មន្ត្រីបក្សកាន់អំណាចថារដ្ឋាភិបាលប្តេជ្ញាខិតខំការពារទឹកដី ខណៈបក្សប្រឆាំងបាតុកម្មឱ្យប្តឹងថៃទៅតុលាការអន្តរជាតិ

នយោបាយ

ប្រជាពលរដ្ឋខ្មែរនៅបរទេសធ្វើបាតុកម្មប្រឆាំងការឈ្លានពានថៃនាពេលកន្លងទៅ។ (រូបភាពផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងថា ការធ្វើបាតុកម្មរបស់បក្សប្រឆាំង គឺជាសិទ្ធិសេរីភាពក្នុងការសំដែង មតិ ប៉ុន្តែរដ្ឋាភិបាលខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ការលើកឡើងនេះ ខណៈអ្នកនយោបាយបក្សប្រឆាំងកំពុងត្រៀមធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការអន្តរជាតិ ស្របពេលនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត កំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់ប្រជាកាសែតនៅថ្ងៃទី១៩ កុម្ភៈថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាសិទ្ធិសេរីភាពរបស់ពួកគេក្នុងការសម្តែងមតិ។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែខិតខំ យ៉ាងខ្លាំងក្នុងការការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ តាមគ្រប់វិធានការ ទាំងផ្នែកយោធា ការទូត និងផ្លូវច្បាប់អន្តរជាតិ។

លោកនិយាយថា៖ «រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននេះបានខិតខំគ្រប់បែបយ៉ាងដើម្បីការពារនូវបូរណភាពទឹកដីយើងបានតស៊ូគ្រប់ទាំងសមរភូមិយោធាទាំង សមរភូមិធំការទូត និងសមរភូមិច្បាប់គឺយើងបានខិតខំប្រឹងប្រែងណាស់ នៅក្នុងការតស៊ូដើម្បីការពារនូវបូរណភាពទឹកដីរបស់យើងអ៊ីចឹងការតវ៉ារបស់ពួកគាត់នោះយើងគិតថាជាសិទ្ធិរបស់គាត់ គាត់ចង់ធ្វើអីក៏ធ្វើ»។

គណបក្សប្រឆាំងតែងទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីប្រឆាំងថៃដែលបានឈ្លានពានបូរណភាពទឹកដីកម្ពុជា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋខ្មែរ។ ស្របពេលដែលលោក ហ៊ុន ម៉ាណែត កំពុងស្ថិតនៅសហរដ្ឋអាមេរិក បក្សប្រឆាំងក៏យកឱកាសនេះដើម្បីធ្វើបាតុកម្មទាមទារតែម្តង។ 

អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់ថាពលរដ្ឋខ្មែរប្រមាណ ៤០០នាក់ គ្រោងនឹងមកជួបជុំគ្នានៅថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីចូលរួមបាតុកម្ម។ 
លោកបន្តថាគោលបំណងនៃបាតុកម្មនេះ គឺជំរុញឲ្យរដ្ឋាភិបាលយកបញ្ហា ការឈ្លានពានរបស់ថៃ ប្តឹងទៅកាន់តុលាការអន្តរជាតិ ព្រមទាំងអំពាវនាវឲ្យមានការដោះលែងអ្នកទោសមនសិការ និងការស្តារប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

លោកនិយាយថា៖ «បាតុកម្មនេះវាជួយបង្កើតជាការរួមកម្លាំងជាតិលើបញ្ហាទឹកដី ជាពិសេសគឺជម្រុញលោក ហ៊ុន ម៉ាណេត ប្តឹងថៃទៅ ICC ICJ គឺដើម្បីដោះស្រាយបញ្ហាព្រំដែនហើយបញ្ចប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា ជាការផ្សះផ្សាជាតិ រូបរួមជាតិឬក៏ ជម្រុញឲ្យមានការរួមកម្លាំងជាតិដើម្បីប្រឆាំងទៅនឹងការឈានពានរបស់ថៃ»។

ទាក់ទងនឹងគម្រោងបាតុកម្មរបស់បក្សប្រឆាំងនេះដែរ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថាការធ្វើបាតុកម្មនេះគឺជាការរួមមតិរវាងគ្រប់ភាគី ទាំងរដ្ឋាភិបាល បក្សប្រឆាំង និងសង្គមស៊ីវិល ក្នុងការជំរុញឲ្យប្រើយន្តការតុលាការអន្តរជាតិ ដូចជា ICC និង ICJ ដែលលោកយល់ថាអាចជួយអោយស្ថាប័ន អន្តរជាតិពិចារណា និងចូលរួមដោះស្រាយបញ្ហារបស់កម្ពុជា។
លោកនិយាយថា៖ « វាជាការល្អត្រឹមត្រូវដែរដែលយើងគិតថាទោះបីបក្សប្រឆាំងក៏ដោយបក្សនៅក្នុងរដ្ឋាភិបាលក៏ដូចជាអ្នកដែលនៅក្រៅរដ្ឋាភិបាលការដែលមាននិន្នាការឬមួយក៏មានទស្សនៈឬមតិរួមដើម្បីជួយជាតិសាសន៍និយមគឺថាអាចធ្វើបាន ដោយជំរុញឲ្យរដ្ឋាភិបាលក៏ដូចជា ស្ថាប័ន ICJ ក៏ដូចជាICCទទួលយកនូវសំណើរបស់រដ្ឋាភិបាលក៏ដូចជាមតិរបស់ក្រុមអ្នកដែលមាននិន្នាការប្រឆាំងយកទៅពិចារណាឬមួយក៏យកទៅដាក់ដើម្បីឲ្យអន្តរជាតិជួយអន្តរាគមន៍ នៅប្រទេសកម្ពុជាយើង»។

ក្រសួងការបរទេសកម្ពុជាបានប្រកាសកាលពី ថ្ងៃទី១៤ កុម្ភៈ ថាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។

សេចក្ដីប្រកាសខាងលើ បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានី វ៉ាស៊ីនតោន លោក ហ៊ុន ម៉ាណែត នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្ដូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏មានគម្រោងទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត។ 

ក្នងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ (Reuters) នៅលើទឹកដីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចរួមចំណែកក្នុងការស្វែងរកសន្តិភាព និងដោះស្រាយបញ្ហជម្លោះរវាងកម្ពុជា-ថៃ ហើយលោកក៏បានអំពាវនាវឱ្យភាគីថៃគោរពទៅតាមយន្តការទាំងឡាយដែលមានស្រាប់ជាមួយកម្ពុជា ដូចជាយន្តការ JBC ជាដើម។ ប៉ុន្តែសម្រាប់បក្សប្រឆាំងវិញុយល់ឃើញថា យន្តការតុលាការអន្តរជាតិគឺជាជម្រើសដ៏ល្អមួយដែលកម្ពុជាគួរប្រកាន់យកដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ, សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1500}" data-page="1" data-max-pages="2" data-start="1" data-end="1">