អាមេរិកគ្រោងផ្ដល់ជំនួយ៣០លានដុល្លារ និងចូលរួមដោយបដិភាគរាជរដ្ឋាភិបាលប្រមាណ ៥ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងលើកកម្ពស់សុខុមាលភាពប្រជាជនតាមរយៈការបង្ការការរីករាលដាលនៃជំងឺឆ្លង។
ការសម្រេចនេះធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ គឺនៅពេលទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងកិច្ចព្រមព្រៀងស្តីពីការចែករំលែកទិន្នន័យជាមួយ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
អនុស្សារណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងបន្ថែមនូវការតាមដាន និងការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺឆ្លង, បណ្តាញមន្ទីរពិសោធន៍ និងប្រព័ន្ធទិន្នន័យ ។ ក្រៅពីនេះ ក៏បានរួមបញ្ចូលការពង្រឹងប្រព័ន្ធជាតិ និងសមត្ថភាពស្ថាប័នដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ។
សេចក្តីប្រកាសរួមររវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់កម្មវិធីអាទិភាព សន្តិសុខសុខភាពសកល សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ រួមមាន ជំងឺអេដស៍, ជំងឺរបេង និងជំងឺគ្រុនចាញ់។
បន្ថែមពីលើនេះ កិច្ចព្រមព្រៀងចែករំលែកទិន្នន័យ បានបង្កើតនូវលក្ខខណ្ឌ ដើម្បីធានាថាទិន្នន័យសុខាភិបាលដែលត្រូវបានប្រមូល និងចែករំលែកក្រោមកិច្ចព្រមព្រៀងនឹងត្រូវបានគ្រប់គ្រងត្រឹមត្រូវ ដើម្បីធានាឯកជនភាព និងសុវត្ថិភាពទិន្នន័យ ។
លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទាំងនេះថា ជាសក្ខីភាពឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអស់រយៈពេលជាង ៣០ ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ។
សេចក្តីប្រកាសរួម អះអាងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ក៏នឹងរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់, ការបញ្ចប់ការគំរាមកំហែងដល់សុខភាពសាធារណៈដែលបង្កឡើងដោយជំងឺអេដស៍, ការកាត់បន្ថយអត្រាឈឺ និងអត្រាមរណៈដោយសារជំងឺរបេង ព្រមទាំងធានាឱ្យបាននូវការរកឃើញ និងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺផងដែរ៕







