏បានអំពាវនាវឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងលោក កឹម សុខា ក៏ដូចជាអ្នកនយោបាយ និងសកម្មជនផ្សេងៗទៀត ដែលកំពុងជាប់ឃុំឃាំងដោយសារបញ្ហានយោបាយ ដោយលើកឡើងថា ក្នុងពេលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច បញ្ហាបំណុលប្រជាពលរដ្ឋ និងបញ្ហាបូរណភាពទឹកដី គ្រប់ភាគីគួរតែរួមគ្នាស្វែងរកដំណោះស្រាយជាតិ។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ ម៉ូនីកា បានថ្លែងប្រាប់ថា ការសម្រេចតម្កល់សាលក្រម និងបន្ថែមបម្រាមមិនឱ្យលោក កឹម សុខា ចេញក្រៅប្រទេស ៥ ឆ្នាំ គឺជាការសម្រេចដែលគួរឱ្យសោកស្តាយសម្រាប់អ្នកនយោបាយប្រជាធិបតេយ្យ។

លោកមានប្រសាសន៍ថា៖ «ដូច្នេះហើយការសម្រេចមិនដោះលែងលោក កឹម សុខា នេះគឺជាបន្ទុក ឬក៏ជាឧបសគ្គមួយទៀតក្នុងការរារាំងក្នុងការដោះស្រាយបញ្ហាទាំងឡាយដែលខ្ញុំ រៀបរាប់ខាងលើហ្នឹងព្រោះថាបើសិនជាមានការដោះស្រាយ ឬក៏ទម្លាក់បទចោទប្រកាន់ដោះលែងលោក កឹម សុខា នោះស្ថានភាពនយោបាយរបស់កម្ពុជាអាចនឹងមានការប្រែប្រួលដោយសារថាបណ្តាប្រទេសធំៗដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យប្រាកដជាអបអរសាទរកម្ពុជា អបអរសាទររដ្ឋាភិបាលកម្ពុជា»។

លោកបន្តថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហាជាច្រើន ដូចជាបញ្ហាសេដ្ឋកិច្ច បំណុលប្រជាពលរដ្ឋ និងការរំលោភបំពានបូរណភាពទឹកដីពីប្រទេសជិតខាង អ្នកនយោបាយទាំងក្នុង និងក្រៅរដ្ឋាភិបាល គួរតែអាចរួមគ្នាផ្លាស់ប្តូរមតិយោបល់ ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់ប្រទេសជាតិ។

លោកបន្តថា៖«យើងនៅតែជំរុញឲ្យមានការដោះលែងលោក កឹម សុខា ហើយទម្លាក់បទចោទប្រកាន់មិនត្រឹមតែលោក កឹម សុខា ទេ អ្នកនយោបាយ ថ្នាក់ដឹកនាំនយោបាយ សកម្មជននយោបាយ សកម្មជនបរិស្ថាន ដីធ្លី ចេញផ្សេងទៀត ក៏សុទ្ធតែជាអ្នកដែលមានភាពសំខាន់នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ ដូច្នេះសុំឲ្យពួកគាត់អាចត្រូវបានដោះលែង ទម្លាក់បទចោទប្រកាន់ ហើយមកចូលរួមក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិតាមបែបបាក់បែកផែនប្រជាធិបតេយ្យ សេរីនិយម ដូចដែលច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានចែង»។

ចំណែកគណបក្សជំនាន់ថ្មី បានចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា ខ្លួនគោរពអធិបតេយ្យនៃតុលាការ ប៉ុន្តែការអនុវត្តនីតិវិធីតុលាការ ត្រូវតែស្របតាមគោលការណ៍ឯករាជ្យ មិនលំអៀង និងមានតម្លាភាព។

គណបក្សនេះបានលើកទឹកចិត្តឱ្យមានការពន្យល់ច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន ទាក់ទងនឹងស្តង់ដារភស្តុតាង និងដំណើរការនីតិវិធី ដើម្បីធានាថាការសម្រេចនេះ ស្របតាមបទដ្ឋានច្បាប់ជាតិ និងកាតព្វកិច្ចអន្តរជាតិដែលកម្ពុជាជាភាគី។

គណបក្សជំនាន់ថ្មីលើកឡើងថា៖ «ការពង្រឹងជំនឿសាធារណៈលើប្រព័ន្ធយុត្តិធម៌ ការរក្សា និងពង្រឹងជំនឿរបស់ប្រជាពលរដ្ឋលើប្រព័ន្ធតុលាការ គឺជាគន្លឹះសម្រាប់ស្ថិរភាពនយោបាយ និងសង្គម។ ការសម្រេចណាមួយគួរត្រូវបានបង្ហាញក្នុងបរិបទដែលអាចបង្កើនទំនុកចិត្តសាធារណៈ មិនមែនបង្កើនការសង្ស័យ ឬការបែងចែក»។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានប្រាប់ថា ករណីលោក កឹម សុខា គឺជារឿងនយោបាយ ដែលគួរតែដោះស្រាយដោយនយោបាយ មិនមែនជារឿងអង្គហេតុ និងអង្គច្បាប់ក្នុងតុលាការនោះទេ។

លោកបន្តថា តាមការមើលឃើញរបស់លោក មិនមានអ្វីដែលអាចចាត់ទុកលោក កឹម សុខា ជាអ្នកក្បត់ជាតិឡើយ ព្រោះលោកគ្រាន់តែជាអ្នកនយោបាយដែលបានអនុវត្តតួនាទីក្នុងការផ្សព្វផ្សាយគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិប៉ុណ្ណោះ។

លោកបានថ្លែងប្រាប់ថា៖ «ហេតុផលនយោបាយគឺវាគ្មានយុត្តិធម៌សម្រាប់អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិពិតប្រាកដទេក្រៅពីធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង បំភិតបំភ័យសព្វបែបយ៉ាងដោយការចោទប្រកាន់ដោយហេតុផលនយោបាយហើយប្រើឥទ្ធិពលនៃតុលាការអាហ្នឹងបើមជ្ឈដ្ឋានជាតិនិងអន្តរជាតិគេមើលឃើញសូម្បីតែបណ្តាស្ថានទូតមហាអំណាចធំៗយើងឃើញថាក្នុងប៉ុន្មានថ្ងៃមកនេះយើងឃើញសហភាពអឺរ៉ុបទូតអឺរ៉ុបទូតអាមេរិកទូតអូស្ត្រាលីទូតបារាំងកាណាដាអីហ្នឹងគេថាសុទ្ធតែបានមើលឃើញថាជាហេតុផលនយោបាយដែលដោះដោយនយោបាយហើយប្រើអំណាចតុលាការដែលមិនស្ថិតក្រោមសម្ពាធឥទ្ធិពលអ្នកនយោបាយ»។

លោកស្នើឲ្យតុលាការអនុវត្តឆន្ទានុសិទ្ធិដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់ ជាជាងស្ថិតក្រោមសម្ពាធឬឥទ្ធិពលនយោបាយ ដែលអាចប៉ះពាល់ដល់ឯករាជ្យភាព និងវិជ្ជាជីវៈរបស់តុលាការ។

ក្នុងពេលជាមួយគ្នា គណបក្សប្រជាធិបតេយ្យជឿនលឿន ក៏បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះសាលដីកានេះ ដោយលើកឡើងថា ការវិនិច្ឆ័យក្តីគួរតែផ្អែកលើនីតិវិធី អង្គហេតុ និងភស្តុតាងច្បាស់លាស់ មិនគួរផ្អែកតែលើវីដេអូខ្លីៗ ដែលអាចត្រូវបានកាត់ត និងបកស្រាយខុសៗគ្នានោះទេ។

គណបក្សនេះយល់ថា៖ «យើងយល់ឃើញថា ការណ៍នេះ អាចបង្កឱ្យមានការបាត់បង់ជំនឿចិត្តយ៉ាងធ្ងន់ធ្ងរ ចំពោះភាពយុត្តិធម៌ និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ គណបក្សប្រជាធិបតេយ្យជឿនលឿន ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់បរិយាកាសនយោបាយ និងអាចត្រូវបានមើលឃើញថា ជាការគំរាមកំហែងលើសិទ្ធិនយោបាយ និងលម្អប្រជាធិបតេយ្យនៅកម្ពុជា»។

គណបក្សនេះបានអំពាវនាវឱ្យមានការលើកលែងការចោទប្រកាន់លើលោក កឹម សុខា និងសកម្មជននយោបាយ សង្គម និងបរិស្ថានផ្សេងទៀត ព្រមទាំងបើកលំហនយោបាយ និងជំរុញវប្បធម៌សន្ទនារវាងខ្មែរ និងខ្មែរ ដើម្បីដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច និងការពារបូរណភាពទឹកដីជាតិ។

ជុំវិញរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់អ្នកសារព័ត៌មានឱ្យសួរទៅកាន់តុលាការ។

លោកបានថ្លែងថា៖ «តុលាការជាអ្នកកាត់ក្តី ដូច្នេះ សូមសួរទៅតុលាការ»។

ស្របគ្នានេះ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ករណីដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយគណបក្សប្រជាជនកម្ពុជា មិនអាចបកស្រាយជំនួសបានទេ។

លោកមានប្រសាសន៍ថា៖ «គណបក្សប្រជាជនកម្ពុជាមិនអាចបកស្រាយរឿងតុលាការឆ្លើយតបបានទេពីព្រោះវាជារឿងឆន្ទានុសិទ្ធិដែលយើងបានដឹងថាអំណាចតុលាការជាអំណាចឯករាជ្យនៅក្នុងប្រទេសកម្ពុជាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញយ៉ាងច្បាស់អំណាចបែងចែកដាច់ដោយឡែកពីគ្នានីតិបញ្ញត្តិរបស់តុលាការដែលជាអំណាចឯករាជ្យហើយយើងម្នាក់ៗសុទ្ធតែ តុលាការឯករាជ្យ។ ដូច្នេះបើតុលាការសម្រេចវាជាឆន្ទានុសិទ្ធិរបស់តុលាការចំពោះការរិះគន់វិញការរិះគន់យ៉ាងណានោះគឺជាសិទ្ធិរបស់ពួកគេទៅចុះពីព្រោះប្រទេសកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យធម្មតាមិនអាចបំពេញចិត្តគ្រប់គ្នាបានទេ»។

លោកបន្ថែមថា ការរិះគន់ពីភាគីនានា គឺជាសិទ្ធិធម្មតាក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែអ្វីដែលសំខាន់ គឺការអនុវត្តតាមច្បាប់ និងការគោរពឆន្ទានុសិទ្ធិរបស់តុលាការ។

លោកលើកឡើងថា៖ «ខ្ញុំសូមបញ្ជាក់ថាកម្ពុជាគ្មានការបែកបាក់នយោបាយ កម្ពុជាតាំងពីឆ្នាំ១៩៩៨ មកគឺយើងបានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលស្ថិតនៅក្រោមដំបូលរដ្ឋាភិបាលតែមួយព្រះមហាក្សត្រតែមួយរដ្ឋធម្មនុញ្ញតែមួយតែប្រទេសធ្លាប់បែកបាក់គ្នាកន្លងមកមុនឆ្នាំ ១៩៩៨»។

ជាមួយគ្នានេះ ស្ថានទូតអូស្ត្រាលី កាណាដា អាល្លឺម៉ង់ អង់គ្លេស និងស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ ក៏បានសម្តែងការព្រួយបារម្ភ និងខកចិត្ត ចំពោះលទ្ធផលនៃសវនាការបណ្ដឹងឧទ្ធរណ៍នេះ ដោយបារម្ភអំពីការប្រើប្រាស់យន្តការផ្លូវច្បាប់ កម្រិតសកម្មភាពគណបក្សប្រឆាំង និងលំហប្រជាធិបតេយ្យនៅកម្ពុជា។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ ក៏បានរិះគន់សេចក្តីសម្រេចនេះផងដែរ ដោយហៅករណីនេះថា ជាការចោទប្រកាន់ក្លែងក្លាយ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា លុបចោលការចោទប្រកាន់ ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងស្តារសិទ្ធិនយោបាយរបស់លោកឡើងវិញដោយគ្មានលក្ខខណ្ឌ។

លោកស្រី Bryony Lau អនុប្រធានអាស៊ីនៃអង្គការនេះ បានថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាគួរតែលុបចោលការចោទប្រកាន់មិនពិតនេះលើលោក កឹម សុខា ដោះលែងលោកជាបន្ទាន់ និងស្តារសិទ្ធិនយោបាយរបស់លោកឡើងវិញដោយគ្មានលក្ខខណ្ឌ។ ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨ នឹងមិនមានភាពត្រឹមត្រូវទេ ដរាបណារដ្ឋាភិបាលកំពុងប្រើប្រាស់តុលាការដើម្បីដាក់ទណ្ឌកម្មដោយអយុត្តិធម៌លើគូប្រជែងនយោបាយ»។

លោក កឹម សុខា ជាមេបក្សប្រឆាំងនៅកម្ពុជាដែលមានឥទ្ធិពលធំទី២បន្ទាប់ពីលោក សម រង្ស៊ី។ លោក កឹម សុខា បានដឹកនាំគណបក្សសង្គ្រោះជាតិដណ្ដើមបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជាង៥ពាន់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីឆ្នាំ២០១៧។ លោកត្រូវបានចាប់ខ្លួនក្រោមបទចោទក្បត់ជាតិ ហើយលោកជាមនុស្សតែម្នាក់គត់នៅកម្ពុជាដែលត្រូវជាប់ឃុំក្នុងផ្ទះ៕ 

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2417}" data-page="1" data-max-pages="1" data-start="1" data-end="1">