អតីតអ្នកទោស ចំនួន ៣ រូប រួមមានសកម្មជនសង្គម លោក ថែល ធីលេន និងអតីតមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិ លោក ហេង ច័ន្ទសុទ្ធី និងលោក កាក់ កុម្ភារ បានប្រកាសចូលរួមគាំទ្រគណបក្សកម្លាំងជាតិ ក្រោយពីពួកគេអនុវត្តទោសរួចរាល់ និងទទួលបានសេរីភាពឡើងវិញ។ ពួកគេអះអាងថា ការសម្រេចនេះត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៨។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់គណបក្សកម្លាំងជាតិ នៅទីស្នាក់ការបក្សកម្លាំងជាតិ នៅក្នុងខែមិថុនានេះ។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ លើកឡើងថា ទោះបីបានឆ្លងកាត់ការលំបាកក្នុងពន្ធនាគាររយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏លោកនៅតែរក្សាជំហរនយោបាយដដែល។
លោកថ្លែងថា៖ «ដោយសារខ្ញុំចង់ឃើញប្រទេសខ្មែរយើងមានយុត្តិធម៌សង្គមពិតប្រាកដ ចង់ឃើញប្រទេសខ្មែរយើងមានយុត្តិធម៌សង្គមពិតប្រាកដចង់ឃើញ ប្រជាពលរដ្ឋយើងមានសិទ្ធិសេរីភាពពិតប្រាកដចង់ឃើញប្រជាពលរដ្ឋយើងមានប្រជាធិបតេយ្យពិតប្រាកដ ។ ដូច្នេះទោះខ្ញុំមានការលំបាកយ៉ាងណា ទោះជាមានបញ្ហាយ៉ាងណា ខ្ញុំនៅតែមិនប្តូរជំហររបស់ខ្ញុំជាដាច់ខាត។ »
លោកបន្តថា ពន្ធនាគារមិនមែនជាកន្លែងងាយស្រួលរស់នៅនោះទេ ប៉ុន្តែការលំបាកទាំងនោះមិនអាចធ្វើឱ្យលោកបោះបង់គោលជំហររបស់ខ្លួនបានឡើយ។
លោកលើកឡើងថា៖«ដូច្នេះហើយ ខ្ញុំ កាក់ កុម្ភារ សូមប្រកាសជាឱឡារិក ខ្ញុំនឹងចូលរួមគណបក្សកម្លាំងជាតិចាប់ពីថ្ងៃនេះតទៅ»។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ហេង ច័ន្ទសុទ្ធី ដែលទើបចេញពីពន្ធនាគារក្នុងខែមិថុនាដែរនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកសម្រេចចិត្តចូលរួមជាមួយគណបក្សកម្លាំងជាតិ ដោយសារជឿជាក់លើទិសដៅនយោបាយរបស់គណបក្សនេះ។
លោកថ្លែងថា៖«ខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សកម្លាំងជាតិ ដោយខ្ញុំមើលឃើញថាមានគណបក្សកម្លាំងជាតិមួយទេ ដែលអាចជួយស្រោចស្រង់ប្រទេសជាតិយើងទៅថ្ងៃអនាគតបាន»។
យោងតាមលីការដូបានកត់ត្រាថា លោក កាក់ កុម្ភារ និងលោក ហេង ច័ន្ទសុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៦ ឆ្នាំ កាលខែមិថុនា ឆ្នាំ២០២២ លោកតាំងពីបានចោទបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «រួមគំនិតក្បត់» តាមមាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
អ្នកទាំងពីរស្ថិតក្នុងចំណោមអតីតថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាង ៥០ រូប ដែលត្រូវបានផ្តន្ទាទោសក្នុងសំណុំរឿងពាក់ព័ន្ធនឹងការប៉ុនប៉ងវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៉ី កាលពីឆ្នាំ២០១៩។
ចំពោះសកម្មជនសង្គម លោក ថែល ធីលេន ត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីអនុវត្តទោសចប់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការរិះគន់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា–ឡាវ–វៀតណាម (CLV-DTA)។ លោកធ្លាប់ត្រូវបានចាប់ខ្លួនជាលើកទី២ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។
សកម្មជនសង្គម លោក ថែល ធីលេន ដែលទើបតែចេញពីពន្ធនាគារក្រោយអនុវត្តទោសពាក់ព័ន្ធ បានអះអាងថា កម្ពុជាគួរតែបើកលំហនយោបាយ និងគោរពសិទ្ធិពលរដ្ឋក្នុងការចូលរួមសកម្មភាពនយោបាយ។
លោកថ្លែងថា៖«ប្រទេសយើងមានធម្មនុញ្ញ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យដូច្នេះប្រទេសយើងគួរតែបើកលំហរនូវការចូលរួម មិនគួររឹតបណ្តឹងនូវការចូលរួមធ្វើនយោបាយរបស់ប្រជាពលរដ្ឋមហាជននោះទេ។»
ទោះបីធ្លាប់ជាប់ពន្ធនាគារពីរលើក និងចំណាយពេលសរុបប្រមាណ ៤៤ ខែនៅក្នុងពន្ធនាគារក៏ដោយ លោកថា មិនមានអ្វីធ្វើឱ្យលោកភ័យខ្លាចក្នុងការបន្តសកម្មភាពនយោបាយនោះទេ។
លោកលើកឡើងថា៖«គុណសម្បិត្ត ដែលខ្ញុំសម្រេចចិត្តគ្រាំទ្រនឹងជួយជ្រំជ្រែងគណបក្សកម្លាំងជាតិគឺទី១ គណបក្សកម្លាំងជាតិដែលមានភាពលេចធ្លោរសម្រាប់ការ ប្រកួតប្រជែងបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ឆ្នាំ ២០២៧ ២០២៨ »។
កាលពីដើមខែមិថុនាមុនពេលត្រូវតុលាការកំពូលកាត់ទោស លោក រ៉ុង ឈុន បានស្វាគមន៍ការសម្រេចចិត្តរបស់អតីតសកម្មជនទាំងបីរូប ដោយចាត់ទុកថា ពួកគេជាបុគ្គលដែលបានបង្ហាញភាពក្លាហាន និងការលះបង់ដើម្បីផលប្រយោជន៍ជាតិ។
លោកមានប្រសាសន៍ថា៖« គណបក្សកម្លាំងជាតិដើម្បីយើងប្រមូលផ្តុំ នូវកម្លាំងអ្នកប្រជាធិបតេយ្យ ត្រៀមប្រកួតប្រជែងនៅឆ្នាំ ២០២៧ -២០២៨ ហើយវត្តមានរបស់គាត់ យើងដឹងហើយថាគាត់ដែលជាអ្នកសកម្ម ក្នុងការរៀបចំ រចនាសម្ព័ន្ធ នៅតាមមូលដ្ឋានក្តី និងមានចំណែកនូវការគ្រាំទ្រ ការស្រឡាញ់ពីប្រជាពលរដ្ឋផងដែល»។
ឆ្លើយតបនឹងការចូលរួមរបស់អតីតសកម្មជនទាំងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានថ្លែងថា ការសម្រេចចិត្តចូលរួមជាមួយគណបក្សនយោបាយណាមួយ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស។លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនមានការព្រួយបារម្ភចំពោះការចូលរួមរបស់ពួកគេជាមួយគណបក្សកម្លាំងជាតិនោះទេ។
លោកថ្លែងថា៖«បើយើងគ្មានការព្រួយបារម្ភអីទេ សម្រាប់គណបក្សប្រជាជនពួកគាត់ចង់ចូលទៅណាចូលទៅជាសិទ្ធរបស់គាត់ហ្នឹងធ្វើនយោបាយ។ ប្រកួតប្រជែងគ្នាមកអត់អីទេ ឲ្យតែក្នុងន័យស្ថាបនាបណ្តាញ ប៉ុន្តែជៀសកុំព្យាយាមកុំឲ្យតែចេញមកផ្ដួលរំលំដោយខុសច្បាប់ខុសរដ្ឋធម្មនុញ្ញអាហ្នឹងបានបានវាយ៉ាប់»៕







