សមាជិកគ្រួសារខកចិត្តដែលតុលាការកំពូលបដិសេធសំណើសុំដោះលែងអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន ឱ្យមានសេរីភាព ដោយពួកគេយល់ថាយុវជនរូបនេះមិនបានប្រព្រឹត្តកំហុស «រួមគំនិតក្បត់» ដូចការចោទប្រកាន់ឡើយ។
តុលាការកំពូលបានប្រកាសសាលដីកាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងបន្តឃុំខ្លួនលោក ធី ថន។
ឪពុករបស់អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន គឺលោក មឿន ធី ខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល ព្រោះលោកយល់ថា លោក ធី ថន ជាបុគ្គលស្អាតស្អំ និងជាកូនល្អ ពលរដ្ឋល្អ ហើយមិនបានធ្វើខុសដូចការចោទប្រកាន់ទេ។
លោកថា៖ «មានការសោកស្ដាយកូន វាដូចគ្មានទោសកំហុសអីផងតែឃុំរាប់ឆ្នាំទៅហើយ[…]ចង់ឱ្យតែកូនចេញមកបានរៀនបន្ត។ ដល់ពេលនៅតែឃុំបន្ត ហើយក៏សវនាការរាប់ដងមិនឈ្នះហើយ នៅតែឃុំបន្ត ដល់ពេលរកអាទោសកំហុសដូចអត់ដឹងថាមានទោសកំហុសអីផង ហើយនៅតែឃុំរាប់ឆ្នាំអ៊ីចឹង»។
អ្វីដែលបុរសវ័យ៥០ឆ្នាំរូបនេះព្រួយបារម្ភជាងគេនោះគឺសុខភាពរបស់កូនប្រុសគាត់ ដែលកំពុងមានជំងឺថ្លើម។
លោកបន្ថែមថា៖ «ស្នើសុំដើម្បីឱ្យដោះលែងកូនហ្នឹងមកដើម្បីឱ្យមានសេរីភាពទៅដើម្បីសិក្សាបន្តអ៊ីចឹងណា៎»។
មេធាវីរបស់លោក ធី ថន គឺលោក លី សុចិត្រា ប្រាប់ប្រជាកាសែតថា ក្នុងពេលប្រកាសសាលដីកា ចៅក្រមតុលាការកំពូលមិនបានប្រកាសនូវហេតុសំអាងចំពោះការសម្រេចបដិសេធសំណើសុំដោះលែងលោក ធី ថន នោះទេ។
លោកថា៖ «អត់ទាន់មានអានអីទេ អត់ទាន់មានអានសំអាងហេតុអីទេ[…]គ្រាន់តែថា គេច្រានចោលបណ្ដឹងមេធាវី ហើយនិងតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែលប៉ុណ្ណឹងឯង»។
ជាមួយគ្នានេះ លោកមេធាវីថារឿងក្ដីរបស់លោក ធី ថន កំពុងស្ថិតនៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ ក៏ប៉ុន្តែតុលាការមិនទាន់បានបើកសវនាការអង្គសេចក្ដីដើម្បីជំនុំជម្រះនៅឡើយទេ។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថា ការដែលតុលាការសម្រេចបន្តឃុំខ្លួនអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន នោះវាមិនផ្ដល់ផលចំណេញណាមួយឡើយ ដោយសារកន្លងមកយុវជនរូបនេះ គឺជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប ដែលតែងតែខ្វល់ខ្វាយពីរឿងបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ បញ្ហាដីធ្លី និងបញ្ហាសង្គមនានា។
លោកថា៖ «ការបន្តឃុំខ្លួនទៅលើលោក ធី ថន វាមិនមានផលចំណេញអីទេ ហើយវាធ្វើឱ្យមានការរិះគន់កាន់តែធ្ងន់ធ្ងរ[…]យើងសោកស្ដាយដែលលោក ធី ថន បន្តឃុំខ្លួននៅក្នុងពន្ធនាគារ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សាបន្តរបស់គាត់ ក៏ដូចជាជីវភាពរបស់ក្រុមគ្រួសាររបស់គាត់ដែលពឹងពាក់លើគាត់»។
កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក ធី ថន ពាក់ព័ន្ធនឹងការតវ៉ាជំទាស់នឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬហៅថា CLV-DTA។
តុលាការបានចោទប្រកាន់អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែររូបនេះពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្នលោកកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែព្រៃស (ម១) នារាជធានីភ្នំពេញ។
កន្លងមក សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធជាបន្តបន្ទាប់នូវសំណើសុំនៅក្រៅឃុំ ព្រមទាំងសំណើសុំដោះលែងលោក ធី ថន ឱ្យមានសេរីភាព៕







