សាលាឧទ្ធរណ៍រាជធានីភ្នំពេញគ្រោងនឹងប្រកាសសាលដីការលើសំណុំរឿងឪពុកអ្នកអធិប្បាយនយោបាយលោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោកនៅព្រឹកថ្ងៃទី១៩ ខែមករានេះ។
កូនប្រុសទី២ របស់លោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចេញពីតុលាការថា សាលាឧទ្ធរណ៍បានបើកសវនាការករណីលោក សុខ ស៊ុនណារ៉េត ប្ដឹងទាស់នឹងសាលក្រមសាលាដំបូងដែលបានផ្ដន្ទាទោសគាត់។ លោកឱ្យដឹងថា នៅក្នុងសវនាការ ឪពុកគាត់នៅតែរក្សាជំហដូចកាលពីនៅសាលាដំបូងដដែល គឺមិនទទួលស្គាល់នូវការចោទប្រកាន់នោះទេ។
លោកបន្តថា នាសវនាការព្រឹកនេះ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានស្នើនូវការពិន័យលោក ស៊ុនណារ៉េត បន្ថែមទៅលើទោសជាប់ពន្ធនាគារដែលសាលាដំបូងខេត្តកំពង់ស្ពឺបានកាត់ទោសលោកថែមទៀត តែព្រះរាជអាជ្ញាមិនបានបញ្ជាក់ថាបន្ថែមពិន័យយ៉ាងណានោះទេ។
លោក សារ៉ាត់ ថា៖ «វាគួរឱ្យសោកស្ដាយដែលមានការមិនត្រឹមតែបណ្ដឹងរបស់គាត់ដែលគាត់ច្រានចោល ដែលគាត់ស្នើសុំឱ្យមានការទម្លាក់ទេ បែរជាព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ស្នើបន្ថែមឱ្យមានការពិន័យបន្ថែមទៀត»។
លោក ស៊ន សារ៉ាត់ ស្នើតុលាការពិចារណាលើអង្គហេតុឡើងវិញ និងផ្ដល់យុត្តិធម៌ជូនឪពុករបស់លោក ដោយទម្លាក់ចោលនូវបទចោទចំពោះលោក សុខ ស៊ុនណារ៉េត ខណៈដែលលោកមានវ័យចាស់ និងធ្លាប់បម្រើជាតិជាង៣០ឆ្នាំ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ ឃុន លាងម៉េង បានប្រាប់ប្រជាកាសែតថា លោកពុំបានដឹងពីសវនាការនោះឡើយ ដោយសារលោកជាប់រវល់។
ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOD) លោក គឹម ពិសិដ្ឋ មានប្រសាសន៍ថា ក្នុងនីតិវិធីនៃការសួរដេញដោលរវាងចៅក្រម តំណាងមហាអយ្យការ និងមេធាវីលោក សុខ ស៊ុនណារ៉េត លោកបានឆ្លើយរាល់សំណួរទាំងអស់ ដោយបានរក្សារជំហរបស់លោកថា លោកពុំបានដឹងពីការរក្សាទុកថ្នាំញៀននៅក្នុងរថយន្តរបស់គាត់នោះទេ។
លោក ពិសិដ្ឋ ឱ្យដឹងថា សាលាឧទ្ធណ៍នឹងប្រកាសសាលដីការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
លោកថា៖ «ក្នុងនាមសង្គមស៊ីវិលដែលយើងបានតាមដានករណីនេះតាំងពីសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍ ខ្ញុំចាប់អារម្មណ៍ទៅលើអង្គហេតុមួយចំនួនទាក់ទងនឹងដំណើរការមួយចំនួននៃការឃាត់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលត្រូវបានមេដឹកនាំរបស់លោក ឬក៏ប្រធានរបស់លោកហៅឱ្យចាកចេញពីផ្ទះមក ហើយ។ មកដល់ពាក់កណ្ដាលផ្លូវក៏មានអាវុធហត្ថបានឃាត់លោកយកទៅឆែកឆេរនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្របពេលដែលអំឡុងពេលនោះ កូនប្រុសរបស់លោកដែលនៅខាងក្រៅប្រទេស កំពុងតែសកម្មក្នុងការបញ្ចេញមតិពីបញ្ហាសង្គម និងនយោបាយនៅកម្ពុជាផងដែរ[…]នេះជាការរឹតត្បឹត ជាការរំខានទៅដល់ក្រុមគ្រួសារ ឬក៏បុគ្គលដែលហ៊ានបញ្ចេញមតិរិះគន់»។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ក្រោយតុលាការអះអាងថាបានរកឃើញគ្រឿងញៀនចំនួន២កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់១៥,៥២ក្រាម និងសារធាតុមិនច្បាស់ចំនួន១កញ្ចប់ ទម្ងន់១៣,៧៨ក្រាម។ជាមួយគ្នានេះ អ្នកអត្ថាធិប្បាយនយោបាយដែលមានជំហរជំទាស់ លោក ស៊ន តារា តែងលើកជារឿយៗថាករណីនេះជាករណីនយោបាយ ប៉ុន្តែត្រូវបានស្ថាប័នកងទ័ពជើងគោកបដិសេធ៕







