ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ចំពេលករណីគ្រុនឈាមផ្ទុះឡើងតាមតំបន់មួយចំនួន

សុខភាព

(យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា​ នៅរាជធានីភ្នំពេញកាលពីឆ្នាំ២០២៤)រូបភាពផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ចំពេលមានសេចក្ដីរាយការណ៍ពីករណីផ្ទុះជំងឺគ្រុនឈាមនៅតាមកន្លែងមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ ។ 

សេចក្ដីរាយការណ៍ពីអាជ្ញាធរស្រុកកោះធំ ខេត្តកណ្ដាល ឱ្យដឹងថា មានពលរដ្ឋចំនួន ៥៧៨ នាក់ កើតជំងឺគ្រុនឈាម ក្នុងរយៈពេលជិត ២០ ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ដោយឡែក សេចក្ដីរាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញ​ថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកឆ្លងជំងឺគ្រុនឈាមសរុប ៣៧៤ នាក់ ក្នុងនោះកុមារក្រោមអាយុ ១៥ ឆ្នាំ មានចំនួន ២៧៩ នាក់ និងអ្នកមានអាយុលើស ១៥ ឆ្នាំ ចំនួន ៩៥ នាក់។ ចំនួននេះបានកើនឡើងប្រមាណ ២ ដង នៃចំនួនអ្នកជំងឺសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានរំលឹកឱ្យពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាបំផ្លាញចោលរាល់សម្ភារដក់ទឹកផ្សេងៗ និងសម្អាតដង្កូវទឹកនៅតាមអាងទឹក ពាង ថូផ្កា ចានទ្រជើងទូ ឡាំង និងធុងជាដើម ដោយត្រូវផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍។

ក្រសួងបន្តថា ប្រសិនបើសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ដល់ ៤០ អង្សាសេ ត្រូវប្រញាប់ទៅពិគ្រោះ និងព្យាបាលជាបន្ទាន់នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្នុងអំឡុងពេលយ៉ាងយូរ ៤៨ ម៉ោង។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យម្ចាស់ការដ្ឋានសំណង់ និងកម្មករបម្រើការងារតាមការដ្ឋាន លុបបំបាត់វត្ថុដក់ទឹក និងរក្សាទុកសម្ភារដែលអាចដក់ទឹកនៅទីតាំងមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យមានប្រភពកកើតមូសខ្លា ដែលអាចចម្លងជំងឺគ្រុនឈាមដល់ពលរដ្ឋរស់នៅចម្ងាយ ១៥០ ម៉ែត្រ ជុំវិញការដ្ឋាន។

សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកើតកូនចៅមូសខ្លា ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្របនឹងពាក្យស្លោក “ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក”»។

ជាងនេះទៅទៀត ក្រសួងសុខាភិបាលណែនាំឱ្យកាប់ឆ្ការ សម្អាតស្មៅជុំវិញផ្ទះឱ្យបានស្រឡះល្អ និងស្លៀកពាក់ខោជើងវែង អាវដៃវែង រួមទាំងស្រោមជើង និងប្រើថ្នាំបាញ់ ឬលាបការពារកុំឱ្យមូសខាំ។ ក្រៅពីនេះ ក្រសួងក៏ណែនាំឱ្យគ្រប់មន្ទីរសុខាភិបាលត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យតាមការដ្ឋានសំណង់ ដើម្បីទប់ស្កាត់ការកកើតមូសខ្លាតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

ជុំវិញវិធីសាស្ត្របង្ការជំងឺគ្រុនឈាមនេះ ចៅសង្កាត់ស្ទឹងមានជ័យទីពីរ ខណ្ឌមានជ័យ រាជភ្នំពេញ លោក ទូច សំអុល មានប្រសាសន៍ថា ដើម្បីលុបបំបាត់ជម្រកមូសខ្លាក្នុងសង្កាត់របស់លោកនៅរដូវវស្សានេះ អាជ្ញាធរបានចុះបាញ់ថ្នាំមូសតាមវត្ត អារាម សាលារៀន ប្រព័ន្ធលូ ប្រឡាយទឹក និងតំបន់ផ្ទះ ឬដីទុកចោល រួមទាំងដាក់ថ្នាំអាបេតតាមផ្ទះនីមួយៗផងដែរ។

លោកបានថ្លែងថា៖ «កន្លងមកយើងបានចុះបាញ់ថ្នាំតាមតំបន់ផ្ទះទុកចោល ដីទំនេរ ហើយថ្ងៃនេះ យើងបានចុះដាក់ថ្នាំអាបេតតាមផ្ទះ តាមភូមិនីមួយៗ។ យើងបាញ់ថ្នាំបាន ៣ ទៅ ៤ ដងហើយ គឺបាញ់ថ្នាំមូសតាមជម្រកមូស ដូចជាទីលានចាក់សំរាម តាមបណ្ដោយលូ ប្រឡាយស្ទឹងមានជ័យ និងតាមតំបន់ដែលមានព្រៃស្តុកៗ ដោយបានបាញ់គ្របដណ្តប់គ្រប់ភូមិ»។

ប្រជាពលរដ្ឋរស់នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក អុន រ៉ាវុធ អាយុ ៣៥ ឆ្នាំ រៀបរាប់ថា រាល់ថ្ងៃលោកមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះជំងឺគ្រុនឈាម បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការផ្ទុះជំងឺនេះតាមរយៈការចុះផ្សាយលើបណ្ដាញសង្គម។

យ៉ាងណាក្តី លោកថា នៅជុំវិញផ្ទះ និងភូមិរបស់លោកត្រូវបានរៀបចំសម្អាតស្អាតបាត ដោយមិនអនុញ្ញាតឱ្យមានកន្លែងដក់ទឹកនោះទេ។ ទោះជាបែបនេះក្ដី លោក រ៉ាវុធ ស្នើឱ្យអាជ្ញាធរបោសសម្អាត និងកាប់ឆ្ការស្មៅនៅតាមទីសាធារណៈ និងសាលារៀនបន្ថែមទៀត។

លោកនិយាយថា៖ «បើអាចស្នើបាន ខ្ញុំចង់ឱ្យគាត់រៀបចំកន្លែងទីប្រជុំជន សាលារៀនអីហ្នឹង គឺរៀបចំបោសសម្អាត កាប់ស្មៅ កាប់អីនៅតាមទីសាធារណៈឱ្យបានស្អាត»។

រីឯនាយកវិទ្យាល័យជាស៊ីសាមគ្គី លោក ផាន់ ណិល មានប្រសាសន៍ថា លោកបានណែនាំឱ្យសិស្សានុសិស្សរួមគ្នាសម្អាតបន្ទប់រៀន និងបំផ្លាញចោលរាល់សំបកកង់ឡានដែលអាចដក់ទឹកបាននៅក្នុងបរិវេណសាលា អំឡុងពេលរដូវវស្សានេះ។

បន្ថែមពីលើនេះ លោកស្នើឱ្យក្រសួងសុខាភិបាល ចុះមកបាញ់ថ្នាំមូសនៅតាមសាលារៀន យ៉ាងហោចណាស់ឱ្យបានម្ដង ឬពីរដងក្នុងមួយខែ ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ដើម្បីកម្ចាត់ជម្រកមូសខ្លាឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់សំណូមពរខាងក្រសួងសុខាភិបាល បើសិនជាគាត់មានថ្នាំបាញ់មូស ជួយដើរបាញ់ ១ ខែ ឬ ២ ខែម្ដង នៅក្នុងសាលា តាមសាលាធំៗ។ ដូចខ្ញុំ ខ្ញុំកំពុងតែព្រួយបារម្ភខ្លាំងណាស់នៅរដូវគ្រុនឈាមនេះ។ ចំពោះសាលាខ្ញុំ រាល់ថ្ងៃខ្ញុំបានណែនាំឱ្យសម្អាតនៅក្នុងថ្នាក់រៀន មិនឱ្យមានរបស់របរដក់ទឹកទេ ត្រូវយកចេញទាំងអស់ និងបោសជូតជាប្រចាំ»។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ ម៉ឺនករណី ហើយក្នុងចំណោមនោះមាន ៦៤ ករណីបានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឡូ វាសនាគិរី ដែលបានលើកឡើងក្នុង «សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3170}" data-page="1" data-max-pages="1" data-start="1" data-end="1">