មហាក្សត្សខ្មែរនឹងយាងនិវត្តន៍មកវិញក្នុងពេលឆាប់ៗ

សង្គម

(ព្រះឆាយាលក្ខណ៍សម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង)រូបភាពទំព័រហ្វេសប៊ុក)។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពីព្រះអង្គបានសម្រាកព្យាបាលព្រះរោគនៅក្នុងប្រទេសចិនអស់រយៈពេលជាងបីខែមក។

ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ មានភាពប្រសើរឡើងជាបណ្តើរៗ ក្រោយពីបានទទួលការព្យាបាលព្រះរោគ និងមានការពិនិត្យថែទាំពីក្រុមគ្រូពេទ្យប្រទេសចិន។

ក្រសួងឱ្យដឹងបន្តថា យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង ក៏បានសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះមហាក្សត្រ ដោយសូមព្រះអង្គប្រោសព្រះរាជទានឱ្យក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀត នៅព្រះបរមរាជវាំងរាជធានីភ្នំពេញផងដែរ។

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីហ្លួងម៉ែ បានថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសម្តេចថ្នាក់ដឹកនាំកំពូល ជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងពេលបច្ចុប្បន្នបានថ្វាយព្រះសព្វសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គទាំងទ្វេ បានឆាប់ជាសះស្បើយពីព្រះរោគាពាធ សូមព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខក្សេមក្សាន្ត ជាដរាបតរៀងរហូតទៅ។

យោងតាមព្រះរាជសារនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា ព្រះមហាក្សត្រ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ក្រោយមានការពិនិត្យដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។
គួរបញ្ជាក់ថា ព្រះមហាក្សត្រ និងហ្លួងម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងអំឡុងពេលអវត្តមាននេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីកម្ពុជា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3097}" data-page="1" data-max-pages="1" data-start="1" data-end="1">