ក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សណាដែលហ៊ានទទួលជំនួយបរទេសមកធ្វើនយោបាយ។ ក្រសួងរំលឹកគណបក្សនយោបាយ ទាំងអស់ឱ្យធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំណែក ពង្រឹងនីតិរដ្ឋ កសាង និងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការព្រមាននេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ខែមិថុនា២០២៦។
ក្រសួងមហាផ្ទៃរំលឹកបក្សទាំងអស់នេះបន្ទាប់ពីក្រសួងឃើញការចុះផ្សាយរបស់សារព័ត៌មាន The Sunday Guardian ដែលផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេសចំនួន២លានដុល្លាឱ្យគណបក្សនយោបាយមួយចំនួននៅ កម្ពុជារួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។
សេចក្ដីប្រកាសព័ត៌មានស្ដីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយសរសេរថា ការទទួលវិភាគទានពីបរទេសសម្រាប់ធ្វើសកម្មភាពបម្រើឱ្យបក្សក្នុងរួបភាពណាក៏ដោយជាសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ផ្សេងៗជាធរមាន។ ក្រសួងមហាផ្ទៃព្រមានថា គណបក្សនយោបាយណាដែលល្មើសនឹងច្បាប់ស្ដីពីគណបក្សនយោបាយអាចនឹងព្រឈមការផាកពិន័យតាមផ្លូវច្បាប់ និងរងនូវការរំលាយគណបក្សពីតុលាការកំពូល។
ក្រសួងមហាផ្ទៃថា៖ «ច្បាប់ក៏បានចែងទៀតថា មិនឱ្យគណបក្សនយោបាយស្ថិតនៅ ក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការ អាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ ឬអាចរំលាយគណបក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ»។
សារព័ត៌មាន The Sunday Guardian ផ្សាយថា គម្រោងសម្រាប់ការពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញ និងការប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា ឬ Project for Democratic Revitalization and Electoral Competitiveness in Cambodia ធ្វើឡើងដោយស្ថាប័នមូលនិធិជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (NED) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ អង្ការនេះផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។
The Sunday Guardian បន្តថាគោលដៅនៃការផ្ដល់ជូនវិភាគទាននេះ គឺ ដើម្បីបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ច កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងយន្តការគាំទ្រផ្នែកច្បាប់។ ក្នុងនោះគម្រោងនេះគឺពង្រឹងសម្ព័ន្ធគណបក្សក្រៅរដ្ឋាភិបាល និងអង្គការមូលដ្ឋាន ដើម្បីប្រគួតប្រជែង និងកាត់បន្ថយឥទ្ធិពលរបស់គណបក្សកាន់អំណាចក្នុងយុទ្ធនាការឃោសនាបោសឆ្នោត។
អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក គីមសួរ ភិរិទ្ធ បដិសេធថាសម្ព័ន្ធគណបក្សរបស់លោកមិនបានទទួលបានវិភាគទានហិរញ្ញវត្ថុពីបរទេសឡើយ។ លោកអះអាងថាសកម្មភាពកបក្សអាចធ្វើទៅបានព្រោះមានការគាំទ្រពីប្រជាពលរដ្ឋក្នុងការចូលរួមឧបត្ថម្ភពីបណ្ដាឃុំសង្កាត់។ លោកបន្ថែមថា ការចេញសារព្រមានរបស់ព្រមានរបស់ក្រសួងព័ត៌មានជារឿងត្រឹមត្រូវ ដោយគណបក្សនយោបាយទាំងអស់ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ជាធរមាន។
លោកមានប្រសាសន៍ថា៖ «គណបក្សឆន្ទៈ គណបក្សភ្លើងទៀននេះចងសម្ព័ន្ធគ្នាអ្វីៗប្រព្រឹត្តទៅទាំងសកម្មភាពនយោបាយ ទាំងហរិញ្ញវត្ថុគឺយើងប្រយ័ត្នប្រយែងណាស់ មិនពាក់នឹងជំនួយហិរញ្ញវត្ថុរបស់បរទេសណាទេ។ យើងធ្វើពិសមាជិកអ្នកគាំទ្រជាប់ជាក្រុមប្រឹក្សឃុំសង្កាត់ហ្នឹងមានការចូលរួមវិភាគទាន»។
លោកបន្ថែមថា៖ «យើងមិនព្រួយបារម្ភទេ ហើយឆ្លៀតឱកាសនេះក៏សូមអំពាវនាវឱ្យគណបក្សដទៃធ្វើសកម្មភាពនយោបាយ ទី១ត្រូវឆ្លើយតបនឹងច្បាប់ដែលមានជាធរមាន ហើយខិតខំទាំងអស់គ្នា ដើម្បីធ្វើម៉េចជម្រុញឱ្យការបោសឆ្នោតខាងមុខនេះ ជាការបោះឆ្នោះមួយដែលឆ្លើយតបទៅនឹងអ្វីដែលបានចែងគឺលទ្ធិប្រជាធិបតេយ្យ»។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា មានប្រសាសន៍ថាគណបក្សរបស់លោកគោរពច្បាប់ស្ដីពីគណបក្សនយោបាយយ៉ាងខ្ជាប់ខ្ជួន ដោយមិនរំពឹងទៅលើជំនួយវិភាគទានពីបរទេសមកធ្វើសកម្មភាពនយោបាយឡើយ។ លោកអះអាងថាជំនួយទាំងអស់កើតចេញពីវិភាគទានគណបក្សពីសមាជិកអ្នកស្រលាញ់ការដឹកនាំរបស់គណបក្សរបស់លោក។
លោកបញ្ជាក់ថា៖ «ជំហររបស់គណបក្សប្រជាធិបតេយ្យគឺនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យហិរញ្ញវត្ថុ។ គោលការណ៍នេះចែងថារាល់ប្រតិបត្តិការទាំងអស់ហ្នឹង ថវិការបានមកពីសមាជិក ហើយផ្នែកហិញ្ញវត្ថុយើងមិនទទួលខុសច្បាប់ទេ»។
លោកមានប្រសាសន៍ថា៖ «និយាយពីការបោះឆ្នោតសេរី ត្រឹមត្រូវនឹងយុត្តិធម៌ហ្នឹង ដូច្នេះ ត្រូវដំណើរការប្រព្រឹត្តទៅតាមប្រជាធិបតេយ្យ តាមការកំណត់៥ឆ្នាំម្ដង។ ដើម្បីឱ្យប្រជាធិបតេយ្យដើរល្អលុះត្រាតែការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាការទទួលវិភាគទានពីបរទេសមិនថាជាសម្ភារៈ ឬថវិការក្ដីជាអំពើល្មើសនឹងច្បាប់។ លោកថាសកម្មភាពនយោបាយរបស់គណបក្សនយោបាយត្រូវតែធ្វើឡើងនៅកម្ពុជា និងឆន្ទៈជាប្រជាពលរដ្ឋខ្មែរ។ លោកថាករណីគណបក្សនយោបាយប្រព្រឹត្តប្រាសចាកពីច្បាប់នៅកម្ពុជា គណបក្សនោះនឹងរងនូវការពិន័យ និងរំលាយផងដែរ។
លោកថា៖ «ការទទួលយកវិភាគទានពីស្ថាប័នណាមួយពីក្រៅប្រទេសឬពីបុគ្គលណាមួយពីក្រៅប្រទេសគឺជាអំពើល្មើសស្ដីពីច្បាប់ស្ដីពីគណបក្សនយោបាយ ហើយបង្កឱ្យមានភាពគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ហើយក៏រងនូវការពិន័យបញ្ជូនខ្លួនបុគ្គលដឹកនាំបក្សទៅតុលាការ និងអាចរំលាយគណបក្សនោះផ្អែកតាមភ័ស្តុតាង»។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងសម្របសម្រួលនៃ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា COMFREL លោក កន សាវង្ស លើកឡើងថាគណបក្សនយោបាយទាំងអស់ត្រូវតែគោរពច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀតជាធរមាន។ ក្នុងករណីគណបក្សនយោបាយមិនពេញចិត្តនូវគោលការណ៍ច្បាប់ត្រង់ចំណុចណាមួយត្រូវស្នើធ្វើវិសោធនកម្មច្បាប់ តែប្រសិនបើច្បាប់មានស្រាប់ចែងបែបបណាត្រូវតែគោរព។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំធ្វើការកត់សម្គាល់គឺច្បាប់ស្ដីពីគណបក្សនយោបាយមានការចែងពីហិរញ្ញវត្ថុ ដូច្នេះចំណុចដែលគិតថាមិនសមស្របនឹងគោលការណ៍ប្រជាធិបតេយ្យអាចជជែកគ្នាក្នុងការធ្វើវិសោធនកម្មច្បាប់ទៅប៉ុន្តែច្បាប់មានហើយត្រូវតែពិនិត្យមើល និងអនុវត្ត»។
ច្បាប់ស្ដីពីគណបក្សនយោបាយ នៅមាត្រាទី៧ ចែងថា គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេសទេ ។ ចំណែកមាត្រា មាត្រា២៩ថាគណបក្សនយោបាយត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទាន ទោះជាតាមរូបភាពណាក៏ដោយ ពីស្ថាប័នរដ្ឋ សមាគម អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានសាធារណៈ ឬក្រុមហ៊ុនបរទេសណាឡើយ៕







