អាជ្ញាធរខេត្តតាកែវ អះអាងថាគ្មានការរើសអើងចំពោះការដំឡើងស្លាកគណបក្សកម្លាំងជាតិក្នុងមូលដ្ឋានឡើយ។ការអះអាងនេះធ្វើឡើងក្រោយពីគណបក្សកម្លាំងជាតិរិះគន់ថា អាជ្ញាធរសង្កាត់រកាក្នុងនៃខេត្តតាកែវបានហាមគណបក្សកម្លាំងជាតិលើកស្លាកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានច្រេស ភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ចៅសង្កាត់រកាក្នុង លោក ផង់ ពិន បានប្រាប់ប្រជាកាសែតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ថា ការដែលលោកបដិសេធសំណើសុំលើកស្លាកគណបក្សកម្លាំងជាតិ ដោយសារលោកអភិបាលក្រុងដូនកែវ មិនអនុញ្ញាតឱ្យដំឡើងស្លាកត្រង់ចំណុចគល់ស្ពានច្រេសទេ ព្រោះនឹងមានគម្រោងធ្វើផ្លូវនៅក្បែរនោះនាពេលខាងមុខ។
លោកថា៖ «ឱ្យតែគល់ស្ពានមិនឱ្យដាក់ទេ[…]ឱ្យទៅខាងជើង សុំបងប្អូនប្រជាពលរដ្ឋដាក់ទៅ កន្លែងណាទំនងសុំបងប្អូនប្រជាពលរដ្ឋទៅ ប៉ុន្តែឱ្យវាឃ្លាតចេញពីកៅស៊ូ ៦ ទៅ ៧ ឬ៧ម៉ែត្រជាង ឱ្យគេធ្វើផ្លូវរណបធ្វើផ្លូវអីវាអាចទើស[…]គ្រប់គណបក្សនយោបាយទាំងអស់ គឺខ្ញុំមិនដែលហាមអីណា ប៉ុន្តែលោកអភិបាលក្រុងលោកខលមកពេលដែលខាងគ្រប់គណបក្សនយោបាយដែលជូនដំណឹងមក ខ្ញុំតែតែងបាញ់ទៅជូនគាត់ៗសួរថាកន្លែងណាគឺអាកន្លែងគល់ស្ពានហ្នឹងគឺគាត់ហាម[…]អ៊ីចឹងថាបើថាគណបក្សនេះឱ្យដាក់ គណបក្សនោះហាមគឺមិនមានទេ អត់មានគិតគូរអ៊ីចឹងទេ»។
ការពន្យល់របស់ចៅសង្កាត់រកាក្នុងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សកម្លាំងជាតិខេត្តតាកែវ ដែលកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានជូនដំណឹងទៅចៅសង្កាត់រកាក្នុង ពីការជួបជុំសមាជិកបក្សប្រមាណជាង ២០នាក់ដើម្បីលើកស្លាកគណបក្ស នៅត្រង់ចំណុចគល់ស្ពានច្រេស ឬហៅថាស្ពានអូរស្វាយច្រេស នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ។ ក៏ប៉ុន្តែលោកចៅសង្កាត់បានឆ្លើយតបកាលពីថ្ងៃទី១១ ខែកុម្ភៈ ថាអភិបាលក្រុងដូនកែវ ខេត្តតាកែវ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិលើកស្លាកត្រង់ទីតាំងដែលបានស្នើសុំនេះឡើយ។
ប្រធានស្ដីទីគណបក្សកម្លាំងជាតិខេត្តតាកែវ លោក ពុធ សំរស់ មានប្រសាសន៍ថា អាជ្ញាធរគប្បីបញ្ជាក់ប្រាប់ពីទីតាំងដែលអនុញ្ញាត និងមិនអនុញ្ញាតឱ្យគណបក្សនយោបាយលើកស្លាក នៅពេលដែលគណបក្សស្នើសុំ។
លោកថា៖ «បើលិខិតស៊ីញ៉េមកវាយត្រាថាចំណុចហ្នឹងអត់ឱ្យលើកទេ ឱ្យលើកហួសហ្នឹងបន្តិច អ៊ីចឹងយើងអាចទទួលយកបានហើយ យើងលើកទៅមានទៅទាស់ខុសអី? តែបើក្នុងលិខិតជូនដំណឹងមកដាច់ខាតហ្នឹងមិនឱ្យលើក។ ពាក្យថា មិនអនុញ្ញាតមានន័យថាដាច់ខាតហើយ មិនអ៊ីចឹង?[…]ចង់បានអាជ្ញាធរហ្នឹងគឺគាត់ទទួលខុសត្រូវ មានន័យថា ពេលដែលគណបក្សនយោបាយដែលចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃស្របច្បាប់ហើយទៅជូនដំណឹងទៅគាត់ៗត្រូវតែទទួល។ ទទួលហើយគាត់នឹងពិនិត្យមើលហើយគាត់ចង្អុលបង្ហាញទៀតថាទីតាំងណាដែលអាចលើកបាន កន្លែងណាមិនលើកបាន»។
ក្រោយអាជ្ញាធរមិនអនុញ្ញាតឱ្យលើកស្លាកនៅគល់ស្ពាន គណបក្សកម្លាំងជាតិនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្ញើសេចក្តីជូនដំណឹងទៅកាន់ចៅសង្កាត់រកាក្នុង ជាថ្មី។ គណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ប្រាប់អាជ្ញធរពីការជួបជុំសមាជិកបក្សជាង៣០នាក់ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីលើកស្លាកគណបក្សនៅបណ្ដោយផ្លូវជាតិលេខ២ ខាងជើង និងខាងលិចស្ពានអូរស្វាយច្រេស ប្រហែលជាង១០០ម៉ែត្រពីគល់ស្ពាន។
ជុំវិញករណីនេះ អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់ថា អាជ្ញាធរមានភារកិច្ចសម្រួបសម្រួលការដំឡើងស្លាកគណបក្ស មិនថាគណបក្សកាន់អំណាច ឬគណបក្សក្រៅរដ្ឋាភិបាលនោះទេ ដោយគ្មានការរើសអើង។
លោកថា៖ «បើយើងពិនិត្យទៅតាមច្បាប់ អាជ្ញាធរគេឱ្យសម្របសម្រួលសម្រាប់ការរៀបចំ និងការដំឡើងស្លាក អ៊ីចឹងបើយើងទៅមើលឱ្យមែនទែនមិនមានការចែងណាមួយឱ្យវាច្បាស់លាស់ថាកន្លែងនេះហាម កន្លែងនោះហាម កន្លែងនោះឱ្យដាក់មិនឱ្យដាក់ វាអត់មានដាច់ណាត់ទេ គឺមានន័យថាឱ្យមានការសម្របសម្រួលពីអាជ្ញាធរ»។
លោក កន សាវាង្ស បញ្ជាក់ថា ក្នុងករណីដែលអាជ្ញាធរមូលដ្ឋានបដិសេធការដំឡើងស្លាកគណបក្ស ភាគីទាំងពីរ គឺទាំងគណបក្ស និងអាជ្ញាធរគួរសម្របសម្រួលគ្នា ហើយអាជ្ញាធរគប្បីបញ្ជាក់ពីហេតុផលច្បាស់លាស់ចំពោះការបដិសេធមិនឱ្យលើកស្លាកគណបក្សណាមួយ។
លោកថា៖ «ត្រូវមានការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានហ្នឹងដើម្បីបញ្ជាក់ឱ្យច្បាស់ឱ្យមានអំណាងឱ្យមានភស្តុតាងត្រឹមត្រូវថាតើហេតុផលអីដែលអត់ឱ្យ ហើយហេតុផលនោះវាសមគួរទេ ឬក៏មិនសមគួរទេ ឬមួយក៏ការអនុម័ត ការសម្រេចទៅលើអារម្មណ៍ផ្ទាល់ខ្លួន ឬក៏មានគោលការណ៍ច្បាស់លាស់។ បើសិនជាវាមានគោលការណ៍ច្បាស់លាស់ដែលមានលក្ខណៈស្មើភាពគ្នា អាហ្នឹងវាគួរតែស្ដាប់គ្នាបាន»៕







