ប្រជាពលរដ្ឋរស់នៅតំបន់ភៀសសឹកព្រួយបារម្ភពីហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម ស្របពេលរដូវវស្សាមកដល់។ខែនេះមានភ្លៀងធ្លាក់ ដែលអាចដក់ទឹកបង្កើតជាជម្រកមូសខ្លាជាដើម។
ពលរដ្ឋភៀសសឹកមកពីស្រុកស្រអែម ខេត្តព្រះវិហារ អ្នកស្រី ឆើត ស្រីណាំ ប្រាប់ប្រជាកាសែតឱ្យដឹងថា ជំងឺគ្រុនឈាមជាជំងឺឆ្លងដ៏គួរឱ្យព្រួយបារម្ភជាពិសេសចំពោះកុមារ។ អ្នកស្រីថារដូវវស្សាមកដល់បង្កជាថ្លុកទឹកដែលអាចឱ្យមូសកើតនាំចម្លងជំងឺឆ្លងមួយនេះ។ អ្នកស្រីអំពាវនាវឱ្យមានការចុះត្រួតពិនិត្យតំបន់ភៀសសឹក និងត្រៀមបង្ការ និងព្យាបាលជូនជនភៀសសឹកករណីមានអ្នកឆ្លងជំងឺគ្រុនឈាម។
អ្នកស្រីថា៖ «ព្រួយបារម្ភតើបង ជាពិសេសខែវស្សាចឹងក្មេងៗវាងាយឈឺផង។ ខ្ញុំមានតែចងមុងទេបង អត់មានបាញ់ថ្នាំបាញ់អីទេ ដោយសារខ្វះថវិកាផង។ ដោយសារឥឡូវវាអត់ទាន់មានភ្លៀងច្រើន តែពេលភ្លៀងច្រើនឃើញមានមូសច្រើនដែរ។ យើងជាឪពុកម្ដាយព្រួយបារម្ភខ្លាចក្មេងៗកើតដែរ»។
អ្នកស្រីបន្ថែមថា៖ «យើងបោសសម្អាត ដូចជាកាកសំណល់ កំប៉ុងអីយើងបោសសម្អាតប្រមូលយកទៅដុតចោល។ ពេលគេងចងមុងចងអីចឹងទៅ។ កុមារអាចប្រឈមច្រើន។ កាលមុនមានក្មេងម្នាក់ពីរនាក់ដែរកើតជំងឺហ្នឹង។ អាជ្ញាធរធ្លាប់ចុះបាញ់ថ្នាំមូសដែរ»។
ពលរដ្ឋភៀសសឹកមកពីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អ្នកស្រី ពៅ សំណាង លើកឡើងថា អ្នកស្រីព្រួយបារម្ភចំពោះហានិភ័យនៃការកើតជំងឺគ្រុនឈាម ព្រោះកន្លែងជនភៀសសឹកមានលក្ខខណ្ឌមិនល្អដែលអាចឱ្យកើតមូសខ្លា។ អ្នកស្រីថា អ្នកស្រីតែងតែគេងដោយចងមុង សម្អាតកន្លែងរស់នៅ និងបាញ់ថ្នាំមូសជាប្រចាំ។ អ្នកស្រីបារម្ភជាងគេចំពោះកុមារ ព្រោះកុមារងាយនឹងរងគ្រោះដោយសារជំងឺឆ្លងមួយនេះ។
អ្នកស្រីថា៖ «នៅ [តំបន់ភៀសសឹក] វត្តពោធិ៍៥០០០ មិនទាន់អីទេ។ តែយើងគេងចងមុង បាញ់ថ្នាំបាញ់អីរហូតដែរ។ គេមានពេទ្យក្បែរតើ។ គេបើកថ្នាំបើកអីឱ្យដែរ»។
អ្នកស្រីបន្ថែមថា៖ «យើងគេងមានតែចងមុងរហូត។ យើងសម្អាតផ្ទះ។ កុំឱ្យមានទឹកដក់ចឹងទៅ។ កន្លែងមូសវាកើតច្រើន។ ព្រួយបារម្ភក្មេងៗដែរហ្នឹង»។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ ណែនាំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ភៀសសឹកការពារខ្លួន និងប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ក្បែរតំបន់ដែលសម្បូរមូសខ្លាច្រើន។ លោកលើកឡើងថា លោកក៏បានផ្សព្វផ្សាយពីវិធីការពារជំងឺឆ្លង និងជំងឺមិនឆ្លង និងសង្កត់ធ្ងន់ផងដែរលើជំងឺគ្រុនឈាមដល់ជនភៀសសឹកដែលពេលនេះកំពុងកើតឡើងនៅក្នុងសហគមន៍មួយចំនួន។ លោកបន្ត លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋជាជនភៀសសឹកយល់ដឹងពីហានិភ័យនៃជំងឺគ្រុនឈាម និងជំងឺមិនឆ្លងដទៃទៀត ក្នុងយុទ្ធនាការចែកមុងជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត វត្តពើងអង្កាម និងភូមិតាកឹងបៃតង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
លោកថ្លែងថា៖ «ខ្ញុំបានបញ្ជ្រាបនូវសារអប់រំមួយចំនួន ព្រោះរដូវនេះជារដូវភ្លៀង ជារដូវមួយដែលមូសអាចបង្កកំណើតបាន ហើយមូសដែលបង្កកំណើតហ្នឹង អាចខាំប្រជាពលរដ្ឋ បង្កជាជំងឺគ្រុនឈាម»។
លោកបន្ថែមថា៖ «ខ្ញុំបានណែនាំគាត់ឱ្យគាត់ធ្វើយ៉ាងណាគឺចូលរួមធ្វើយ៉ាងណាធ្វើឱ្យបរិស្ថាននៅក្នុងមណ្ឌលសុវត្ថិភាពស្អាត មានអនាម័យ គឺកុំឱ្យមានវត្ថុអាចដក់ទឹកបានដែលជាកន្លែងមូសវាអាចពង ទៅជាដង្កូវទឹក ហើយជាមូសដែលអាចបង្កជាជំងឺមួយចំនួនដូចជាគ្រុនឈាមហ្នឹង»។
លោក គួង ឡូ មានប្រសាសន៍ទៀតថា ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កំពុងតាមដានស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសម្លាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និងចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនៅតំបន់ភៀសសឹក រួមទាំងវិធានការជួយសង្គ្រោះក្នុងករណីមានជំងឺឆ្លង។
លោកថា៖ «នៅក្នុងមណ្ឌលសុវត្ថិភាពមានប៉ុស្តិ៍សុខភាពនៅទីនោះតែម្ដង ឧទាហរណ៍ថាគាត់មានគ្រុនក្ដៅគឺធ្វើយ៉ាងម៉េចទៅជួបពេទ្យនៅប៉ុស្តិ៍សុខភាព ដូច្នេះពេទ្យនៅទីនោះគាត់អាចវិនិច្ឆ័យថាក្ដៅខ្លួនជារោគសញ្ញាគ្រុនឈាម ឬរោគអ្វីផ្សេង។ ដូច្នេះបើវិនិច្ឆ័យថាជាសញ្ញានៃជំងឺគ្រុនឈាមគាត់នឹងត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្ត»។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា មើលឃើញថា ពលរដ្ឋភៀសសឹកត្រូវយកចិត្តទុកដាក់លើសុខភាព ជាពិសេសកុមារតូចៗ ដែលចូលចិត្តលេងនៅពេលថ្ងៃ ដោយត្រូវបាញ់ថ្នាំមូសជុំវិញបរិវេណដែលសម្បូរមូសច្រើន និងបាញ់ស្ប្រេយ៍លើខ្លួនកុមារ ដើម្បីការពារ។ លោកបន្តថា បរិស្ថានជុំវិញត្រូវធានាថាមិនមានក្រឡុកទឹក ឬកន្លែងណាដែលអាចឱ្យមូសខ្លាបង្កកំណើតបាន។ ចំពោះវិធានការសង្គ្រោះ និងព្យាបាល លោកសំណូមពរថា នៅតំបន់ជនភៀសសឹកគប្បីមានមជ្ឈមណ្ឌលពេទ្យនៅក្បែរ ដែលអាចឱ្យជនភៀសសឹកស្នើការពិគ្រោះជំងឺ និងព្យាបាលបានទាន់ពេលវេលា។
លោកមានប្រសាសន៍ថា៖ «កុមារគាត់ចូលចិត្តលេងណាស់ អីចឹងហើយត្រូវមានថ្នាំបាញ់បង្ការមូសខាំ។ ក្រសួងសុខាភិបាលមានថ្នាំបាញ់មូសមានប្រសិទ្ធភាពណាស់។ យើងបាញ់ឱ្យគាត់ ដៃ ជើង ក ព្រោះបើយើងខកខានមិនបានមើលគាត់ អាហ្នឹងអាចជួយគាត់បាន។ មួយទៀតការស្នាក់នៅដោយមានមុងមានអីហ្នឹងគឺចាំបាច់ហើយ ព្រោះតំបន់ទាំងនោះគឺថាមានទឹក មានព្រៃ»។
លោកបន្ថែមថា៖ «ខ្ញុំយល់ថាទី១ ការអប់រំហ្នឹងល្អហើយ ពីការបង្ការ និងអប់រំពីរោគសញ្ញានៃជំងឺហ្នឹង។ ជំងឺគ្រុនឈាមវាមានកាលកំណត់របស់វា បើសិនជាយើងសង្គ្រោះមិនទាន់ វាអាចគ្រោះថ្នាក់ដល់ជីវិតដែរ។ ប្រជាពលរដ្ឋត្រូវយល់ឱ្យច្បាស់តាមរយៈការអប់រំរបស់សុខាភិបាល។ […] សម្រាប់អាជ្ញាធរគាត់ត្រូវត្រៀមលក្ខណៈម៉េច មានថ្នាំពេទ្យ និងការសង្គ្រោះបែបណាសម្រាប់ការជួយអន្តរាគមន៍ពេលពលរដ្ឋមានបញ្ហា»។
របាយការណ៍បូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ បង្ហាញថាកម្ពុជាមានករណីជំងឺគ្រុនឈាមសរុបចំនួន ៥៣ ៣៩៧ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៤នាក់។ អត្រាឆ្លងប៉ះពាល់ខ្លាំងលើកុមារអាយុពី ៥ ទៅ ៩ឆ្នាំ។ យោងតាមរបាយការណ៍សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ករណីឆ្លងមានការកើនឡើងក្នុងវដ្តរដូវវស្សា ប៉ុន្តែវិធានការទប់ស្កាត់បានជួយកាត់បន្ថយការផ្ទុះឡើងខ្លាំងនៅតាមសហគមន៍៕







