តុលាការកំពូលគ្រោងនឹងប្រកាសសាលដីការលើបណ្ដឹងសុំស្រូបទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីតុលាការបានបើកសវានាការនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
សហមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោកមេធាវី ឯម ចន្ថា បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចេញពីតុលាការថា លោកបានស្នើសុំតុលាការស្រូបទោសនៃសំណុំរឿងទាំងពីររបស់លោក ថាច់ សេដ្ឋា បូកបញ្ចូលគ្នា ដោយសំណុំរឿងទីមួយជាប់ទោសក្នុងពន្ធនាគារ ១ឆ្នាំ៦ខែ ដែលលោកបានអនុវត្តចប់សព្វគ្រប់ និងសំណុំរឿងទីពីរជាប់ទោសក្នុងពន្ធនាគារ៣ឆ្នាំ ហើយដែលលោក សេដ្ឋា កំពុងអនុវត្តទោស។
លោកថា៖ «ជាហេតុផលដែលយើងលើកឡើងគឺទី១វាពាក់ព័ន្ធទៅនឹងសុខភាពរបស់គាត់។ ទី២ពាក់ព័ន្ធនឹងការអនុវត្តន៍ទោសបានច្រើនហើយ ជាពិសេសទៅទៀតហ្នឹងគឺច្បាប់បានអនុញ្ញាតឱ្យមានការប្ដឹងស្រូបទោសមកតុលាការចុងក្រោយ នៅតុលាការកំពូលនេះ»។
លោកមេធាវី ឯម ចន្ថា ប្រាប់ថាតុលាការកំពូលនឹងប្រកាសសាលដីការលើបណ្ដឹងសុំស្រូបទោសលោក ថាច់ សេដ្ឋា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ហើយលោកមេធាវីស្នើសុំតុលាការពិចារណាស្រូបទោសកូនក្ដីលោកដើម្បីឱ្យលោក ថាច់ សេដ្ឋា ឆាប់អនុវត្តទោសចប់សព្វគ្រប់នៅដើមឆ្នាំ២០២៦។
ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី បានប្រាប់ថា ការដែលអ្នកស្រីទៅតុលាការកំពូលនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីចូលរួមសវការលើករណីបណ្ដឹងសុំស្រូបទោសសា្វមីគាត់។
អ្នកស្រីថា៖ «ឡើងមកតុលាការមេធាវីដាក់សុំស្រូបទោសឱ្យបានចេញមកខាងក្រៅដើម្បីព្យាបាលសុខភាពដោយសារជំងឺគាត់គឺធ្វើទុក្ខម្ដងៗជំងឺប្រចាំកាយ ហើយនិងរ៉ឺស័រដាក់បេះដូង ហើយនិយាយរួមទៅគាត់ចាស់ផង»។
អ្នកស្រីស្នើសុំតុលាការកំពូលដោះលែងប្ដីគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យលោក ថាច់ សេដ្ឋា អាចព្យាបាលជំងឺវបេះដូង និងជំងឺប្រចាំកាយរបស់លោកមួយចំនួនទៀត។
អ្នកស្រី ថាច់ សុខបូរ៉ានី ៖ «សុំឱ្យតុលាការដោះលែងគាត់ទៅ មិនមែនតុលាការមិនដឹងទេថាគាត់ជំងឺបេះដូងដាក់រ៉ឺស័រហើយគាត់វ័យហ្នឹងហើយ មិនមែនតុលាការមិនដឹងទេ ដឹងតែគាត់នៅតែឃុំខ្លួនប្ដីខ្ញុំទុកទៀត[…]សង្ឃឹមថាតុលាការដោះលែងប្ដីខ្ញុំចុះ សង្ឃឹមទុកមុនអ៊ីចឹងហ្មង»។
ចំណែកឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានប្រាប់ថា លោកថាច់ សេដ្ឋា បានដាក់បណ្តឹងទៅតុលាការកំពូលស្នើឱ្យស្រូបទោសចុងក្រោយតែ៣ឆ្នាំរវាងរឿងល្តីទាំង២របស់លោក។
លោក សុធារ៉ាយុត្តិ ថា បើសិនជាតុលាការសម្រេចឱ្យស្រូបទោសនោះ លោក ថាច់ សេដ្ឋា នឹងត្រូវអនុវត្តទោសតែ៣ឆ្នាំក្នុងពន្ធនាគារ ហើយនឹងត្រូវរួចទោសនៅដើមឆ្នាំ២០២៦។
លោកថា៖ «យើងយល់ថាតុលាការ គួរពិចារណាលើបណ្តឹងស្រូបទោសរបស់លោក ថាច់ សេដ្ឋា និងឱ្យគាត់អនុវត្តទោសតែ៣ឆ្នាំ ដោយសារតែគាត់មានវ័យ៧២ឆ្នាំ និងមានជំងឺជាប់ខ្លួនត្រូវព្យាបាលជាចាំបាច់។ ដូច្នេះស្នើដល់តុលាការទទួលយកការស្នើសុំ និងអនុញ្ញាតឱ្យអនុវត្តទោសស្រូប ដើម្បីគាត់មានសេរីភាពជួបជុំគ្រួសារ និងបានទទួលការព្យាបាលជំងឺរបស់គាត់»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត ថាសាលដីការនៅតុលាការកំពូលដែលកាត់ទោសលោក ថាច់ សេដ្ឋា គឺថាមាន២សំណុំរឿង ត្រូវបានចូលជាធរមាន ឬជាស្ថាពរទាំងអស់ ហើយការចោទប្រកាន់នោះទំនងជាក្នុងអង្គហេតុតែមួយ គ្រាន់តែបំបែកសំណុំរឿងជាពីរ។
លោកថា៖ «ហើយការចាប់ឃុំខ្លួនគាត់គឺពេលតែមួយហើយបំបែកសំណុំរឿងនៅពេលដែលគាត់មិនទាន់អនុវត្តទោសចប់។ អ៊ីចឹងមានន័យថាការចោទប្រកាន់គាត់នេះវាហាក់ដូចជានៅក្នុងអង្គហេតុតែមួយ ពេលតែមួយ គ្រាន់តែគេបំបែកសំណុំរឿង អ៊ីចឹងហើយបានជាមេធាវីគាត់សិក្សាអំពីផ្លូវច្បាប់ គាត់យល់ថាមាត្រា១៣៨ហ្នឹងគឺមានសិទ្ធិប្ដឹងស្រូបទោស»។
លោកបន្ថែម៖ «អ្វីដែលយើងមើលឃើញតាំងពីការចាប់ខ្លួន ឃុំខ្លួនគាត់រហូតមកដល់ពេលនេះវាជារឿងធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយ មានហេតុផល បង្កើតហេតុផលដើម្បីដាក់ទោសទណ្ឌគាត់ដោយចេះតែអូសបន្លាយឱ្យគាត់នៅក្នុងពន្ធនាគារដោយមិនអាចចេញមកចូលរួមនយោបាយបាន»។
ករណីនេះលោក យី សុខសាន្ត ស្នើសុំតុលាការពិចារណាដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យលោករួមចំណែកកសាងប្រទេសជាតិ និងគួរតែផ្សះផ្សាជាតិ។
លោក ថាច់ សេដ្ឋា ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ លោកក៏ត្រូវបានសាលក្រមមួយទៀតផ្តន្ទាទោសលោកដាក់ពន្ធនាគារចំនួន៣ឆ្នាំ មួយខែ ពីបទ «ញុះញង់បង្កឱ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់បង្កឱ្យមានការរើសអើងជាតិសាសន៍»៕







