ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ការដោះលែងលោក កឹម សុខា ដោយចាត់ទុកថាជាការវិវឌ្ឍវិជ្ជមានមួយសម្រាប់កម្ពុជានិង ជំរុញឱ្យរាជការខ្មែរបើកចំហរសេរីភាពជូនពលរដ្ឋ។នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
ស្ថានទូតអាមេរិកបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា សហរដ្ឋអាមេរិកតែងអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះលែងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងបានរក្សាជំហរថា ការផ្តន្ទាទោសលើលោក កឹម សុខា ដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋានឡើយ។ ស្ថានទូតក៏បានអំពាវនាវបន្ថែមឱ្យរដ្ឋាភិបាលកម្ពុជា ធានាសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា។
សេចក្តីថ្លែងការណ៍លើកឡើងបន្តថា៖ «ការដោះលែងលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយយើងបន្តលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ឱ្យធានាថា ពលរដ្ឋរបស់កម្ពុជាអាចអនុវត្តសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិបានដោយសេរី»។
ក្រៅពីសហរដ្ឋអាមេរិក បណ្តាស្ថានទូត និងប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ ដូចជា ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន និងបារាំងជាដើម ក៏បានស្វាគមន៍ការដោះលែងលោក កឹម សុខា ដោយចាត់ទុកថា ជាវិវឌ្ឍវិជ្ជមានសម្រាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ។
ដោយឡែក ស្ថានទូតកាណាដា ក៏បានចូលរួមអបអរសាទរចំពោះរឿងនេះ ហើយអំពាវនាវឱ្យមានការស្តារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់លោក កឹម សុខា ឱ្យបានពេញលេញឡើងវិញ។ កាណាដាក៏បានគាំទ្រដល់ការខិតខំបន្តលើកកម្ពស់ការចូលរួមផ្នែកនយោបាយ និងការបើកលំហសេរីភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ផងដែរ។
ការចេញសេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសទាំងនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់លោក កឹម សុខា។
ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន យ៉ែម ប៉ុញ្ញាឫទ្ធិ បានមានប្រសាសន៍ថា ក្រោយការលើកលែងទោសលោក កឹម សុខា មានសេចក្តីថ្លែងការណ៍ជាច្រើនពីគណបក្សនយោបាយ និងស្ថានទូតបរទេស ដែលបង្ហាញការអបអរសាទរ ប៉ុន្តែទន្ទឹមនឹងនោះ ក៏នៅតែចង់ឃើញអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានសិទ្ធិសេរីភាពពេញលេញ ជាពិសេសសិទ្ធិធ្វើនយោបាយ និងការធ្វើដំណើរដោយសេរី។
លោកលើកឡើងថា៖ «ដូច្នេះយើងយល់ឃើញថាលោកពុំមានកំហុសអីទេហើយក្ដីសង្ឃឹមរបស់យើងនៅតែសង្ឃឹមថាទស្សនៈសាមគ្គីជាតិការរួបរួមគ្នាជាធ្លុងមួយរវាងខ្មែរ និងខ្មែរ និងនាំមកនូវផលវិជ្ជមានដ៏ល្អប្រសើរជាទីបំផុត»។
លោកសង្ឃឹមថា ការវិវឌ្ឍនយោបាយនាពេលនេះ នឹងនាំឱ្យមានការផ្សះផ្សាជាតិ ការរួបរួមជាតិ និងការបើកលំហសិទ្ធិសេរីភាពប្រជាធិបតេយ្យបន្ថែមទៀត។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែកិច្ចការទាំងអស់នោះយើងយល់ឃើញថាមានតែដំណោះស្រាយរវាងខ្មែរនិងខ្មែរក្នុងការផ្សះផ្សាជាតិដើម្បីរកដំណោះស្រាយដ៏ល្អជូនដល់សង្គមជាតិមាតុភូមិរបស់យើងក៏ដូចជាជូនដល់លោកប្រធាន កឹម សុខា ផងដែរ»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់ថា ការចេញសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក គឺជាសិទ្ធិរបស់អាមេរិក ហើយរដ្ឋាភិបាលកម្ពុជាក៏បានមើលឃើញពីការសាទររបស់អាមេរិកចំពោះការដោះលែងលោក កឹម សុខា ផងដែរ។
លោកបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនមានអ្វីប៉ះពាល់នោះទេ ហើយរដ្ឋាភិបាលកម្ពុជានៅតែអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលចែងថាកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស និងធានាសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖«រដ្ឋាភិបាលរបស់យើងសម្រាប់សិទ្ធិបញ្ចេញមតិ សេរីភាពប្រជាធិបតេយ្យ គឺរដ្ឋាភិបាលបានអនុវត្តតាមរដ្ឋធម្មនុញ្ញយើងចែងពីប្រទេសរបស់យើងជាប្រទេសដែលអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានសរសេរសារនៅបណ្តាញសង្គមរបស់លោកផ្ទាល់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា ការចេញព្រះរាជក្រឹត្យលើកលេងទោស ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នេះ គឺជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។
មន្រ្តីអង្កេតជាន់ខ្ពស់នៃ សមាគមអាដហុក (ADHOC)លោក យី សុខសាន្ត បានលើកឡើងថា ការដោះលែងលោក កឹម សុខា គឺជារឿងត្រឹមត្រូវ ប្រសិនបើរដ្ឋាភិបាលពិតជាចង់បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិមែន។
ប៉ុន្តែលោកសង្កេតឃើញថា ការលើកលែងទោសនេះ គ្រាន់តែផ្តល់សេរីភាពឱ្យលោក កឹម សុខា នៅក្រៅពន្ធនាគារ ប៉ុន្តែមិនទាន់ស្តារសិទ្ធិនយោបាយ និងសិទ្ធិធ្វើដំណើរចេញក្រៅប្រទេសឡើយ។
លោកបន្តថា៖«ធម្មតាទេប្រជាធិបតេយ្យគេត្រូវតែគោរពសំឡេងមតិភាគច្រើនប៉ុន្តែក៏គេមិនចោលសំឡេងមតិភាគតិច។ ក្នុងនាមអង្គការសង្គមស៊ីវិលចង់ឃើញអ្នកនយោបាយក៏ដូចជាអ្នកដែលធ្វើការងារលើវិស័យសិទ្ធិមនុស្ស លើបរិស្ថាន និងសង្គម គឺត្រូវបានរដ្ឋាភិបាលដោះលែងឲ្យមានសេរីភាព»។
លោក កឹម សុខា អាយុ៧៣ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស ពាក់ព័ន្ធនឹងការចោទថាបានគប់គិតជាមួយសហរដ្ឋអាមេរិក ក្នុងគម្រោង «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ នៅឆ្នាំ២០២៣ តុលាការបានផ្តន្ទាទោសលោកដាក់ពន្ធនាគារ២៧ឆ្នាំ និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិត
សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានតម្កល់សាលក្រមនេះឱ្យនៅដដែល និងបន្ថែមការហាមឃាត់មិនឱ្យលោកចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ៕







