សមត្ថកិច្ចនគរបាលចាប់ខ្លួនព្រះសង្ឃសកម្មជនសង្គមនាម ជា វុទ្ធី ពីបាត់ដំបងបញ្ជូនទៅភ្នំពេញ

សិទ្ធិមនុស្ស

អង្គការការពារសិទ្ធិមនុស្ស អះអាងថា នៅព្រឹកថ្ងៃពុធ ទី១ ខែមេសាកម្លាំងនគរបាលស្ថិតក្រោមក្រសួងមហាផ្ទៃ បានចុះចាប់ខ្លួន ភិក្ខុមួយអង្គព្រះនាម ជា វុទ្ធី នៅវត្តពោធិ៍វាល ស្ថិតនៅក្រុងបាត់ដំបង និងបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ ដោយមិនទាន់ដឹងពាក់ព័ន្ធនឹងករណីអ្វីនៅឡើយ។

អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ក្រោយការចាប់ផ្សឹក ព័ត៌មានចុងក្រោយដែលលោកទទួលបាន នៅល្ងាចនេះ នគរបាល បានបញ្ជូនព្រះតេជព្រះគុណ ជា វុទ្ធី មកកាន់រាជធានីភ្នំពេញ ប៉ុន្តែលោកមិនទាន់ដឹងថា ភិក្ខុ វុទ្ធី ត្រូវបាននាំខ្លួនទៅកាន់អគ្គស្នងការនគរបាលជាតិ ឬក្រសួងមហាផ្ទៃឡើយ។

លោក និយាយថា៖ «ព័ត៌មានចុងក្រោយកន្លះម៉ោង (ម៉ោង៤រសៀល) ព្រះអង្គអត់នៅខេត្តបាត់ដំបងទៀតទេ ព្រះអង្គត្រូវបានបញ្ជូនមកថ្នាក់ជាតិ (រាជធានីភ្នំពេញ) ហើយ។ អ្នកដែលចុះទៅគឺជាសមត្ថកិច្ចពីខាងក្រសួងមហាផ្ទៃទៅ»។

លោក បានបន្ថែមថា អង្គការសិទ្ធិមនុស្សនៅមិនទាន់ដឹងច្បាស់ថា ការចាប់ខ្លួនភិក្ខុ វុទ្ធី ពាក់ព័ន្ធនឹងសំណុំរឿងអ្វីនៅឡើយ ខណៈដែលកន្លងមក ព្រះអង្គ វុទ្ធី ជាសង្ឃសកម្មមួយរូបក្នុងការអត្ថាធិប្បាយពីបញ្ហាសង្គម ជាពិសេសរឿងព្រំដែន ជាដើម។ លោក ចាត់ទុកការចាប់ខ្លួនអ្នកអត្ថាធិប្បាយពីបញ្ហាសង្គម ដូចជាព្រះអង្គ វុទ្ធី ជាការខាតបង់របស់រដ្ឋាភិបាលដែលមិនទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានបង្កើតគោលនយោបាយ។

លោក និយាយថា៖ «ការចាប់ខ្លួនព្រះអង្គមិនបានចំណេញអ្វីទេដល់រាជរដ្ឋាភិបាល ព្រោះការផ្ដល់ព័ត៌មានពិត រដ្ឋាភិបាលទទួលអត់បាន។ ចឹងរដ្ឋាភិបាលទទួលបានតែព័ត៌មានអត់ពិត ព័ត៌មានវិជ្ជាមាន ព័ត៌មានអវិជ្ជមានអត់បាន ហើយរដ្ឋាភិបាលពិបាកនៅក្នុងយកទៅធ្វើគោលនយោបាយ ក្នុងការគ្រប់គ្រងដឹកនាំ។ នេះជាការខាតរបស់រដ្ឋាភិបាលទៅវិញទេ»។

អ្នកនាំពាក្យស្នងការខេត្តបាត់ដំបងលោក អិន កុសល ថ្លែងថា លោកមិនបានទទួលដំណឹងនៃការចាប់ខ្លួនភិក្ខុ វុទ្ធី នោះទេ ខណៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បង្វែរសំណួរទាក់ទងនឹងករណីនេះ ទៅកាន់នគរបាលខេត្តបាត់ដំបងវិញ។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន ណារិន្ទ ថា លោកមិនទាន់ទទួលបានដំណឹងនេះនៅឡើយ។ 

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស កម្មការិនីមួយរូប អ្នកស្រី ហ៊ុល មុន្នីសាមន អាយុ៣៦ឆ្នាំ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថអ្នករាជការសាធារណ: ជុំវិញការបង្ហោះសារលើហ្វេសប៊ុកពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា ការបញ្ចេញទស្សនអ្វីមួយ ជាគំនិតចម្រុះក្នុងសង្គមប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលគួរពិចារណា នៅពេលដែលពលរដ្ឋគ្រាន់តែឈឺឆ្អាលចំពោះជាតិរបស់ខ្លួន។

លោក និយាយថា៖ «ខ្ញុំថា រដ្ឋាភិបាលត្រូវពិចារណារឿងនេះឱ្យមែនទែន ព្រោះវាមិនមែនជារឿងពាក់ព័ន្ធទៅដល់បទឧក្រិដ្ឋ ឬក៏វិទ្ធង្សនា វឹកវរអីទេ គ្រាន់តែការឈឺឆ្អាលនៃប្រជាជាតិ ប្រទេសរបស់ខ្លួនដែលត្រូវបាត់ទឹកបាត់ដី ត្រូវបានគេឈ្លានពានអធិបតេយ្យភាព បូរណភាពទឹកដី។ ចឹងហើយមានការឈឺចាប់ ការចង់សម្ដែងមតិ ការចង់ឱ្យរដ្ឋាភិបាលធ្វើប្រការណា ដើម្បីដោះស្រាយបញ្ហារឿងប្រទេសជាតិ»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2127}" data-page="1" data-max-pages="1" data-start="1" data-end="1">