ភាគីពាក់ព័ន្ធទាញសន្និដ្ឋាន នៅសវនាការថ្ងៃដំបូងដែលឧទ្ធរណ៍ជម្រះរឿងក្ដី លោក កឹម សុខា

នយោបាយ

ក្បួនរថយន្តលោកកឹម សុខា កំពុងចូលទៅសាលាឧទ្ធរណ៍ភ្នំពេញ ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ថតដោយ ហុង សេរីហ្វុង)។

តំណាងមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ ភាគីដើមបណ្ដឹង និងសហមេធាវីចុងចម្លើយតតាំងគ្នានិងសេចក្ដីសន្និដ្ឋានរៀងៗខ្លួននៅក្នុងសវនាការមួយថ្ងៃពេញ ក្នុងសំណុំរឿងក្ដី លោក កឹម សុខា ក្រោយបទចោទ «សន្និដ្ឋិភាពជាមួយបរទេស»។

ការសន្និដ្ឋាននេះគឺមិនទាន់ចប់សព្វគ្រប់ឡើយក្នុងនោះសហមេធាវីចុងចោទ នឹងបន្តសន្និដ្ឋាននៅថ្ងៃបន្ទាប់។តំណាងទូតពីចក្រភពអង់គ្លេស អូស្ត្រាលី សហភាពអ៊ឺរ៉ុប អង្គការសហប្រជាជាតិ និងក្រុមអ្នកកាសែតអន្តរជាតិជាច្រើនស្ថាប័នបានចូលអង្កេតក្នុងសវនាការ និងចាំនៅមុខសាលាឧទ្ធរណ៍ភ្នំពេញ តាំងតែពីក្បួងឡានរបស់ លោក កឹម សុខា មិនទាន់មកដល់ ។

ក្រុមអ្នកតំណាងពីទូតនានាបានចុះពីរថយន្តរបស់ខ្លួនជាបន្តបន្ទាប់គ្នា ខណៈអ្នកសារព័ត៌មានប្រដាប់ដោយម៉ាស៊ីនថតរូប និងវីដេអូគ្រប់ប្រភេទបានឈរប្រម៉ាញ់យករូបដើម្បីផ្សព្វផ្សាយ នៅក្រោមពន្លឺថ្ងៃធ្វើឱ្យបែកញើសពេញខ្នង។

សហមេធាវីការពាក្ដីឱ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា គឺលោកមេធាវី

ផែង ហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងពេលលោកសម្រាកអាហារថ្ងៃត្រង់ថា នៅក្នុងសវនាការមួយព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានឱ្យតំណាងមហាអយ្យការបានសន្និដ្ឋានចំពោះរឿងក្ដី។ លោកថា នៅពេលរសៀលទើបអាចបន្តភាគីដើមបណ្ដឹងរដ្ឋប្បវេនី និងភាគីចុងចម្លើយសន្និដ្ឋាន។

លោកថា៖ «ក្រុមប្រឹក្សាបញ្ជាក់មិញនេះថាខាងដើមបណ្ដឹងរដ្ឋប្បវេនីគាត់សុំពេល៣ម៉ោងដែរ ដូច្នេះបើសិនជាកម្មវិធី៣ម៉ោង ហើយតុលាការមិនបន្តឱ្យភាគីចុងចោទ ឬជនជាប់ចោទ និងមេធាវីរបស់ឯកឧត្តម កឹម សុខា ធ្វើសេចក្ដីសន្និដ្ឋានល្ងាចនេះទេ គឺត្រូវលើកទៅស្អែក លើកលែងតែមានការប្រែប្រួល»។

លោកឱ្យដឹងថា តំណាងមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញបានថ្លែងការពារបណ្ដឹងឧទ្ធរណ៍របស់តំណាងអយ្យការសាលាដំបូងភ្នំពេញ លើកឡើងពីប្រសាសន៍សាក្សីទាំងអស់ សំដីរបស់ការការពាររបស់ដើមបណ្ដឹងរដ្ឋវេនី និងប្រសាសន៍លោក កឹម សុខា ថ្លែងនៅប្រទេសអូស្ត្រីលី និងលើកឡើងពីបាតុកម្មដែលបានកើតឡើងដែលតំណាងអយ្យការយល់ថា ជាប់ពាក់ព័ន្ធនឹងការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលី។ លោកបញ្ជាក់ថា តំណាងមហាអយ្យការក៏បានស្នើសុំឱ្យតុលាការពិចារណាផ្ដន្ទាទោសលោក កឹម សុខា ដកសិទ្ធិធ្វើនយោបាយពីលោក ព្រមទាំងស្នើសុំឱ្យឃុំខ្លួនលោក កឹម សុខា។

លោក ផែង ហេង ថា៖ «ហើយបានធ្វើសេចក្ដីសន្និដ្ឋានដើម្បីឱ្យផ្ដន្ទាទោស ហើយនិងដកសិទ្ធធ្វើនយោបាយ ក៏ដូចជាប្ដឹងសុំឱ្យមានការឃុំខ្លួន»។

ជាមួយគ្នានេះលោកមេធាវី ផែង ហេង បានលើកឡើងថា ការអូសបន្លាយពេលរឿងក្ដីលោក កឹម សុខា ជិត១០ឆ្នាំនេះគឺជាភាពអយុត្តិធម៌។ ជាមួយគ្នានេះ លោកស្នើរដ្ឋាភិបាលបញ្ចប់រឿងក្ដីនេះ រួចផ្សះផ្សារជាតិ ក្នុងកាលៈទេសៈដែលមានបញ្ហាសកលលោក បញ្ហាក្នុងតំបន់ និងបញ្ហាក្នុងស្រុក។

លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលគួរតែស្វែងរកការបញ្ចប់រឿងក្ដីឯកឧត្តម កឹម សុខា ហើយផ្សះផ្សារជាតិដើម្បីឱ្យស្ថានាភាពសេដ្ឋកិច្ចនយោបាយវិលមកភាពប្រក្រតី»។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានប្រាប់ប្រជាកាសែត បន្ទាប់ពី បានចូលស្ដាប់សវនាការលោក កឹម សុខា ពេញមួយថ្ងៃថា លោកសង្កេតឃើញអ្វីដែលតំណាងមហាអយ្យការ និងមេធាវីដើមបណ្ដឹងនៅក្នុងរវនាការ ហាក់ក្នុងហេតុផលនយោបាយ ច្រើនជាងហេតុផលក្នុងច្បាប់។

លោកថា៖ «ការដែលយើងមើលជាការសន្និដ្ឋាន ជាការលើកបង្ហាញរបស់តំណាងអយ្យការក៏ដូចជា តំណាងមេធាវីរដ្ឋាភិបាល វាហាក់ដូចជាមិនមានអ្វីដែលអាចថាយើងគិតថាជាការធ្វើក្នុងរបៀបនៃអង្គហេតុ អង្គច្បាប់ទេ គឺថាច្រើនតែជាហេតុផលនយោបាយ និងនិងទម្លាក់ចោទដោយលើកទឹកតាងភស្តុតាងហ្នឹងជាអក្សរជានិមិត្តរូបទៅវិញ មិនមែនបានបង្ហាញភាពច្បាស់លាស់នៃរដ្ឋបរទេសឈ្មោះអី? ជនបរទេសហ្នឹងឈ្មោះអី? អង្គការណាខ្លះដែលបានគប់គិតជាមួយនឹងលោក កឹម សុខា»។

ប្រធានគណបក្សជំនាន់ថ្មីរូបនេះ ស្នើសុំឱ្យដោះលែងលោក កឹម សុខា ដោយក្ដីខន្តី យោគយល់អធ្យាស្រ័យ ដើម្បីផ្សះផ្សារ និងរួបរួមជាតិ ជៀសវាងប្រទេសជិតខាងមើលងាយកម្ពុជា។

លោកថា៖ «ការឯកភាពជាតិនៃអ្នកនយោបាយ កុំឱ្យបែកបាក់ផ្ទៃក្នុងជាតិនេះឯង ដែលទើបអាចឱ្យជាតិយើងរឹងមាំ ខ្លាំងផ្នែកសេដ្ឋកិច្ច ទំបើបកម្មយោធា ក្នុងការទប់ស្កាត់កុំឱ្យនសត្រូវឈ្លានពានបរទេសគេមករំលោភអធិបតេយ្យភាព និងបូរណភាពទឹកដី។ នេះជាបំណងប្រាថ្នារបស់ខ្ញុំ»។

ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគម អាដហុក (ADHOC) លោក យី សុខសាន្ត មានប្រសាសន៍ថា ក្រោយតាមដានករណីលោក កឹម សុខា លោកសង្កេតឃើញការអូសពេលជិត ២ឆ្នាំ ទើបឈានដល់ការសន្និដ្ឋាននៅក្នុងសវនាការនៅថ្ងៃទី៨ ខែមេសានេះ នាំឱ្យលោកគិតថា ករណីលោក កឹម សុខា ទំនងពាក់ព័ន្ធនឹងបញ្ហានយោបាយ ច្រើនជាងការអនុវត្តច្បាប់។

លោកថា៖ «តាមការកត់សម្គាល់ យើងមើលឃើញនីតិវិធីដែលយើងតាមដានរហូតមកដល់ពេលនេះ គ្រាន់តែទុកពេលឱ្យសន្និដ្ឋានគឺជិត២ឆ្នាំ។ ដូច្នេះ យើងមើលថាតើស្ថានភាពទាំងអ្នកទោស ទាំងចៅក្រម និងព្រះរាជអាជ្ញា ទាំងមេធាវី យើងយល់ថា វាមិនមែនជារឿងខុសច្បាប់ទេ អានេះវាហាក់ដូចជារឿងនយោបាយច្រើនជាងរឿងដែលឯកឧត្តម កឹម សុខា ដែលប្រព្រឹត្តបទល្មើសខុសច្បាប់»។

លោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដកសិទ្ធិនយោបាយហើយរូបលោកជាអ្នកទោសតែម្នាក់គត់ដែលជាប់ឃុំក្នុងផ្ទះ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2192}" data-page="1" data-max-pages="1" data-start="1" data-end="1">