ភរិយារបស់លោក ស៊ុន ចន្ធី ដង្ហោយហៅរកយុត្តិធម៌បន្ទាប់ពីតុលាការបន្ថែមបទចោទស្វាមីគាត់

នយោបាយ

ភរិយារបស់លោក ស៊ុន ចន្ធី ដង្ហោយហៅយុត្តិធម៌បន្ទាប់តុលាការថែមបទចោទ«រួមគំនិតក្បត់»មកលើស្វាមីខ្លួនដែលកំពុងជាប់ពន្ធនាគារស្រាប់ហើយនោះ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធីដែលកំពុងតែជាប់ពន្ធនាគារក្នុងសំណុំរឿងញុះញុងនោះ ឱ្យចូលសវនាការថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៦ ក្រោមបទចោទ «រួមគំនិតក្បាត់» ។

ភរិយា លោក ស៊ុន ចន្ធី គឺអ្នកស្រី យាន ស្រីយ៉ាន បានប្រាប់ប្រជាកាសែតថា វាជារឿងអយុត្តិធម៌​សម្រាប់ស្វាមីគាត់ ពេលដែលតុលាការដាក់បទចោទបន្ថែមដាក់បន្ទុកមកលើស្វាមីរបស់គាត់។

អ្នកស្រីថា៖ «សព្វថ្ងៃនេះគាត់បានកំពុងតែអនុវត្តទោសទាក់ទងនឹងករណីចោទទីមួយហ្នឹងគឺ ញុះញង់ ហើយអាការចោទករណីទី១ហ្នឹងគឺគាត់អនុវត្តទោសវាជិតចប់ហើយ អ៊ីចឹងវាខ្វះតែ២ខែទៀតគាត់មានសេរីភាព តែបែរជាតុលាការចោទដាក់បន្ទុកបន្ថែមសម្រាប់គ្រួសាររបស់ខ្ញុំ ដូច្នេះមើលឃើញថាវាអយុត្តិធម៌ខ្លាំងមែនទែន»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំបានឃើញកន្លងទៅថ្មីៗនេះ ប្រមុខរដ្ឋាភិបាលសម្ដេចបវរ ហ៊ុន ម៉ាណែត លោកតែងតែប្រកាសជាសាធារណៈឱ្យបងប្អូនខ្មែរយើងរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារប្រទេសជាតិរបស់យើង ដូច្នេះខ្ញុំសង្ឃឹមថា អាការចោទថ្មីនេះ សូមឱ្យតុលាការពិនិត្យឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ ហើយបើសិនចោទៗគាត់ទាំងដែលគាត់នៅក្នុងគុកអ៊ីចឹង ពួកខ្ញុំទទួលយកអត់បានទេ»។

មេធាវីរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺលោក ជូង ជូងី បានប្រាប់ប្រជាកាសែតថា តុលាការបានចោទប្រកាន់លោក ស៊ុន ចន្ធី ពីបទ «រួមគំនិតក្បត់» បន្ថែមលើទោសចាស់ដែលប្រធានបក្សរូបនេះកំពុងអនុវត្តទោសក្នុងពន្ធនាគារ។

លោកថា៖ «សំណុំរឿងហ្នឹងបញ្ជូនមកពីតុលាការខេត្តកំពង់ធំចោទប្រកាន់ពីបទរួមគំនិតក្បត់ ហើយត្រូវបើកសវនាការថ្ងៃ១២ ខែ២នេះ ប៉ុន្តែដោយសារតែខ្ញុំជាមេធាវីទើបទទួលបានការពឹងពាក់ពីភរិយារបស់គាត់ អ៊ីចឹងខ្ញុំបានដាក់ពាក្យការពារក្ដី សុំថតសំណុំរឿង ហើយខ្ញុំសុំពន្យារពេលសិនដោយសារតែខ្ញុំមេធាវីហ្នឹងអត់ទាន់បានសិក្សាសំណុំរឿងនៅឡើយ»។

លោក ជូង ជូងី ថា តុលាការមិនទាន់ឆ្លើយតបចំពោះសំណើពន្យារពេលសវនាការនៅឡើយទេ តែបើតាមគោលការណ៍តុលារគួរតែពន្យារពេលតាមសំណើរលោក ព្រោះរឿងក្ដីនេះស្ថិតក្នុងបទឧក្រិដ្ឋ ដែលចាំបាច់ត្រូវមានមេធាវីការពារក្ដី។

ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពជាលោក ប៉ែន បូណា សុំមិនអធិប្បាយឡើយ ដោយបង្វែរសំណួរទៅកាន់ក្រសួងយុត្តិធម៌ និងតុលាការវិញ។

លោកថា៖ «រដ្ឋាភិបាលមិនមែនអ្នកចោទ ក៏មិនមែនអ្នកកាត់ក្តីដែរ គឺតុលាការ។ ដូច្នេះ ត្រូវសួរទៅអ្នកនាំពាក្យតុលាការ ឬក្រសួងយុត្តិធម៌»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចោទប្រកាន់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បន្ថែមមួយបទល្មើសទៀត ក្រោមបទរួមគំនិតក្បត់ នេះគឺជាការបន្ថែមនូវបទល្មើសឧក្រិដ្ឋដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។

លោកថា៖ «ការចោទប្រកាន់នៅក្នុងសំណុំរឿងថ្មីមួយទៀតនេះគឺនាំឱ្យមានការរិះគន់ថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារតែលោក ស៊ុន ចន្ធី ជាអ្នកនយោបាយលេចធ្លោមួយរូប និងជាអតីតប្រធានគណបក្សកម្លាំងជាតិ»។

ជាមួយគ្នានេះ លោក អំ សំអាត អំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់ ត្រូវមានស្មារតីសាមគ្គីជាតិ ឯកភាពជាតិ រួមគ្នាខ្មែរតែមួយ ដើម្បីជាតិមាតុភូមិ និងប្រជាជន ខណៈកន្លងមកមានអង្គការអន្តរជាតិ ព្រមទាំងសហគមន៍អន្តរជាតិ ដែលរួមមានទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យដោះលែងសកម្មជនបរិស្ថាន សកម្មសិទ្ធិមនុស្ស សកម្មជននយោបាយ និងសកម្មជនការសង្គម។

នៅថ្ងៃព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយលោកត្រឡប់ពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ ការចាប់ខ្លួននេះ គឺពាក់ព័ន្ធនឹងការដែលលោករិះគន់កម្មវិធីផ្តល់ប័ណ្ណក្រីក្រ របស់រដ្ឋាភិបាល អំឡុងពេលដែលប្រធានគណបក្សកម្លាំងជាតិរូបស្ថិតនៅប្រទេសជប៉ុន។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យ៤លានរៀល ព្រមទាំងដកសិទ្ធពលរដ្ឋពីលោក មិនឱ្យបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1397}" data-page="1" data-max-pages="1" data-start="1" data-end="1">