លោក រ៉ុង ឈុន ទាមទារសិទ្ធិធ្វើនយោបាយវិញ ក្នុងសវនាការជំនុំជម្រះបណ្ដឹងសារទុក្ខនៅតុលាការកំពូល។ តុលាការកំពូល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបើកសវនាការជំនុំជម្រះបណ្ដឹងសារទុក្ខរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ទោសរូបលោក។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យប្រាក់ចំនួន ៤លានរៀល ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទមិនរាងចាល បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។ លើសពីនេះ សាលាឧទ្ធរណ៍ក៏បានបន្ថែមទោសដោយដកហូតសិទ្ធិនយោបាយរបស់លោកជាអចិន្រ្តៃយ៍ផងដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដើរចេញពីបន្ទប់សវនាការថា លោកបានស្នើសុំតុលាការកំពូលឱ្យច្រានចោលទាំងសាលក្រម និងសាលដីការបស់តុលាការជាន់ទាប ព្រមទាំងបានរំលឹកមន្ត្រីតុលាការអំពីពាក្យសច្ចាប្រណិធាន (ស្បថស្បែ) របស់ខ្លួនមុនចូលកាន់តំណែង។
លោកបានថ្លែងថា៖ «ស្នើឱ្យតុលាការកំពូលបដិសេធនូវសាលក្រមព្រហ្មទណ្ឌសាលាដំបូង និងបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ជាស្ថាពរ ព្រមទាំងផ្ដល់សេរីភាពឱ្យខ្ញុំបានពេញលេញក្នុងការចូលរួមប្រកួតប្រជែងនយោបាយឡើងវិញ។
លោកបន្ថែមថា ៖«ខ្ញុំក៏បានសំណូមពរទៅតុលាការដែរ ព្រោះខ្ញុំក៏ធ្លាប់ស្បថចូលកាន់តំណែងជាឧត្តមមន្ត្រីដែរ។ ដូច្នេះ ចៅក្រមតុលាការមុននឹងអង្គុយលើកៅអីជំនុំជម្រះ ត្រូវតែនឹកឃើញពាក្យស្បថ ដែលសន្យាថានឹងយកចិត្តទុកដាក់ផ្ដល់យុត្តិធម៌ និងគោរពនូវអ្វីដែលខ្លួនបានស្បថ»។
លោក រ៉ុង ឈុន បានបញ្ជាក់ថា តុលាការកំពូលនឹងប្រកាសសាលដីកានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ហើយលោករំពឹងថា តុលាការនឹងផ្ដល់សិទ្ធិនយោបាយដល់លោកឡើងវិញ៖ «តុលាការនឹងផ្ដល់យុត្តិធម៌ និងផ្ដល់សេរីភាពឱ្យខ្ញុំ ដើម្បីបន្តជីវិតនយោបាយទៅខាងមុខ»។
អ្នកគាំទ្រខ្លះបានកាន់បដា និងខ្លះទៀតកាន់ឧបករណ៍បំពងសំឡេង ស្រែកបណ្ដើរដើរបណ្ដើរ ដើម្បីហែហមទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ ចេញពីតុលាការសំដៅទៅសួនមុខវត្តបទុមវតី ប៉ុន្តែត្រូវបានកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ឃាត់ដំណើរមិនឱ្យបន្តទៅមុខ។
នៅបរិវេណតុលាការកំពូលនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មានវត្តមានក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងតំណាងអង្គការនានាបានចូលរួមឃ្លាំមើលដំណើរក្ដីកាំនេះ។ សង្គមស៊ីវិលទាំងនោះរួមមាន អង្គការសហប្រជាជាតិ (UN) សហភាពអឺរ៉ុប (EU) និងអង្គការក្នុងស្រុកដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) ជាដើម។ ចំណែកឯអ្នកគាំទ្រលោក រ៉ុង ឈុនរាប់រយនាក់ ក៏បានធ្វើដំណើរទៅដល់មុខតុលាការកំពូល។
លោក អែម ចន្ថា សហមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន បានប្រាប់ថា សវនាការនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គឺជំនុំជម្រះបណ្ដឹងសារទុក្ខរបស់កូនក្ដីលោក ដោយជជែកទៅលើអង្គច្បាប់។ លោកមេធាវីអះអាងថា ការចោទប្រកាន់កូនក្ដីលោកតាំងពីដំណាក់កាលសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍ មានការភ័ន្តច្រឡំអំពីអង្គហេតុ និងការយកអង្គច្បាប់មកចោទប្រកាន់ខុស ព្រោះកូនក្ដីលោកមិនបានប្រព្រឹត្តអំពើញុះញង់ឡើយ ពោលគឺគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «មេធាវីបានលើកឡើងអំពីសិទ្ធិមួយចំនួននៃការបញ្ចេញមតិ ដែលមិនមែនជាការចោទប្រកាន់ទៅលើបទញុះញង់ទេ ព្រោះតាមពិតទៅ កូនក្ដីមិនបានរៀបចំផែនការ ហើយក៏គ្មានសកម្មភាព ឬក្រុមណាមួយទទួលផល ឬទទួលផែនការពីការលើកឡើងរបស់កូនក្ដី ដែលរងការចោទថាពីបទញុះញង់នោះដែរ។ បើមិនមែនជាបទញុះញង់ វាក៏មិនអាចចោទប្រកាន់តាមមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទមិនរាងចាលនោះបានឡើយ»។
បន្ថែមពីនេះ លោក អែម ចន្ថា បានបញ្ជាក់ថា ការស្នើសុំដកសិទ្ធិនយោបាយកូនក្ដីលោក គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ព្រោះមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញមិនបានចែងឱ្យដកសិទ្ធិនយោបាយនោះឡើយ។ ទន្ទឹមនឹងនេះ លោករំពឹងថា តុលាការកំពូលនឹងពិចារណាទម្លាក់ចោលបទចោទប្រកាន់លើកូនក្ដីរបស់លោក។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបាទក្នុងនាមជាមេធាវីការពារ ក៏ដូចជាសហមេធាវីដែរ មានការរំពឹងយ៉ាងមុតមាំថា ក្រុមប្រឹក្សាសភាព្រហ្មទណ្ឌរបស់តុលាការកំពូល លោកនឹងពិចារណាទៅតាមអ្វីដែលជាការស្នើសុំរបស់កូនក្ដី និងទៅតាមអ្វីដែលជាការលើកឡើងអំពីអង្គច្បាប់របស់សហមេធាវី ដោយសម្រេចឱ្យកូនក្ដីខ្ញុំបាទរួចផុតពីបទចោទ និងបដិសេធចោលនូវសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ»។
ចំណែកឯ លោក សុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិ ដែលបានចូលរួមស្ដាប់សវនាការនោះដែរ បានកត់សម្គាល់ថា តុលាការហាក់ពុំមានភស្តុតាងរឹងមាំណាមួយមកគាំទ្របទចោទប្រកាន់លើលោក រ៉ុង ឈុន ឡើយ។ លោកបន្ថែមថា៖ «គណបក្សកម្លាំងជាតិមានក្ដីសង្ឃឹមថា តុលាការកំពូលនឹងទម្លាក់ចោលការចោទប្រកាន់ពីសំណាក់តុលាការទាំងពីរថ្នាក់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកស្រី ឌី ម៉ូឡានី បានបញ្ជាក់ថា អ្នកស្រី មិនអាចឆ្លើយតបភ្លាមៗបានទេ ហើយគាត់នឹងឆ្លើយតបតាមសារតេឡេក្រាមតាមក្រោយ។ អ្នកស្រីថា៖ «បើសិនជាបងមានសំណួរបងអាចទម្លាក់ក្នុងតេឡេក្រាមបានខ្ញុំឆ្លើយតាមក្រោយ[…]អាចសួរបានក៏ប៉ុន្តែខ្ញុំមិនអាចឆ្លើយឥឡូវបានទេដោយសារខ្ញុំជាប់ប្រជុំ»។
ជុំវិញករណីនេះ លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) យល់ឃើញថា បទចោទប្រកាន់ដែលតុលាការដាក់បន្ទុកលើលោក រ៉ុង ឈុន ហាក់មានភាពស្រពិចស្រពិល។ ទោះជាយ៉ាងណា លោកសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់លោក រ៉ុង ឈុន។
លោកបានបញ្ជាក់ថា៖ «អង្គការសង្គមស៊ីវិល ចង់ឃើញអ្នកនយោបាយខ្មែរមានឯកភាពជាតិ និងការបង្រួបបង្រួមជាតិ […] ហើយយើងស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នតុលាការ មេត្តារកយុត្តិធម៌ និងផ្ដល់សិទ្ធិពេញលេញដល់ពលរដ្ឋក្នុងការធ្វើនយោបាយ»។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពិន័យប្រាក់ ៤លានរៀល ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទមិនរាងចាល បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។ ការកាត់ទោសនេះ គឺពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោកជុំវិញបញ្ហាបោកប្រាស់តាមប្រព័ន្ធអនឡាញនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម៕







